September 07, 2016
នៅរសៀលថ្ងៃទី​០៩ ខែកញ្ញា គ.ស.២០១៦  ឯកឧត្តម ជា សុផារ៉ា ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតឲ្យ លោកស្រី Wan-Hea Lee តំណាង​ការិយា​ល័យ​ឧត្តម​ស្នង​ការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហ​ប្រជា​ជាតិ​ប្រចាំ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ចូល​ជួប​សម្តែង​ការ​គួរ​សម និង​ពិភាក្សា​ការ​ងារ ។ នៅក្នុងជំនួបនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បាន​ជម្រាប​អំពីការ​ងារ​អាទិភាព​របស់​ក្រសួង​ដែល​ទាក់ទង​នឹង​ការងារ​របស់​ការិយាល័យ​ឧត្តម​ស្នងការ​ទទួល​​​បន្ទុក​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហ​ប្រជាជាតិ​មាន​ជាអាទ៌៖ 1/. ការ​ចុះបញ្ជី​ដីធ្លី​ទូទាំង​ប្រទេស​សម្រេច​បាន ៤,៣ លានក្បាលដី ស្នើនឹង ៦២% នៃ​ចំនួនសរុបជាង ៧ លាន​ក្បាលដី ។ 2/.    ការ​ចុះ​បញ្ជីដីធ្លីជូនជនជាតិដើមភាគតិចបានចំនួន ១៣ សហគមន៍ និងខិតខំបន្ថែមឲ្យបាន ៤ សហគមន៍​ទៀត​នៅចុង​ឆ្នាំ ២០១៦ នេះ ។ការ​ដោះ​ស្រាយ​វិវាទ​ដីធ្លី​នៅ​ទូទាំង​ប្រទេស ដោយ​ឈរ​លើ​យន្តការដោះស្រាយ​វិវាទក្រៅប្រព័ន្ធ​តុលាការរបស់ក្រុមការងារចុះដោះស្រាយវិវាទដីធ្លីរបស់ក្រសួងដែលមានជំនាញ និងវិជ្ជាជីវៈច្បាស់លាស់ចុះស្រាវជ្រាវនិងជួបជាមួយភាគីវិវាទផ្ទាល់នៅតាមបណ្តារាជធានី-ខេត្ត ។
ទាក់ទង​នឹង​ក្រុម​ការងារ​សម្រប​សម្រួល​ដោយ GIZ ចំណុះ​ដោយ​ដៃគូ​អភិវឌ្ឍន៍ និង​សហការ​ជាមួយ​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និងសំណង់ ដែលត្រូវបាន GIZ ដកខ្លួនចេញ លោកស្រី Wan-Hea Lee ស្នើសុំឲ្យមានការកែសម្រួលសមាសភាពក្រុមការងារនេះដើម្បីឲ្យមានការចូលរួមបន្ថែមទៀតពីដៃគូអភិវឌ្ឍន៍នានា និង​អនុញ្ញាត​ឲ្យ​ការិយាល័យ​ឧត្តម​ស្នងការ​​​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៃអង្គការ​សហប្រជាជាតិជាអ្នកសម្របសម្រួលបន្តពី GIZ
ជាការ​ឆ្លើយតប ឯកឧត្តម​ទេសរដ្ឋមន្ត្រី បានយល់ព្រមទៅនឹងសំណូមពរនេះ និងបានស្នើឲ្យលោកស្រី Wan-Hea Lee សហការជាមួយ​ដៃគូអភិវឌ្ឍន៍ និង NGOs ដទៃ​ទៀត ដើម្បីរៀបចំ​សេចក្តីព្រាងសមាសភាព​ក្រុមការងារ​និង​ខ្លឹមសារនៃ​ការអនុវត្តជូនមក​ក្រសួងដើម្បីធ្វើការ​ត្រួត​ពិនិត្យ និង​ស្នើ​សុំគោលការណ៍​របស់ សម្តេច​តេជោ​នាយករដ្ឋមន្ត្រីឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​បន្តទៀត​ថា​រាជ​រដ្ឋាភិបាល​កម្ពុជា​មាន​គោលការណ៍​ឲ្យ​ក្រសួង​ស្ថាប័ន​ជួបប្រជុំ​ជាមួយ​អង្គការ​ក្រៅរដ្ឋាភិបាល​ពាក់ព័ន្ធ​រាល់ ៣ ខែម្តង​ដើម្បី​សហការ​អនុវត្ត​ការងារ​ឲ្យកាន់​តែមាន​ប្រសិទ្ធភាព ហើយ​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់​ផ្ទាល់​តែងតែ​បើក​ចំហ​នូវ​កិច្​ចសហការ​ផ្លូវការ​ជាមួយដៃគូ​អភិវឌ្ឍន៍ និង​អង្គការសង្គមស៊ីវិលនានា ពិសេសលើការដោះស្រាយវិវាទដីធ្លីនេះ ។ ក្រៅពីនេះ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី មានផែនការជំហានបន្ទាប់ពីការចុះបញ្ជីដីធ្លីទូទាំងប្រទេស គឺការ​អភិវឌ្ឍ​ចម្រុះ​នៅតាម​តំបន់​សហគមន៍​នីមួយៗ​ដែល​រួម​បញ្ចូល​ទាំង​បង្តើត​ប្រព័ន្ធ​ទឹក ហេដ្ឋា​រចនា​សម្ព័ន្ធ ការ​បង្កើត​សាលា​រៀន មណ្ឌល​សុខភាព អនាម័យ ការបង្ក​លក្ខណៈ​សម្រាប់​វិស័យ​ទេសចរណ៍ និង​ការ​អភិរក្ស​សហគមន៍​ជាដើម​ ។ លើស​ពីនេះ​ ក្រសួង​ក៏​មាន​ផែន​ការ​កសាង​ប្រព័ន្ធចុះ​បញ្ជី​តាមប្រព័ន្ធអ៊ីនធឺណេតផងដែរ បន្ទាប់​ពី​ការងារ​អាទិភាព​ក្នុងការ​រៀបចំ​ប្រព័ន្ធ​ចុះបញ្ចី​ដីធ្លី​នៅទូទាំង​ប្រទេស​ជា​ជំហានៗ ដែល​កំពុង​ត្រូវការ​ជំនួយ​ហិរញ្ញវត្ថុផងដែរ ។
ជាមួយគ្នា​នេះ​ផងដែរ​ឆ្លើយ​តប​នឹង​ករណី​វិវាទ​ដីធ្លី​ដែល​ការិយាល័យ​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៃអង្គការ​សហ​ប្រជាជាតិ​កំពុង​ជួយ​សម្រប​សម្រួល​ដោះស្រាយ ក្រសួងនឹងសហការដើម្បីជួយដោះស្រាយវិវាទនេះឲ្យបានឆាប់រហ័ស ។ លោកស្រី Wan-Hea Lee បាន​សម្តែង​នូ​វសេចក្តី​សប្បាយ​រីករាយ​ដែល ឯកឧត្តមទេសរដ្ឋមន្ត្រី បាន​បង្ហាញ​ជំហរ​និង​ឆន្ទៈ​ដ៏មុះមុត​ដោះស្រាយ​វិវាទ​ដីធ្លី​នៅ​ទូទាំង​​ប្រទេស​និង​មាន​សន្ទុះ​គួរ​ឲ្យ​កត់សំគាល់ ។ លោកស្រី​ជឿជាក់ថា​បន្ត​ទៅមុខទៀត កិច្ចសហការ​រវាង​ក្រុមការងារ​បច្ចេកទេស​របស់ដៃគូ​អភិវឌ្ឍន៍ និង​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ នឹង​ដំណើរ​ការ​ដោយ​រលូន​និង​ជោគជ័យ ដែល​ឆ្លើយតប​ទៅនឹង​តម្រូវ​ការ​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា រួមទាំង​ដៃគូ​អភិវឌ្ឍន៍​ផងដែរ ។
ចុងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បាន​ជូនពរ​ដល់ លោកស្រី និង​សហការី​ទាំងអស់​នៃការិយាល័យ​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៃអង្គការ​សហ​ប្រជាជាតិ​ប្រចាំ​ព្រះរាជា​ណាចក្រ​កម្ពុជា ទទួល​បានជោគជ័យ​ក្នុង​បេសកកម្ម​ការងារ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា ៕
សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

អាជ្ញាប័ណ្ណវិស័យសំណង់
ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
001873
ម្សិលមិញ :
002689
សរុប :
6438281
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា