October 28, 2020
នៅថ្ងៃពុធ ១២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតឱ្យ​លោកជំទាវ Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេស​គុយបា ចូលជួប​សម្ដែង​ការគួរសម​នៅទីស្ដីការក្រសួង។ ក្នុងជំនួបនេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានជម្រាប​ជូន​លោកជំទាវ​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសគុយបា អំពីបេសកកម្មរបស់ ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានដូចជា ការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ដែល​ផ្ដល់​នូវសុវត្ថិភាព​ដីធ្លី​ជូន​ម្ចាស់កម្មសិទ្ធិ ការគៀងគរ​វិនិយោគទុន​ក្នុង​វិស័យ​ដីធ្លី ការ​បង្កើន​ចំណូល​ពន្ធជូនរដ្ឋ និង​ការកាត់​បន្ថយ​ឈាន​ទៅដល់ការ​បញ្ចប់​បញ្ហាវិវាទ​ដីធ្លី​ទូទាំង​ប្រទេស ការរៀបចំ​ប្លង់គោល​ប្រើប្រាស់​ដីធ្លី​នៅតាម​បណ្ដា​រាជធានី​ ខេត្ត ឱ្យបានឆាប់​រហ័ស  ការគ្រប់គ្រង​វិស័យ​សំណង់ និង​ការថែ​រក្សា​តំបន់​ឆ្នេរ​ជាដើម។ ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើង​អំពី​ការខូចខាត និងផលប៉ះពាល់​ផ្សេងៗ​ដែល​បង្ក​ឡើង​ដោយ​សារ​គ្រោះទឹក​ជំនន់​មួយរយៈពេល​កន្លងមក​ថ្មីៗ នេះ ដែល​ក្រោម​ការ​យក​ចិត្ត​ទុកដាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយទឹកជំនន់​​បានទាន់​ពេលវេលា នោះ មក​ទល់ពេលនេះ​ស្ថានភាពគ្រោះ​ទឹកជំនន់​ក៏បាន​ធូរស្រាល​ឡើង​វិញ​ហើយ។ ឯកឧត្តម​បានយល់ស្រប​ថា​កន្លងមក​តាំងពីឆ្នាំ ១៩៧៩ កម្ពុជា ក៏តែងតែ​បានជួប​នូវផល​លំបាក​ជា​ច្រើន​ ក៏ប៉ុន្តែ​កម្ពុជា​ក៏ទទួល​បាន​ការលើក​ទឹកចិត្ត​ពីរដ្ឋាភិបាលប្រទេស​គុយបាដោយ​បានផ្ដល់​នូវជំនួយ​ផ្សេងៗ ​ជាពិសេស​ទាក់ទងនឹង​វិស័យ​សុខាភិបាល។     ទន្ទឹមនេះលោកជំទាវ Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញសមត្ថភាព​នៃប្រទេសគុយបា បាន​បង្ហាញ​អំពី​ការចូលរួម​រំលែក​ទុក្ខ​ពី​ប្រជាជន និង​រដ្ឋាភិបាល​គុយបា ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជាទាំង ៣៦ នាក់ ដែល​បានបាត់បង់​ជីវិត​ដោយសារគ្រោះទឹកជំនន់​នេះផងដែរ ហើយ​លោក​ជំទាវ​ជឿជាក់ថាស្ថានភាព​គ្រោះទឹកជំនន់​នាពេលនេះ បានធូរស្បើយ​ ហើយ​សង្ឃឹមថា​កម្ពុជា​នៅតែ​បន្ត​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចរីកចម្រើន​ទៅមុខ​បាន​ដោយ​រលូន​ជា​បន្តបន្ទាប់​ទៀត​ ជាពិសេស​លោកជំទាវ​ក៏​បាន​កោត​សរសើរ​ដល់​កម្ពុជាថា​ជា​ប្រទេស​គំរូ​មួយ​ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​ឆ្លង​រាតត្បាត​កូវីត១៩ ដែលកំពុង​រីករាលដាល​នៅតាម​បណ្ដា​ប្រទេស​នៅ​ពាស​ពេញ​ពិភពលោក​ផងដែរ។ លោកជំទាវ​ឯកអគ្គរដ្ឋទូត​បានឱ្យដឹងថា ការចូលជួប​សម្ដែង​ការគួរសម​នាពេលនេះ គឺ​ចំពេល​គម្រប់ខួប ១ឆ្នាំ ដែល​លោកជំទាវ​បានមកដល់​ប្រទេសកម្ពុជា​ក្នុងនាម​ជា​ឯកអគ្គរដ្ឋទូត​នេះ និង​បាន​សង្កេត​ឃើញថា​ការរៀបចំ​នគរូបនីយកម្ម នៅក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា គឺ​ពិតជា​មាន​ការអភិវឌ្ឍ​រីកចម្រើន​ជឿនលឿន​ធំ​អស្ចារ្យ​ខុស​ពីអ្វី​ដែលលោកជំទាវ​ធ្លាប់​បាន​ឮ​ពី​មុនមក។ ម្យ៉ាងទៀតឆ្នាំ២០២០ នេះ​ជា​ឆ្នាំ​នៃ​ខួប​គម្រប់៦០ ឆ្នាំ នៃ​ទំនាក់​ទំនង​ការទូត​រវាងកម្ពុជា​ និងគុយបា ដូច្នេះហើយ​ភាគី​គុយបា​នឹង​រៀបចំ​កម្មវិធី​ជាច្រើន​ទាក់ទិន​នឹង​កិច្ចសហ​ប្រតិបត្តិការរ​វាងកម្ពុជា និងគុយបា ដោយ​ក្នុង​នោះ​ស្ថានទូត​គុយបា​កំពុង​តែខិតខំ​រិះរក​មធ្យោបាយ ដើម្បី​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​នឹង​កម្ពុជា ហើយ​នឹង​ស្វះស្វែង​ជួបជាមួយ​បណ្ដា​ក្រសួង​ស្ថាប័ន​ នានា ដើម្បី​ធ្វើ​កិច្ចសហប្រតិបត្តិការ បន្ថែមទៀត ពីព្រោះ​កន្លងមក​គុយបា​ធ្លាប់​មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​សុខាភិបាល អប់រំ កីឡា វប្បធម៌​និង​កសិកម្ម​ប៉ុន្តែ​សង្ឃឹម​ថា​នឹង​មាន​វិស័យ​ផ្សេងៗ​ទៀត​ដែល​ស្ថានទូត​គុយបា អាចធ្វើសហប្រតិបត្តិការ​ជាមួយ​កម្ពុជាបាន។ ជាការឆ្លើយតប​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា​ សុផារ៉ា បានថ្លែងអំណរគុណ ដល់ប្រទេស​គុយបា ដែលបានផ្ដល់​នូវ​សច្ចភាព​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ១៩ ដែល​កម្ពុជា​ទទួល​បាន​ជោគជ័យ​ជាពិសេស​ គឺជោគជ័យលើ​ផ្នែកសេដ្ឋកិច្ច​ផងដែរ។ ឯកឧត្តម បានបញ្ជាក់ថា​ថ្វីដ្បិត​តែ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មិន​ធ្លាប់មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​គុយបា​កន្លង​មក​នោះ​ ក៏ពិត​មែន​ប៉ុន្តែ​ក្នុង​ឱកាសនេះ​ក្រសួង​ក៏​នឹង​ខិតខំ​រិះរក​មធ្យោបាយ ដើម្បី​ធ្វើកិច្ចសហប្រតិបត្តិការ​ជាមួយ​នឹង​ស្ថានទូត​គុយបា ផងដែរ៕




សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

អាជ្ញាប័ណ្ណវិស័យសំណង់
ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
000497
ម្សិលមិញ :
002836
សរុប :
8638653
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា