November 10, 2016
នៅ​រសៀល​ថ្ងៃ​អង្គារ ០៩កើត ខែកត្តិក ឆ្នាំវក ព.ស.២៥៦០ ត្រូវនឹង​ថ្ងៃទី០៨ ខែវិច្ឆិកា គ.ស.២០១៦ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ តំណាង​សាលា​រាជធានី​ភ្នំពេញ ខណ្ឌ​ចំការមន សង្កាត់​ទន្លេបាសាក់ និង​តំណាង​ក្រុមហ៊ុន​ជប៉ុន Arakawa បាន​ជួប​សំណេះ​សំណាល​ជាមួយ​តំណាង​ប្រជា​ពលរដ្ឋ​នៃ​សហគមន៍​ប៊ូឌីញ "ស" ចំនួន​ជាង ៥០០ នាក់ លើកទី២ នៅ​ទីស្តី​ការ​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ ។
នៅក្នុង​ជំនួប​នេះ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​ជម្រាប​តំណាង​ប្រជា​ពលរដ្ឋ​នៃ​សហគមន៍​ប៊ូឌីញ "ស" ទាំង៥០០គ្រួសារ អំពី​ចក្ខុវិស័យ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ អំពី​ការ​អភិវឌ្ឍន៍​នៅនឹង​កន្លែង​នៃ​អគារ​ប៊ូឌីញ "ស" ដែល​សព្វថ្ងៃ​មាន​សភាព​ចាស់​ទ្រុឌទ្រោម មិនមាន​ការ​ថែទាំ និង​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សុវត្ថិភាព និង​សុខមាលភាព​បងប្អូន​ប្រជា​ពលរដ្ឋ​ទាំង​នៅ​ក្នុង​សហគមន៍ និង​នៅ​ក្បែរ​នោះ។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​បន្តថា​បងប្អូន​ប្រជា​ពលរដ្ឋ​បាន​ខិតខំ​តស៊ូ​រស់នៅ​ក្នុង​អគារ​ដែល​មាន​ចំណាស់​ភាព​នេះ​តាំងពី​ក្រោយ​សម័យ​រំដោះថ្ងៃ ០៧ មករា ១៩៧៩ ដើម្បី​ការ​ងើប​ឡើង​នៃ​វប្បធម៌​ជាតិ ក៏​បាន​ពង្រីក​ក្រុម​គ្រួសារ​យ៉ាងធំ​ក្នុង​អគារ​មួយនេះ ដូចនេះ​ការ​ព្រួយ​បារម្ភ​និងភ័យ​ខ្លាច​អំពី​ការ​បាត់បង់​ទ្រព្យ​សម្បត្តិ​តែ​មួយ​របស់​ក្រុម​គ្រួសារ​គឺ​ពិត​ជា​ត្រឹម​ត្រូវ​ណាស់ ពិសេស​គឺត្រូវ​ចាំ​បាច់​ត្រិះ​រិះ​ពិចារណា​ឲ្យ​បាន​ច្បាស់​ជុំវិញ​គម្រោង​អភិវឌ្ឍន៍​អគារ​ប៊ូឌីញ "ស" នេះ ។
ឆ្លើយតប​នឹង​ជម្រើស​ទាំង២ របស់​បងប្អូន​ប្រជា​ពល​រដ្ឋប៊ូឌីញ​ "ស" អំពី​ការ​ស្នើ​លក់​បន្ទប់​និង​យក​ថវិកា​ដើរ​ចេញ និង​ការ​រង់ចាំ​ទទួល​យក​អគារ​ថ្មី​សាងសង់​រួច ឯកឧត្តមទេសរដ្ឋមន្ត្រី បាន​ជម្រាប​បងប្អូន​ប្រជា​ពលរដ្​ឋថា ទោះបី​ជា​យ៉ាងណា​ក៏ដោយ​គម្រោង​អភិវឌ្ឍន៍​នៅនឹង​កន្លែង​អគារ​ប៊ូឌីញ "ស" នេះ គឺ​បាន​គិតគូរ​រៀបចំ​ឡើង​ដើម្បី​កែប្រែ​និង​លើក​កម្ពស់​ជីវភាព​របស់​បងប្អូន​ប្រជា​ពលរដ្ឋ ពោល​គឺ​បងប្អូន​ស៊ូទ្រាំ​រង់ចាំ​ត្រឹមជិត ៤ឆ្នាំ រួចនឹង​ទទួល​បាន​នូវ​អគារ​ថ្មី​ស្រឡាង​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ​ដែល​នឹង​មាន​តម្លៃ​ខ្ពស់​ជាង​ការ​រំពឹង​ទុក ដែល​បងប្អូន​អាច​ដាក់​លក់​ឬ​ជួល​យក​កម្រៃ​កាន់​តែ​ខ្ពស់​ជាង​ពេលនេះ​ទៅទៀត។ លើសពីនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បាន​បង្ហាញ​ក្តីបារម្ភ​ថាការ​ដាក់​លក់​បន្ទប់​យក​ថវិកា​ដើរ​ចេញ អាច​នឹង​បង្ក​ហានិភ័យ​ច្រើន​ដល់បង​ប្អូន​ប្រជា​ពលរដ្ឋ ពិសេស​គឺ​ពិបាក​រកទិញ​លំនៅឋាន​សមរម្យ​ដែលនៅ​ក្នុង​រាជធានី​ភ្នំពេញ ។
ជាមួយ​គ្នានេះ ប្រជា​ពលរដ្ឋ​នៃ​សហគមន៍​ប៊ូឌីញ "ស" បាន​បង្ហាញ​នូវ​សេចក្តី​រំភើប​រីករាយ​ដែល​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ បានជួយ​គិតគូរ​យកចិត្ត​ទុកដាក់​ជាមួយ​ការ​សាងសង់​អគារ​ប៊ូឌីញ "ស" នេះ​ឡើង​វិញ​ជូន​ប្រជា​ពលរដ្ឋ និង​បាន​បង្ហាញ​នូវ​ជំនឿ​ទុកចិត្ត​ចំពោះ ឯកឧត្តម ជា សុផារ៉ា និង​ក្រុមហ៊ុន​ជប៉ុន​ដែល​មាន​ឆន្ទៈ​ខ្ពស់​បំពេញ​បំណង​ប្រាថ្នា​ជូនបង​ប្អូន​ប្រជា​ពលរដ្ឋ ហើយ​ជឿជាក់​យ៉ាង​មុតម៉ាំ​ថា​គម្រោង​នេះ​នឹង​គិតគូរ​ផ្តល់​ផល​ប្រយោជន៍​ពិត​ប្រាកដ​ដល់​ប្រជា​ពលរដ្ឋ​នៃ​សហ​គមន៍​ប៊ូឌីញ "ស" ទោះ​ជា​យ៉ាងណា​បងប្អូន​ប្រជា​ពលរដ្ឋ​ស្នើឲ្យ​មាន​ការ​ស្ទង់​មតិ​របស់​បងប្អូន​ប្រជា​ពលរដ្ឋ​ជាមុន​សិន នឹង​ត្រៀម​ខ្លួន​ដើម្បី​ជួប​ជាមួយ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ជា​លើកទី៣ ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ​ដើម្បី​ជម្រាប​អំពី​ការ​សម្រេច​ចិត្ត​ជារួម​របស់​ប្រជា​ពលរដ្ឋ​ប៊ូឌីញ "ស"។
គួរ​បញ្ជាក់​ផងដែរ​ថា​គម្រោង​នេះ​គឺ​ស្ថិត​នៅ​ក្នុង​ការ​សិក្សា​រវាង​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ ជាមួយ​ក្រុមហ៊ុន​ជប៉ុន Arakawa ដែល​គ្រោង​ចំណាយ​ថវិកា​អស់​ប្រមាណ ៧០-៨០​លាន​ដុល្លារ​អាមេរិក រួមមាន៖ ការ​សាងសង់​ទីតាំង​ស្នាក់នៅ​បណ្តោះ​អាសន្ន និង​អគារ​ថ្មី​មាន​កម្ពស់ ២១ជាន់ ដែល​ក្នុង​នោះ​ត្រៀម​ធ្វើ​ទីតាំង​ចំណត ៣ជាន់ កន្លែង​លក់​ដូរ ១ជាន់ និងកន្លែងស្នាក់នៅ ៥ ជាន់ ដែលបន្ទប់ស្នាក់នៅនីមួយៗនឹងមានទំហំធំជាងមុន ១០% ហើយចាប់ពីជាន់ទី ៩ ឡើងទៅនឹងផ្តល់ជាកម្មសិទ្ធិវិនិយោគរបស់ក្រុមហ៊ុនជប៉ុន Arakawa ។
សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

អាជ្ញាប័ណ្ណវិស័យសំណង់
ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
003560
ម្សិលមិញ :
005795
សរុប :
6662630
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា