October 27, 2016
នៅព្រឹកថ្ងៃទី ២៧ ខែតុលា គ.ស. ២០១៦ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងសាលារាជធានីភ្នំពេញ ខណ្ឌចំការមន សង្កាត់ទន្លេបាសាក់ និងក្រុមហ៊ុនជប៉ុន Arakawa បានជួបសំណេះសំណាលជាមួយតំណាងប្រជាពលរដ្ឋនៃសហគមន៍ប៊ូឌីញស នៅទីស្តីការក្រសួង ។
នៅក្នុងជំនួបនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបតំណាងប្រជាពលរដ្ឋនៃសហគមន៍ប៊ូឌីញសអំពីចក្ខុវិស័យរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អំពី​ការ​អភិវឌ្ឍន៍​នៅនឹង​កន្លែង​នៃអគារប៊ូឌីញស ដែល​សព្វថ្ងៃមានសភាពចាស់ទ្រុឌទ្រោម មិនមានការថែទាំ និងបានប៉ះពាល់យ៉ាងខ្លាំងដល់សុវត្ថិភាព និង​សុខមាលភាព​បងប្អូន​ប្រជា​ពលរដ្ឋ​ទាំង​នៅ​​ក្នុងសហគមន៍ និងនៅក្បែរនោះ។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​បន្ត​ថា​បងប្អូន​ប្រជាពលរដ្ឋ​បានខិត​ខំតស៊ូ​រស់នៅ​ក្នុង​អគារ​ដែល​មាន​ចំណាស់​ភាព​នេះ​តាំងពី​ក្រោយ​សម័យ​រំដោះ​ថ្ងៃ ០៧ មករា ១៩៧៩ ដើម្បី​​ការ​ងើប​ឡើង​នៃ​វប្បធម៌​ជាតិ ក៏បាន​ពង្រីក​ក្រុម​គ្រួសារ​យ៉ាងធំ​ក្នុង​អគារ​មួយ​នេះ​ ចាំបាច់​ត្រូវ​បាន​យកចិត្ត​ទុកដាក់​រៀបចំ​ឡើងវិញ​ជាមួយ​នឹងការ​ផ្តល់​នូវ​សេចក្តី​ថ្លៃថ្នូរ​និង​កិត្តិយស ពិសេស​គឺ​ការ​រស់​នៅ​ប្រកប​ដោយសុវត្ថិភាព​និង​សុខមាលភាព ដូចនេះ​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ រួម​សហ​ការ​ជាមួយ​ក្រុមហ៊ុន​ជប៉ុន Arakawa កំពុង​សិក្សា​អនុវត្ត​គម្រោង​អភិវឌ្ឍ​អគារ​ប៊ូឌីញស​នេះ ដើម្បី​ស្នើសុំ​គោល​ការណ៍​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ។
គួរ​បញ្ជាក់​ផងដែរ​ថា​គម្រោង​នេះ​គឺ​ស្ថិត​នៅ​ក្នុង​ការ​សិក្សា​រវាង​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ ជាមួយ​ក្រុមហ៊ុន​ជប៉ុន Arakawa ដែល​គ្រោង​ចំណាយ​ថវិកា​អស់​ប្រមាណ ៧០-៨០ លាន​ដុល្លារអាមេរិក រួមមាន៖ ការ​សាងសង់​ទីតាំង​ស្នាក់​នៅ​បណ្តោះ​អាសន្ន និង​អគារ​ថ្មី​មាន​កម្ពស់ ២១ជាន់ ដែលក្នុងនោះ​ត្រៀម​ធ្វើ​ទីតាំង​ចំណត ៣ជាន់ កន្លែង​លក់ដូរ ១ជាន់ និង​កន្លែង​ស្នាក់នៅ ៥ជាន់ ដែល​បន្ទប់​ស្នាក់​នៅ​នីមួយៗ​នឹង​មាន​ទំហំ​ធំ​ជាង​មុន ១០% ហើយ​ចាប់ពី​ជាន់ទី៩ ឡើង​ទៅនឹង​ផ្តល់​ជា​កម្មសិទ្ធិ​វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន Arakawa ។
ជាមួយគ្នា​នេះ ប្រជា​ពលរដ្ឋ​នៃ​សហគមន៍​ប៊ូឌីញស បាន​បង្ហាញ​នូវ​សេចក្តី​រំភើប​រីករាយ​ដែល​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់​បាន​ជួយ​គិតគូរ​យកចិត្ត​ទុកដាក់​ជាមួយ​ការសាងសង់​អគារ​ប៊ូឌីញស​នេះ​ឡើងវិញ​ជូន​ប្រជា​ពលរដ្ឋ និង​បាន​បង្ហាញ​នូវ​ជំនឿ​ទុក​ចិត្ត​ចំពោះ ឯកឧត្តម ជា សុផារ៉ា ដែល​តែងតែ​មាន​ឆន្ទៈ​ខ្ពស់​បំពេញ​បំណង​ប្រាថ្នា​របស់​បងប្អូន​ប្រជា​ពលរដ្ឋ ហើយ​ជឿជាក់​យ៉ាង​មុតម៉ាំ​ថា​គម្រោង​នេះ​នឹង​គិតគូរ​ផ្តល់​ផល​ប្រយោជន៍ពិតប្រាកដដល់ប្រជាពលរដ្ឋនៃសហគមន៍ប៊ូឌីញស ។
លើសពីនេះ ឯកឧត្តម ជា សុផារ៉ា បាន​ស្នើ​ឲ្យ​ប្រជា​ពលរដ្ឋ​ជឿជាក់លើ​រាជរដ្ឋា​ភិបាល​កម្ពុជា និង​អត់ធ្មត់​រង់ចាំ​អគារ​ប៊ូឌីញស​ថ្មី​ស្រឡាង​ដែល​នឹង​លេច​រូបរាង​ឡើង​នៅ​ក្នុង​ពេល​ប្រមាណ ៤ឆ្នាំខាងមុខ​នេះ ដែល​​នឹង​ពិតជា​ផ្លាស់ប្តូរ​ជីវភាព​រស់នៅ​របស់​បងប្អូន​ប្រជា​ពលរដ្ឋ​ជាក់​ជាមិនខាន ៕
សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

អាជ្ញាប័ណ្ណវិស័យសំណង់
ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
000779
ម្សិលមិញ :
002664
សរុប :
8340391
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា