March 03, 2016
នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦ នៅអគ្គនាយកដ្ឋានពន្ធដារ បានបើកកិច្ចប្រជុំពិភាក្សារកនីតិវិធី និងដំណោះស្រាយទាក់ទងនឹងរយៈពេលផ្តល់សេវាសាធារណៈ លើការប្រមូលពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដោយសមាសភាពចូលរួមមាន៖ ភាគីពន្ធដារ មាន ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លោក ហេង សុខណាង អគ្គនាយករង លោក អោម ចន ប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធភាគីក្រសួង មាន លោក សេង ឡូត អគ្គនាយករងរដ្ឋបាល, លោក ឈី លាង អគ្គនាយករង់សុរិយោដី និងភូមិសាស្រ្ត, លោក សារិន វណ្ណា ប្រធានមន្ទីរ ដនសស រាជធានីភ្នំពេញ, អនុប្រធានមន្ទីរ ប្រធានការិយាល័យ ដនសភ.ខណ្ឌ និងមន្រ្តីមួយចំនួនទៀត ។ អង្គប្រជុំ បានបើកកិច្ចពិភាក្សាលើសំណើដែលមន្ទីរ ដ.ន.ស.ស. រាជធានីភ្នំពេញ បានស្នើឡើង ១). មន្ទីរស្នើសុំអគ្គនាយកដ្ឋានពន្ធដារ ជួយពន្លឿនការផ្តល់សេវាសាធារណៈ ជូនអ្នកបង់ពន្ធ ប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ព្រោះការអនុវត្តកន្លងមក មានការយឺតយូរ រហូត ០៤សប្តាហ៍យ៉ាងតិច ២). ការដោះស្រាយបញ្ហាកកស្ទះប័ណ្ណដីដែលចេញតាមរយៈការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ហើយមិនទាន់បង់ពន្ធប្រថាប់ត្រា ដោយមន្ទីរស្នើសុំទុករយៈពេល ០១ខែ ធ្វើការផ្សព្វផ្សាយដល់ម្ចាស់ដីសិន ៣). ចំពោះការប្រមូលពន្ធប្រថាប់ត្រាលើការផ្ទេរសិទ្ធិកាន់កាប់ដីមិនទាន់ចុះបញ្ជី មន្ទីរស្នើសុំឱ្យមានការផ្សព្វផ្សាយជាសាធារណៈសិន មុននឹងចាប់ផ្តើមអនុវត្ត និងស្នើសុំលើកលែងការបង់ពន្ធប្រថាប់ត្រាចំពោះការផ្ទេរសិទ្ធិដែលបានធ្វើរួចហើយ គិតត្រឹមថ្ងៃដែលនឹងកំណត់បញ្ចប់ការផ្សព្វ្ផផ្សាយ។ ជាលទ្ធផល អគ្គនាយកដ្ឋានពន្ធដារ បានឯកភាពដូចខាងក្រោម ៖ ១). អគ្គនាយកដ្ឋានពន្ធដារ បានឯកភាពក្នុងការពន្លឿនការផ្តល់សេវាសាធារណៈជូនអ្នកបង់ពន្ធប្រថាប់ត្រាឱ្យបានក្នុងរយៈពេលពី ០៤-០៨ថ្ងៃ នៃថ្ងៃធ្វើការតាមកាលកំណត់ដែលមានចែងក្នុងតារាងផ្តល់សេវាសាធារណៈរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកភាពឱ្យមន្ទីរ ដ.ន.ស.ស. រាជធានីភ្នំពេញ ជួយវាស់វែងផ្ទៃក្រឡាដី និងផ្ទៃសំណង់អគារដែលត្រូវគិតពន្ធឲ្យស្រេច និងភ្ជាប់មកជាមួយសំណុំឯកសារបង់ពន្ធប្រថាប់ត្រា ដើម្បីជួយពន្លឿនការបង់ពន្ធប្រថាប់ត្រានេះ ។ ២). អគ្គនាយកដ្ឋានពន្ធដារ ឯកភាពទុករយៈពេល ០២ខែ ជូនមន្ទីរ ដ.ន.ស.ស. រាជធានីភ្នំពេញ ក៏ដូចជាមន្ទីរ ដ.ន.ស.ស. ខេត្តទាំងអស់ សម្រាប់ធ្វើការផ្សព្វផ្សាយដល់ម្ចាស់ដីសិន មុននឹងចាប់ផ្តើមគិតរយៈពេល ០៦ខែ សម្រាប់ដោះស្រាយបញ្ចេញប័ណ្ណដីដែលកកស្ទះតាមរយៈការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធទាំងនោះ ។ ៣). អគ្គនាយកដ្ឋានពន្ធដារ នឹងធ្វើរបាយការណ៍ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សុំពិនិត្យ និងសម្រេច លើសំណើរបស់មន្ទីរ ដ.ន.ស.ស. រាជធានីភ្នំពេញ ដែលបានការស្នើសុំឱ្យមានការផ្សព្វផ្សាយជាសាធារណៈសិន មុននឹងចាប់ផ្តើមអនុវត្តការប្រមូលពន្ធប្រថាប់ត្រាលើការផ្ទេរសិទ្ធិកាន់កាប់ដីមិនទាន់ចុះបញ្ជី និងការស្នើសុំលើកលែងការបង់ពន្ធប្រថាប់ត្រា ចំពោះការផ្ទេរសិទ្ធិដែលបានធ្វើរួចហើយដល់ត្រឹមថ្ងៃបញ្ចប់ការផ្សព្វផ្សាយដែលនឹងកំណត់ ។ ជាមួយនេះ ចំពោះការអនុវត្តក្នុងក្របខ័ណ្ឌទូទាំងប្រទេសនូវការប្រមូលពន្ធប្រថាប់ត្រាលើការផ្ទេរសិទ្ធិកាន់កាប់ដីមិនទាន់ចុះបញ្ជីនេះ លោក សេង ឡូត បានស្នើឱ្យអគ្គនាយកដ្ឋានពន្ធដារបញ្ចូលក្នុងរបាយការណ៍ ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយស្នើសុំឱ្យមានការប្រជុំកម្រិតថ្នាក់ដឹកនាំរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង/ឬក្រសួងមហាផ្ទៃ ដើម្បីពិគ្រោះយោបល់ឲ្យបានម៉ត់ចត់ និងប្រមើលមើលពីផលប៉ះពាល់ដែលអាចកើតមានជាយថាហេតុ ។




សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
001403
ម្សិលមិញ :
002491
សរុប :
5568520
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា