March 21, 2017
ព្រះសង្ឃ ប្រជា​ពុទ្ធ​បរិស័ទ​ចំណុះ​ជើងវត្តឧដុង្គមានជ័យ ហៅវត្តស្រែតានង ក្នុង​ឃុំ​ចាន់មូល ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​ទទួល​នូវ​សមិទ្ធិផល​មួយ​សម្រាប់​បម្រើ​ឱ្យ​វិស័យ​ពុទ្ធចក្រ គឺ​ព្រះ​វិហារ​ដ៏​ថ្មី​ស្រឡាង​មួយ ដែល​បាន​កសាង​ឡើង​អស់​រយៈពេល​ជិត ១០ឆ្នាំ ពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១៦ ដោយ​បាន​មក​ពី​ការ​ចូលរួម​ចំណែក​ដោយ​សទ្ធា​ជ្រះ​ថ្លា​របស់សប្បុរសជន ទាំង​ក្នុង និង​ក្រៅ​ប្រទេស។ ពិធី​សម្ពោធ​ឆ្លង និង​បញ្ចុះ​ខណ្ឌ​សីមា ព្រះវិហារ​វត្ត​ឧដុង្គ​មានជ័យ ហៅ​វត្ត​ស្រែ​តានង បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃព្រះ​រាជាណាចក្រ​កម្ពុជា និង សម្ដេចកត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន នាថ្ងៃទី ២០ ខែមីនា គ.ស. ២០១៧។

តាម លោក ចេង ប៊ុណ្ណារ៉ា អភិបាល នៃ​គណៈ​អភិបាល​ស្រុក​មេមត់ បាន​ឱ្យដឹងថា វត្ត​ឧដុង្គ​មានជ័យ ហៅ​វត្ត​ស្រែ​តានង នេះ បាន​កកើត​ឡើង​តាំង​ពី​ឆ្នាំ ១៨៧០ ព.ស. ២៤១២  មកម្លេះ ដោយ​មាន​ព្រះ​សង្ឃ​មួយ​អង្គ​ ព្រះនាម ប្រាក់ វង់ និមន្ត​ពី​ស្រុក​រំដួល ខេត្ត​ស្វាយរៀង មកដល់​ទីនេះ ក៏​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​នៅ​ទីនេះ និមន្តឱ្យគង់ចាំព្រះវស្សានៅទីនេះតែម្ដង តែពេលនោះមិនទាន់មានទីអារាមនៅឡើយទេ ។ ដោយពិនិត្យឃើញនូវទឹកចិត្តប្រកបដោយក្ដីគោរពស្រឡាញ់ប្រតិបត្តិក្នុង​ជំនឿ​លើ​វិស័យ​ព្រះពុទ្ធ​សាសនា ព្រះគ្រូ ប្រាក់ វង់ និង​ប្រជា​ពុទ្ធបរិស័ទ​នៅ​ទីនោះ បាន​ឯកភាព​រក​ទីតាំង​មួយ​សម្រាប់​កសាង​ទី​អារាម ងាយ​ស្រួល​ដល់​ពុទ្ធបរិស័ទ   តាម​ភូមិ​នានា​ជួបជុំ​គ្នា​ធ្វើ​បុណ្យទាន​ផ្សេងៗ ។  មក​ទល់​បច្ចុប្បន្ន វត្ត​នេះ​មាន​អាយុ​កាល ១៤៧​ឆ្នាំហើយ និង​មាន​ព្រះចៅអធិការ​វត្ត​គ្រប់គ្រង​ចំនួន ៩អង្គ មកហើយ ។ វត្ត​ស្រែតានង នេះ ក៏​មិន​ខុស​ពី​វត្ត​ដទៃ​ទៀត​នៅ​ទូទាំង​ប្រទេស​ដែរ គឺ​បាន​ឆ្លងកាត់​នូវ​ការ​បំផ្លិច​បំផ្លាញ​ស្ទើ​គ្មាន​សល់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ហើយ​ក៏​ត្រូវ​បាន​កសាង​ជា​ថ្មី​ឡើង​វិញ ក្រោយ​ថ្ងៃ​រំដោះ ៧-​មករា​-១៩៧៩ រហូត​មក​ដល់​បច្ចុប្បន្ន ។

ដោយ​ឡែក​ព្រះវិហារ​ថ្មី ដែល​ទើប​កសាង​រួច និង​ត្រូវបញ្ចុះ​ខណ្ឌ​សីមា​នា​ពេល​នេះ បាន​កើត​ចេញ​ពី​កម្លាំង​រួម​សាមគ្គី បរិច្ចាក​ធនធាន​ផ្ទាល់ខ្លួន ពី​សប្បុរស​ជន​ទាំងក្នុង និង​ក្រៅ​ប្រទេស ​ទុក​ជា​ឧត្តម​ប្រយោជន៍បម្រើ​ឱ្យ​វិស័យ​ព្រះ​ពុទ្ធ​សាសនា ដែល​ក្នុង​នោះ ឯកឧត្តម​​ទេសរដ្ឋមន្រ្តី ជា សុផារ៉ា និង លោកជំទាវ បាន​ចូលរួមថវិកា​កសាង​ចំនួន ២០,០២៣ដុល្លារ ឯកឧត្តម ហ៊ុន ណេង និង លោកជំទាវ ថវិកា ៣៣២៣ដុល្លារ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ថវិកា ៥,០០០ដុល្លារ ឯកឧត្តម សំ សារិត និង លោកជំទាវ ថវិកា ៥០០ដុល្លារ លោក ទួន សុផល និង លោកស្រី ថវិកា ២,០៨៥ដុល្លារ រួមនឹង​ថវិកា​របស់​សប្បុរសជន​ជាច្រើន​ទៀត​ផង​ដែរ ។

ក្នុង​ឱកាស​នោះ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ បាន​នាំ​មក​នូវ​ប្រសាសន៍​ផ្ដាំផ្ញើរ​សាកសួរ​សុខទុក្ខ​ពី សម្ដេច​​អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា និង សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូន​ដល់​ប្រជា​ពលរដ្ឋ នៅ​ឃុំ​ចាន់​មូល ស្រុក​មេ​មត់ ដែល​ជានិច្ច​កាល​សម្ដេច តែង​តែ​បាន​គិត​គូរ​យកចិត្ត​ទុកដាក់ ពី​សុខទុក្ខ  ក្ដី​កង្វល់ បញ្ហា​ប្រឈម និង​សំណូមពរ​នានា​របស់​ប្រជាពលរដ្ឋ និង​រិះរក​គ្រប់​មធ្យោបាយ ដើម្បី​ដឹកនាំ​ប្រទេស​ឈាន​ទៅ​រក​វឌ្ឍនភាព និង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជា​ពលរដ្ឋ​ឱ្យ​នៅ​កម្រិត​ទាប​បំផុត។ ឯកឧត្តមមទេសរដ្ឋមន្រ្តី បាន​ចាត់​ទុក​សមិទ្ធិផល ព្រះ​វិហារ​វត្ត​ឧដុង្គ​មានជ័យ ហៅ​វត្ត​ស្រែ​តានង ដែល​ត្រូវ​សម្ពោធ​ឆ្លង និង​បញ្ចុះ​ខណ្ឌ​សីមា​នា​ពេលនេះ ថា​ជាសមិទ្ធផល​​ដ៏​វិសេស​វិសាល​ទុក​ជា​គុណ​ប្រយោជន៍​រួម​របស់​ប្រជា​ពលរដ្ឋ ក្នុង​ឃុំ​ទាំងមូល និង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត ដើម្បី​ធ្វើ​កិច្ច​គោរព​ប្រតិបត្តិ​ផ្នែក​ព្រះពុទ្ធសាសនា និង​ធ្វើ​បុណ្យទាន   ផ្សេងៗ​តាម​ទំនៀម​ទំលាប់​ព្រះពុទ្ធ​សាសនា ។  ឯកឧត្តម​ទេសរដ្ឋមន្រ្តី ជា សុផារ៉ា បាន​ថ្លែង​អំណរ​គុណ​ដល់​ប្រជា​ពុទ្ធបរិស័ទ និងសប្បុរសជន​ទាំងអស់ ដែល​បាន​ចូលរួម​ចំណែក ក្នុង​ការ​ជួយ​ឧបត្ថម្ភ​ថវិកា ដើម្បី​សម្រេច​នូវ​ការ​សាងសង់​សមិទ្ធផល​ព្រះ​វិហារ​ថ្មី​ស្រឡាង​នេះ​ឡើង សម្រាប់​ទុកជាសម្បត្តិ​គរុភ័ណ្ឌ​ក្នុង​វិស័យព្រះ​ពុទ្ធសាសនា​។  

បន្ទាប់មក ឯកឧត្តម​ទេសរដ្ឋមន្រ្តី ជា សុផារ៉ា បាន​បំពាក់​គ្រឿង​ឥស្សរិយ​យស​ជូនដល់​មន្រ្តីរាជការ និង​សប្បុរសជន ៤៧នាក់ និង​បាន​នាំយក​អំណោយរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រគេនដល់​ព្រះចៅ​អធិការ​វត្ត​ឧត្តុងមានជ័យ ចំនួន ២០,០០០ដុល្លារសហរដ្ឋអាមេរិក ទុក​សម្រាប់​កសាង​សមិទ្ធិផល​នានា​ក្នុង​វត្ត និងប្រគេន​ថវិកា​ដល់​ព្រះសង្ឃ ៦៦អង្គ ក្នុងមួយអង្គ ២០,០០០រៀល ឧបត្ថម្ភ ថវិកា​ដល់​សាលាស្រុក​មេមត់ ១លានរៀល ឧបត្ថម្ភ​ថវិកា​សាលាឃុំ​ចាន់មូល ៥០ម៉ឺនរៀល តាជី-យាយជី ១០០នាក់ ម្នាក់ៗ​ក្រណាត់​ស ១ដុំ ថវិកា ១០,០០០រៀល បុគ្គលិក​ពេទ្យ ១០នាក់ និង លោកគ្រូ-អ្នកគ្រូ ២៨នាក់ ម្នាក់ៗ​ទទួល​បាន​សារុង១ និងសិស្សា​នុសិស្ស ២០០នាក់ ម្នាក់ៗ​ទទួល​បាន​សម្ភារៈ​សិក្សា និងថវិកា ៥,០០០រៀល ផងដែរ ៕
















 
សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

អាជ្ញាប័ណ្ណវិស័យសំណង់
ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
000875
ម្សិលមិញ :
002664
សរុប :
8340487
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា