September 12, 2016
រសៀល​ថ្ងៃចន្ទ ១១កើត ខែភទ្របទ ឆ្នាំវក ព.ស.២៥៦០ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា គ.ស.២០១៦ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតឲ្យ ឯកឧត្តម Yuji KUMAMARU ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​ព្រះរាជា​ណាចក្រ​កម្ពុជា​ចូលជួប​សំដែង​ការ​គួរសមនិងជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិ ។
នៅក្នុង​ជំនួប​នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា បាន​ថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន ដែល​តែង​តែ​ផ្តល់​នូវ​កិច្ច​សហ​ប្រតិបត្តិការ​ល្អ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​កន្លងមក និង​បាន​ជួយ​កៀរ​គរ​វិនិយោគ​ទុន​ជប៉ុន​មក​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន​ឡើង ដែល​អាច​ចូល​រួម​ក្នុង​ការ​ជួយ​លើក​កម្ពស់​ជីវភាព​របស់​ប្រជាជន​កម្ពុជា​មួយ​ចំណែក​ធំផង​ដែរ ។ លើស​ពី​នេះ ក្រុមហ៊ុន​ជើង​ហោះហើរ ANA របស់​ជប៉ុន​ដែល​បាន​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​កាល​ពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០១៦ កន្លង​ទៅ​ថ្មីៗ​នេះ នឹង​បង្ក​លក្ខណៈ​កាន់​តែ​ខ្លាំង​ក្នុងការ​រឹតបន្តឹង​ចំណង​មិត្តភាព​រវាង​កម្ពុជា​-​ជប៉ុន ទាំង​ទំនាក់​ទំនងការទូត​និង​វិស័យ​ឯកជន កាន់តែល្អ​ប្រសើរ​ជាងមុន ។ ជាការ​ឆ្លើយតប ឯកឧត្តម​ឯកអគ្គ​រាជទូត មាន​ប្រសាសន៍ថា​ក្នុង​អាណត្តិ​បេសកកម្ម​ការទូត​រយៈ​ពេល ៣ឆ្នាំ ២ខែ​នេះ ឯកឧត្តម បានមាន​ទំនាក់​ទំនង​កិច្ចសហ​ប្រតិបត្តិការ​យ៉ាងល្អ​ប្រពៃ​ជាមួយ សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ផ្ទាល់ និង​ជាមួយ​ថ្នាក់​ដឹកនាំ​នៃ​បណ្តា​ក្រសួង​ស្ថាប័ន​ជាច្រើន​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា រួមទាំង​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់​ផងដែរ ដែល​សម្រេច​បាន​សមិទ្ធផល​ការងារ​មួយ​ចំនួន ពិសេស​ការ​វិនិយោគ​លើ​វិស័យ​សំណង់ ដូចនេះ ឯកឧត្តម​ឯកអគ្គ​រាជទូត បានស្នើ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បន្តកិច្ច​សហ​ប្រតិបត្តិការ​នេះ​ឲ្យ​កាន់តែ​រលូន ដើម្បី​ជាការ​រឹតបន្តឹង​ចំណង​មិត្តភាព​រវាង​រដ្ឋាភិបាល​នៃ​ប្រទេសទាំង២ ផងដែរ ។   លើសពី​នេះ ឯកឧត្តម​ឯកអគ្គ​រាជទូត បាន​បន្តថា​ទោះបី​ជា​នីតិវិធី និង​ទស្សន​វិស័យ​របស់​កម្ពុជា​និង​ជប៉ុន​អាច​មាន​ការ​ខុសគ្នា​មួយ​ចំនួន ប៉ុន្តែ​ទំនាក់​ទំនង​វិនិយោគ​រវាង​កម្ពុជា​និងជប៉ុន​ពិតជា​មាន​សក្តា​នុពល​ខ្ពស់ ដែល​អាច​ទាមទារ​ឲ្យ​រដ្ឋាភិបាលកម្ពុជា និង​រដ្ឋាភិបាល​ជប៉ុន រួមទាំង​ភ្នាក់ងារ​កិច្ច​សហប្រតិបត្តិការ​ជប៉ុន JICA ធ្វើ​ការ​សិក្សា​ស្វែង​យល់​ពីគ្នា​ឲ្យ​កាន់​តែ​ច្រើន​បន្ថែម​ទៀត ។
ជាមួយ​គ្នា​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បានជម្រាប​អំពី​ការប្តេជ្ញាចិត្ត​របស់​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់​ក្នុងការ​ពង្រឹង​កិច្ចសហ​ប្រតិបត្តិការ​ជាមួយ​ក្រសួង​ដែនដី ហេដ្ឋា​រចនា​សម្ព័ន្ធ គមនាគមន៍ និង​ទេសចរណ៍​របស់​ប្រទេស​ជប៉ុន ដើម្បី​ស្វែងរក​គុណ​ប្រយោជន៍​រួម​ជូន​ប្រជា​ពលរដ្ឋ និង​ប្រទេស​ទាំង២ ។ ចុង​បញ្ចប់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ជូនពរ ឯកឧត្តម​ឯកអគ្គ​រាជទូត និងក្រុមគ្រួសារទទួលបានជោគជ័យគ្រប់ភារកិច្ចទាំងអស់ ៕
សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

អាជ្ញាប័ណ្ណវិស័យសំណង់
ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
001993
ម្សិលមិញ :
003462
សរុប :
8622499
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា