July 22, 2020
នាព្រឹកថ្ងៃពុធ ២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការសួង ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្តីពីអំពីការងារចុះបញ្ជីដីរដ្ឋ ដីឯកជនរបស់ប្រជាពលរដ្ឋ ដីសហគមន៍ជនជាតិដើមភាគតិច ការដោះស្រាយវិវាទដីធ្លី ការកាត់ឆ្វៀលដី និងការរៀបចំផែនការប្រើប្រាស់ដីខេត្តមណ្ឌលគិរី ក្នុងកិច្ចប្រជុំនេះដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន រួមនឹងមន្រ្តីជំនាញពាក់ព័ន្ធ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា មានប្រសាសន៍ថា ការរៀបចំកិច្ចប្រជុំអន្តរក្រសួងនាពេលនេះ ដើម្បីជជែកពិភាក្សាពីការងារចុះបញ្ជីដីរដ្ឋ ដីឯកជនរបស់ប្រជាពលរដ្ឋ ដីសហគមន៍ជនជាតិដើមភាគតិច ការដោះស្រាយវិវាទដីធ្លី ការកាត់ឆ្វៀលដី និងការរៀបចំផែនការប្រើប្រាស់ដី ក្នុងខេត្តមណ្ឌលគិរី។ តាមរយៈការជួបជុំគ្នាទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនាពេលនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានព្រមទាំងសហការី ដែលបានសហការ និងផ្តល់ការគាំទ្រទៅវិញទៅមកចំពោះទិសដៅ ស្ថានភាព និងសកម្មភាព ទទួលខុសត្រូវក្នុងការបំពេញភារកិច្ចស្របតាមជំនាញរៀងៗខ្លួនបានយ៉ាងល្អប្រសើរ។ គិតត្រឹមខែកក្កដា ឆ្នាំ២០២០ នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញបណ្ណកម្មសិទ្ធលើដីរដ្ឋបានចំនួន ២១១៨ បណ្ណ ស្មើនឹង  ៨៧ម៉ឺនហិកតា ក្នុងនោះដីសម្បទានសេដ្ឋកិច្ចមាន ២០១១ បណ្ណ ស្មើនឹង ៧៤ម៉ឺនហិកតា និងដីរដ្ឋផ្សេងៗទៀតបាន ១០៧បណ្ណស្មើនឹង ១៣ម៉ឺនហិកតា។ ដោយឡែកនៅខេត្តមណ្ឌលគិរី ក្រសួងបានចេញបណ្ណកម្មសិទ្ធិលើដីរដ្ឋបានចំនួន ១៦៧ បណ្ណ ទំហំប្រមាណ ១៥ម៉ឺនហិកតា។ មកទល់ខែកក្កដា ឆ្នាំ២០២០ ការងារចុះបញ្ជីដីធ្លីនៅខេត្តមណ្ឌលគិរី ទទួលបានលទ្ធផលដូចជា ៤៦ ភូមិ ត្រូវបានចុះបញ្ជីនិងចេញបណ្ណកម្មសិទ្ធិរួចរាល់ លើផ្ទៃដីទំហំ ១៩១ ០១៨ ហិកតា ស្មើនឹង ២៤ ២១៨ បណ្ណ ក្នុងនោះការចុះបញ្ជីដីជូនប្រជាពលរដ្ឋលើផ្ទៃដីទំហំប្រមាណ ៣៩ ២២៦ ហិកតា ស្មើនឹង២៣ ៧៥៥ បណ្ណ ចុះបញ្ជីដីរដ្ឋទំហំប្រមាណ ១៤៥ ៦៣៣ ហិកតា ស្មើនឹង ១៦៧ បណ្ណ ដីសហគមន៍ជនជាតិដើមភាគតិចចុះបញ្ជីបាន ៧សហគមន៍ លើផ្ទៃដីទំហំ ៦ ១៥៦ ហិកតាស្មើនឹង ២៧៨ បណ្ណ និងមាន ១០ ភូមិកំពុងដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ចំពោះដីសហគមន៍ជនជាតិដើមភាគតិចចំនួន ៦សហគមន៍ ដែលកំពុងដំណើរការ និងបានបញ្ចប់ការបិទផ្សាយជាសាធារណៈរួចរាល់​។ ការដោះស្រាយវិវាទដីធ្លីគឺដោះស្រាយបាន ២២ករណី និងកំពុងបន្តដោះស្រាយចំនួន ៣៨ ករណី​។ ក្រសួងបានបង្កើតគណៈកម្មការគាំទ្រការចុះបញ្ជីដីរដ្ឋ ដីឯកជនរបស់ប្រជាពលរដ្ឋ ដីសហគមន៍ជនជាតិដើមភាគតិច ដោះស្រាយវិវាទដីធ្លីនិងរៀបចំផែនការប្រើប្រាស់ដី នៅខេត្តមណ្ឌលគិរី ដែលមានសមាសភាពសរុប៣១៣ រូប ចែកចេញជា ៤ អនុគណៈកម្មការ និងក្រុមការងារចុះបញ្ជីដីមាន ១២ ក្រុមស្មើនឹង ២២៥ រូប​។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងអាជ្ញាធរខេត្តមណ្ឌលគិរី ចាត់ចែងពន្លឿនការងារចុះបញ្ជីដីរដ្ឋ ការដោះស្រាយវិវាទដីធ្លី និងការរៀបចំផែនការប្រើប្រាស់ដីនៅខេត្តមណ្ឌលគិរី។ គណៈកម្មការនេះនឹងចុះបំពេញការងារចាប់ពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២០ ដើម្បីជំរុញពន្លឿនការងារចុះបញ្ជីដីរដ្ឋ ដីឯកជនរបស់ប្រជាពលរដ្ឋ ដីសហគមន៍ជនជាតិដើមភាគតិច ការដោះស្រាយវិវាទដីធ្លី និងការរៀបចំផែនការប្រើប្រាស់ដីនៅខេត្តមណ្ឌលគិរី ដែលនៅសេសសល់ក្នុងភូមិទាំង ៤៦ ដែលបានចុះបញ្ជីរួច ភូមិចំនួន១០ ដែលកំពុងដំណើរការចុះបញ្ជី និងដំណើរការចុះបញ្ជីក្នុងភូមិចំនួន ៣៦ ផ្សេងទៀតផងដែរ៕    










សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

អាជ្ញាប័ណ្ណវិស័យសំណង់
ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
000050
ម្សិលមិញ :
003482
សរុប :
8518531
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា