November 14, 2018
ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ អនុញ្ញាត​ឱ្យ​លោកស្រី មុទិតា ចំរើន  តំណាង​ធនាគារ​ពិភពលោក ចូលជួប​សម្ដែង​ការគួរ និង​ពិភាក្សា​ការងារ​ស្ដីពី​ការអនុវត្ត​គម្រោង​បែងចែក​ដី​ដើម្បី​សង្គមកិច្ច និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជំហាន២ (LASED II) នៅ​ទីស្ដីការ​ក្រសួង ថ្ងៃពុធ ៧កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។


ក្នុងឱកាសនោះ ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានស​ម្ដែង​នូវការ​ស្វាគមន៍​ចំពោះ​គណៈ​ប្រតិភូធនាគារ​ពិភពលោក ដែល​​បាន​ចុះ​​វាយ​តម្លៃ​គម្រោង​បែងចែក​ដី​ដើម្បី​សង្គមកិច្ច និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជំហាន២។ ជាមួយគ្នានេះ ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី ក៏​បាន​ជម្រាប​ជូន​ពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការ​ចូលរួម​ចំណែក​ផ្តល់ដី​ដល់​ប្រជា​ពលរដ្ឋ​ក្រីក្រ​គ្មាន​ដី​ដើម្បី​កែលម្អ​ជីវភាព​របស់​ពួកគេ​ឱ្យបាន​ល្អប្រសើរ និង​រួមចំណែក​កាត់ន្ថយ​ភាពក្រីក្រ​ក្នុង​ប្រទេស​ផងដែរ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានផ្តល់​អនុសាសន៍​មួយចំនួន ជាពិសេស​គម្រោង​ត្រូវ​ផ្តោត​លើ​កិច្ចការពារ​ដី​សម្បទាន​សង្គមកិច្ច​ឱ្យបាន​គង់វង្ស ជៀសវាង​ការលក់ដី ឬដោះដូរ​ដី​ដែល​រាជរដ្ឋាភិបាល​បាន​ចែកជូន ធ្វើយ៉ាង​នេះ​សម្បទានិក​អាចទាញ​យកផល​កសិកម្ម​ពីដីផង និង​ទុក​ចែកជូន​ដល់កូនចៅ​ជំនាន់​ក្រោយ​មានដី​ធ្វើ​ស្រែចម្ការផង។ គម្រោងវ​​ត្រូវ​តែ​បង្កើតឱ្យ​មាន​នូវផ្សារ​ផលិតផល​ធម្មជាតិ ដើម្បី​ផ្តល់​ឱកាស​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន​មាន​ទីតាំង​គ្រប់គ្រាន់​សម្រាប់​លក់​ផលិតផល​របស់ខ្លួន តភ្ជាប់​ពីកសិដ្ឋាន​ទៅ​ផ្សារសហគមន៍ និង​នាំ​ដល់​តម្រូវការ​នៅផ្សារ​ក្នុង​តំបន់ផងដែរ។ ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី ក៏​បានស្នើសុំ​ឱ្យ​មាន​ការគាំទ្រ​បន្ត​ទៀត​ពី​សំណាក់​ធនាគារ​ពិភពលោក ក្នុង​ការ​ពង្រីក​គម្រោង​បែបនេះ​ទៅទីតាំង​ផ្សេងទៀត​ដែល​សំបូរ​ទៅដោយ​ប្រជាពលរដ្ឋ​ក្រីក្រ​គ្មានដី។


ជាការ​ឆ្លើយតប លោកស្រី មុទិតា ចំរើន បានវាយ​តម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់​ដឹកនាំ​​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ ដែល​បាន​អនុវត្ត​គម្រោង​នេះ​សម្រេច​បានលទ្ធផល​ដ៏​ត្រចះត្រចង់ និង​ជាគម្រោង​មួយ​ដែល​អាចជា​គម្រូ​សម្រាប់​គម្រោង​ដទៃទៀត ដោយ​លទ្ធផល​របស់​គម្រោង​ឆ្លើយតប​ទៅ​នឹងយុទ្ធសាស្រ្ត​ចតុកោណ​របស់រាជរដ្ឋាភិបាល។ សម្បទានិក​ភាគច្រើន​ទទួលបាន​នូវជីវភាព​ធូរធា ក្រោយ​ពី​ទទួលបានដី កសិកម្ម និងដីលំនៅឋាន និង​កិច្ចអន្តរាគមន៍​ផ្សេងៗទៀត​ពីរាជរដ្ឋាភិបាល ដើម្បី​ជួយទ្រទ្រង់​ជីវភាព ជាពិសេស​ការប្រើប្រាស់​ដីចំទិសដៅ​សម្រាប់​ផលិតផល​កសិកម្ម។ ជាមួយគ្នានេះ លោកស្រី​ក៏បាន​កោតសរសើរ​ចំពោះ​ការដឹកនាំ​របស់​ក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់ និង​ក្រសួង​ពាក់ព័ន្ធ​ផ្សេងទៀត ហើយ​លោកស្រី​បានសន្យា​ថា​នឹង​បន្តការ​គាំទ្រ​គម្រោង​នេះ​បន្ថែម​ទៀត ដើម្បី​រួមចំណែក​ក្នុងការ​ធ្វើឱ្យ ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋក្រីក្រទូទាំងប្រទេស កាន់តែ​ប្រសើរ​ឡើង​ថែមទៀត។


សូមបញ្ជាក់ថា ចាប់​ពីពេល​ចាប់ផ្ដើម​មក​ដល់​បច្ចុប្បន្ននេះ គម្រោង​បែងចែក​ដី​ដើម្បី​សង្គមកិច្ច និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជំហាន២ (LASED II) បាន​ផ្ដល់​ប័ណ្ណកម្មសិទ្ធិ​ជូនសម្បទាននិក​បាន​ចំនួន ១៦៩៥គ្រួសារ ក្នុង​ចំណោម​សម្បទានិក​ចំនួន ៤១៤៣គ្រួសារ៕









ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
001917
ម្សិលមិញ :
005764
សរុប :
4710483
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា