March 09, 2018
នៅថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជួបសំណេះសំណាលលជាមួយប្រជាពលរដ្ឋជាង  ១ម៉ឺននាក់ មកពីភូមិជីគរ សាមគ្គី ខ្នាចក្រសាំង ស្ទឹងពេញ ទួលថ្មី វាលកើត វាលលិច ស្វាយទិព្ទ ខ្ចុំកណ្តាល ខ្ចុំកើត ខ្ចុំលិច ជាងសារ រការឃ្នួចជើង រការឃ្នួចត្បូង ទួលកណ្តោលជើង ទួលកណ្តោលត្បូង កំរ៉ែង ចន្ទុំ និងភូមិស្លែង ឃុំជីគរ និងប្រជាពលរដ្ឋមកពីភូមិជប់១ ជប់ទី២  ជប់ក្រៅ វាលកណ្ដៀង ០៤ ០៥ ០៦ ១៤  ៣៦  ៤៦ ស្លាបក្ដោង ទួលទ្រាជើង ទួលទ្រាត្បូង ទួលសំបូរ អណ្ដូងល្វេរ និងភូមិច្រកចំបក់ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះជួបសំណេះសំណាលនោះ  ឯកឧត្តមទេសរដ្ឋមន្រ្តី ជា សុផារ៉ា បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជូនដល់ប្រជាពលរដ្ឋនៅក្នុងឃុំជីគរ និងឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលជានិច្ចកាលសម្ដចតែងតែងគិតគូពីសុខទុក្ខ ក្ដីកង្វល់ បញ្ហាប្រឈមនានា និងខិតខំរិះរកគ្រប់មធ្យោបាយ ដើម្បីធ្វើយ៉ាងណាឱ្យជីវភាពរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរឡើងបន្ថែមទៀត។ ទន្ទឹមនេះសម្ដេចបានខិតខំពុះពារគ្រប់ឧបសគ្គ ដើម្បីធ្វើការការពារសន្ដិភាព ស្ថេរភាពនយោបាយ និងមិនអនុញ្ញាតឱ្យសង្គ្រាមកើតឡើងដូចពីអតីកាលឡើយ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសង្គត់ធ្ងន់ថា បទពិសោធន៍ដ៏ជូរចត់ដែលជាតិ និងមាតុភូមិបានជួបប្រទះពីអតីតកាល គឺគ្រប់គ្រាន់សម្រាប់កម្ពុជា។ ជាក់ស្ដែងក្នុងរបបសង្គមរាស្រ្តនិយមក្រោមការដឹកនាំរបស់ សម្ដេចព្រះករុណា ព្រះនរោត្តមសីហនុ ព្រះបរមរតកោដ្ឋ ប្រទេសជាតិកំពុងមានសុខសន្ដិភាព និងរីកចំរើនលើគ្រប់វិស័យ ប៉ុន្តែដោយសារមានការញុះ   ញុងពីសហរដ្ឋអាមេរិក ឱ្យលោកសេនាប្រមុខ លន់ ណុល ធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គចេញពីបល្ល័ង្គ ធ្វើឱ្យប្រទេសជាតិធ្លាក់ក្នុងភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃ  និងបានបន្តមករបបដ៏ខ្មៅងងិតមួយទៀត គឺរបបកម្ពុជាប្រជាធិបតេយ្យ ដឹកនាំដោយ ប៉ុល ពត។ ក្នុងរបបនោះកុំថាឡើយការអភិវឌ្ឍន៍ រាល់សមិទ្ធផលនានា រួមមាន ហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពេទ្យ សាលារៀន ទីវត្តអារាមជាដើម ត្រូវបានបំផ្លិចបំផ្លាញស្ទើរគ្មានសល់។ ម្យ៉ាងទៀប្រជាជននៅទូទាំងប្រទេសត្រូវបង្ខំឱ្យធ្វើការហួសកម្លាំង ហូបចុកមិនគ្រប់គ្រាន់  ថែមទាំងបានសម្លាប់ប្រជាជនស្លូតត្រង់រាប់លាននាក់។  ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្ថែមទៀតថា ចាប់តាំងពីថ្ងៃរំដោះ        ៧ មករា ១៩៧៩ មកទល់បច្ចុប្បន្ននេះ  ប្រជាពលរដ្ឋនៅទូទាំងប្រទេសមានជំនឿជឿជាក់លើរាជរដ្ឋាភិបាលបានធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ជាប្រមុខកាន់តែមានទឹកចិត្តពុះពារឧបសគ្គគ្រប់បែបយ៉ាង ដើម្បីធ្វើយ៉ាងណាការពារសន្ដិភាព ស្ថេរភាពនយោបាយ និងមិនអនុញ្ញាតឱ្យបរទេស ឬ ជនអគតិណាមកបំផ្លាញសន្ដិភាព ស្ថេរភាពនយោបាយ និងសមិទ្ធិផលនានាដែលជាតិ និងប្រជាជនបានខិតខំប្រឹងកសាងតាំងពីបាតដៃទទេ រហូតដល់មានសមិទ្ធិផលគួរជាទីមោទនៈដូចសព្វថ្ងៃនេះឡើយ។ ទន្ទឹមនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានសំណូមពរឱ្យប្រជាពលរដ្ឋទាំងអស់កុំជឿតាមការញុះញុងរបស់ជនបរទេស ឬជនអគតិមួយចំនួន ដែលមានគំនិតចង់ធ្វើបដិវត្តន៍ ដែលអាចបណ្ដាលឱ្យប្រទេសជាតិធ្លាក់ក្នុងភ្នក់ភ្លើង   សង្គ្រាមដូចអតីតកាល។ ដូច្នេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ស្នើឱ្យប្រជាពលរដ្ឋទាំងអស់បន្តគាំទ្រ និងមានជំនឿជឿជាក់លើរាជរដ្ឋាភិបាលដែលមានសម្ដេចតេជោជាប្រមុខ ដើម្បីថែរក្សាការពារសន្ដិភាព ស្ថេរភាពនយោយ ការពារបូរណភាពទឹកដី និងបន្តអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត៕











 
ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
001159
ម្សិលមិញ :
002105
សរុប :
4515540
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា