March 06, 2020
នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងភាព ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីក្នងកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យវឌ្ឍនភាពនៃការចុះបញ្ជីដី និងពង្រឹងការគ្រប់គ្រងសំណង់។ ក្នុងកិច្ចប្រជុំនេះឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា មានប្រសាសន៍ថាការជួបជុំគ្នានាពេលនេះ គឺក្នុងគោលបំណង ដើម្បីប្រជុំត្រួតពិនិត្យនូវផែនការរបស់ក្រសួង ដែលបានអនុវត្តពាក់ព័ន្ធនឹងការងារសំណង់ និងសុរិយោដី ក៏ដូចជាការរៀបចំនូវទិសដៅសម្រាប់ឈានទៅរកការអនុវត្តដោយស្មារតីនៃសន្និបាតរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហើយកិច្ចប្រជុំនាពេលនេះ ក៏ជាឱកាសដើម្បីប្រកាសតែងតាំងមន្រ្តីរាជការរបស់ក្រសួង និងនៅតាមបណ្តាមន្ទីរក្នុងខេត្តផងដែរ។ ចំពោះការអនុវត្តនូវស្មារតីនៃសន្និបាតរបស់ក្រសួងក្នុងឆ្នាំ២០១៩ និងទិសដៅឆ្នាំ២០២០ ជាធម្មតាកិច្ចការនេះត្រូវបានរដ្ឋលេខាធិការទទួលការងារប្រចាំការជាអ្នកធ្វើការតាមដានត្រួតពិនិត្យនូវបណ្តាសកម្មភាពទាំងឡាយណា ដែលប្រធានស្ថាប័ន ក៏ដូចជាស្មារតីនៃការដឹកនាំរបស់ក្រសួងបានដាក់ចេញ ពេលនេះយើងប្រគល់ភារកិច្ចក្នុងការអនុវត្តស្មារតីនៃសន្និបាតនេះជូនទៅតាមបណ្តាអគ្គនាយកទាំងអស់ ដើម្បីប្រជុំពិភាក្សា និងដាក់ទិសដៅអនុវត្តឱ្យមានប្រសិទ្ធភាព និងជាក់ស្តែងបំផុត។ ជាមួយនេះអគ្គនាយកត្រូវធ្វើការសម្របសម្រួលជាមួយរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការទទួលផែន ហើយក៏សូមឱ្យមានការចូលរួមពីទីប្រឹក្សាក្រសួង ស្របតាមការបែងចែកភារកិច្ច។ នៅពេលដែលយើងបានលំអិតអំពីកិច្ចការលើកទិសដៅ និងបញ្ហាប្រឈមហើយនោះ ចំណុចទាំងអស់នេះគឺពាក់ព័ន្ធជាមួយបណ្តាមន្ទីររាជធានី ខេត្ត ដែលឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានស្នើឱ្យមានការពិភាក្សាសម្របសម្រួលដឹកនាំអនុវត្ត ហើយតាមដានកិច្ចការនេះស្របទៅតាមស្មារតីរបស់ក្រសួង ដែលបានដាក់ចេញនៅក្នុងសន្និបាតប្រចាំឆ្នាំ។  ដោយសារការអនុវត្តគោលនយោបាយវិមជ្ឈការត្រូវបានមន្រ្តីថ្នាក់ក្រោមជាតិ ពិសេសខាងការិយាល័យភូមិបាល គឺបានផ្ទេរទៅដល់ថ្នាក់ខណ្ឌ និងស្រុកនោះ ដែលចំណុចនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានស្នើដល់មន្រ្តីទាំងអស់ឱ្យមានការនឹងនរចិត្ត ហើយចាត់ទុកថាខ្លួននៅតែអនុវត្តនូវកិច្ចការជំនាញរបស់ក្រសួងនៅថ្នាក់ជាតិប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវដដែល។ ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានជំរុញដល់មន្រ្តីជំនាញទាំងអស់ត្រូវពង្រឹងការអនុវត្តការងាររៀងៗខ្លួន ពាក់ព័ន្ធនឹងការងារសុរិយោដី និងសំណង់ និងការងារសំខាន់ៗដទៃទៀតស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត និងស្របតាមទិសដៅរបស់ក្រសួងដែលបានដាក់ចេញ ដើម្បីឱ្យការងារជំនាញទាំងនេះទទួលបានលទ្ធផលល្អប្រសើរ និងមានប្រសិទ្ធភាពក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ឆ្លើយតបបានតាមសេចក្តីត្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ៕










សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

អាជ្ញាប័ណ្ណវិស័យសំណង់
ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
000758
ម្សិលមិញ :
005981
សរុប :
6669867
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា