January 19, 2018
នាល្ងាច​ថ្ងៃសុក្រ ០៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ត្រូវ​នឹង​ថ្ងៃ​ទី១៩  ខែមករា ឆ្នាំ ២០១៨ ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ និង​​ក្រុមការងារ​ពិសេស (Adhoc) ក្រោម​ការ​សម្រប​សម្រួល​របស់ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ បាន​ជួប​ពិភាក្សា​អំពី​វឌ្ឍនភាព​នៃ​កា​រ​ដោះស្រាយ​វិវាទ​សម្បទាន​ដី​សេដ្ឋកិច្ច​ដំណាំ​អំពៅ​ផលិត​ស្ករស​នាំចេញ​ជា​មួយគណៈ​ប្រតិភូ​ក្រុម​បេសកកម្ម​នៃ​សហគមន៍​អឺរ៉ុប​ដឹកនាំ​ដោយ ឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូត​សហគមន៍​អ៊ឺរ៉ុប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា។

នៅ​ក្នុង​ជំនួបនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា បាន​​ជម្រាប​​គណៈ​​ប្រតិភូ​​អំពី​​លទ្ធផល​​ដែល​​ក្រុម​ការងារ​​របស់​​ក្រសួង​​រៀបចំ​​ដែនដី នគរូប​​នីយកម្ម និង​​សំណង់ បាន​​ខិតខំ​​ប្រឹងប្រែង​ក្នុង​​រយៈកាល ៤ខែកន្លងមកនេះ ក្នុង​ការ​ចុះ​ដោះស្រាយ​វិវាទ​សម្បទាន​ដី​សេដ្ឋកិច្ច​ដំណាំ​អំពៅ​ផលិត​ស្ករស​នាំ​ចេញ​នៅ​ក្នុង​ខេត្ត​កោះកុង កំពង់ស្ពឺ និង​ខេត្ត​ព្រះវិហារ និង​ការ​ប្រគល់​ភារកិច្ច​ជូន​អាជ្ញារធរ​ខេត្ត​ឧត្តរមានជ័យ​ ដោះស្រាយ​ករណី​ខាងលើ​តាមយន្តការ​នៃ​ការ​ផ្តល់​សម្បទាន​ដី​សង្គមកិច្ច ។

ជាមួយគ្នានេះ លោក Nikolaos Zaimis ទីប្រឹក្សា​នៃ​អគ្គនាយកដ្ឋាន​ពាណិជ្ជកម្ម​របស់​សហគមន៍​អ៊ឺរ៉ុប​បាន​ស្នើឲ្យ​ក្រុម​ការងារ​ដោះស្រាយ​វិវាទ​ដឹក​នាំ​ដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី  ជា សុផារ៉ា នូវចំណុច​មួយ​ចំនួន​ដូច​ខាងក្រោម៖
១.រៀបចំ​ដាក់​បញ្ចូល​ករណី​វិវាទ​ទាំងអស់ រួម​ទាំង​វិវាទ​ដែល​ម្ចាស់​បណ្តឹង​បាន​ទទួល​សំណង​រួច ក្នុង​បញ្ជី​ដោះស្រាយ​រួមគ្នា​ក្នុង​ពេល​តែមួយ ដើម្បី​ចៀសវាង​ការ​តវ៉ា​មិន​ទទួល​បាន​សំណង​ស្មើគ្នា​របស់​ម្ចាស់​បណ្តឹង​ដែល​បាន​ទទួល​សំណង​រួច​ពី​ក្រុមហ៊ុន​ ដែល​អាច​បណ្តាល​ឲ្យ​ការ​ដោះស្រាយ​វិវាទ​មិន​អាច​ឈាន​ដល់​ទី​បញ្ចប់
២.ស្នើ​ប្រើ​ប្រាស់​យន្តការ​ដោះស្រាយ​វិវាទ​សម្បទាន​ដី​សេដ្ឋកិច្ច​ដំណាំ​អំពៅ​ផលិត​ស្ករស​នាំចេញ​សម្រាប់​ខេត្ត​ឧត្តរមានជ័យ ដូចខេត្ត​ទាំង ៣ ទៀតដែរ
៣.ស្នើ​ឲ្យ​មាន​ការ​ចូលរួម​ដោះស្រាយ​វិវាទ​ពី​បណ្តា​អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័ន​ផ្សេងៗ​ ដែល​មាន​ចំណាប់​អារម្មណ៍ និង
៤.ស្នើសុំ​របាយការណ៍​លម្អិត​ស្តីអំពី​ដំណើរ​ការ​ដោះស្រាយ​វិវាទ​នៃ​ខេត្តទាំង៣ ។

ជាការ​ឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍ថា៖ ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​នៃ​ការ​ដោះស្រាយ​វិវាទ​នេះ ក្រុមការងារ​នឹង​ធ្វើការ​ដោះស្រាយ​វិវាទ​ដែល​ផ្តោត​ទៅលើ​បណ្តឹង​ដែល​មិន​ទាន់​ទទួល​បាន​សំណង​ពី​ក្រុមហ៊ុន​រួចឲ្យបាន​រួចរាល់​ជា​មុនសិន​ទើប​ត្រលប់​ទទួល​ពិនិត្យ​បណ្តឹង​ដែល​បាន​ទទួល​សំណង​រួច មាន​ន័យថា ក្រុម​ការងារ​ធានា​នឹង​ដោះស្រាយ​វិវាទ​សម្បទាន​ដី​សេដ្ឋកិច្​ចដំណាំ​អំពៅ​ផលិត​ស្ករស​នាំចេញ​នេះ​ឲ្យ​បាន​ចប់​ជា​ស្ថាពរ សម្រាប់​វិវាទ​សម្បទាន​ដី​សេដ្ឋកិច្ច​ដំណាំ​អំពៅផលិត​ស្ករស​នាំចេញ​ក្នុង​ខេត្ត​ឧត្តរមានជ័យ ដោយ​សារ​ក្រុមហ៊ុន​ទទួល​បានសិទ្ធិ បាន​ប្រគល់​ដី​សម្បទាន​សេដ្ឋកិច្ច​ជូនរាជរដ្ឋាភិបាល​រួច ដូចនេះ ត្រូវ​ប្រគល់​ភារកិច្ច​ជូន​អាជ្ញាធរ​ខេត្ត​ដោះស្រាយ​តាមរយៈ​ការ​ផ្តល់​សម្បទាន​ដី​សង្គមកិច្ច និង​ស្នើ​ស្ថានទូត​បញ្ជូន​ករណី​វិវាទ​ទាំងអស់​ ដែល​បាន​ដាក់​ជូន​ស្ថានទូត មក​ក្រសួង​រៀបចំដែនដី នគរូប​នីយកម្ម និង​សំណង់ ដែល​ជា​ស្ថាប័ន​មាន​សមត្ថកិច្ច។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តថា ក្រសួង​តែងតែ​បើក​ទូលាយ​សម្រាប់​បណ្តា​អង្គការ​សង្គម​ស៊ីវិល​ទាំងអស់ ចូលរួម​សហការ​ដើម្បីដោះស្រាយវិវាទជាមួយ​ក្រសួង ដោយ​ត្រូវ​ដាក់​ពាក្យ​ស្នើ​សុំចូលរួម និងត្រូវសហការចូលរួមដោយសកម្មជាមួយក្រុមការងាររហូតដល់ទីបញ្ចប់។ លើសពីនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹង​ផ្សព្វផ្សាយ​របាយ​ការណ៍​ស្តីពី​វឌ្ឍនភាព​នៃ​ការ​ដោះស្រាយ​វិវាទ​សម្បទាន​ដី​សេដ្ឋកិច្ច​ដំណាំ​អំពៅ​ផលិត​ស្ករស​នាំចេញ​ជា​ភាសាអន្តរជាតិ​ ដើម្បី​ជូន​សាធារណៈជន​ជ្រាប​ជាព័ត៌មាន នៅ​សប្តាហ៍​ក្រោយនេះ ។

ក្នុងនោះផងដែរ ឯកឧត្តម បាន សូរស័ក រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ស្នើឲ្យ​គណៈប្រតិភូ​ជឿជាក់​លើ​យន្តការ​នៃ​ការ​ដោះ​ស្រាយ​របស់​រាជរដ្ឋាភិបាលកម្ពុជា ដែល​ប្រកប​ដោយ​តម្លាភាព យុត្តិធម៌ និង​ខិតខំ​ដោះស្រាយ​ដើម្បី​បញ្ចប់​វិវាទ​ជាស្ថាពរ ពិសេស​ជឿជាក់​លើ​ក្រុម​ការងារ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ ក្រោម​ការ​សម្រប​សម្រួល​យ៉ាង​យកចិត្តទុកដាក់ខ្ពស់​របស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា ។​

ឯកឧត្តមឯកអគ្គរដ្ឋទូត George Edgar បាន​សម្តែង​នូវ​ការ​កោត​សរសើរ​ចំពោះ​ការ​តាំងចិត្ត​ខិត​ខំប្រឹង​ប្រែង​របស់​រាជរ​ដ្ឋាភិបាល​កម្ពុជា ពិសេស​ក្រុម​ការងារ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ ដឹក​នាំ​ដោយ ឯកឧត្តមទេសរដ្ឋមន្រ្តី ជា សុផារ៉ា ក្នុង​ការ​សហការ​ដោះស្រាយ​វិវាទ​សម្បទាន​ដី​សេដ្ឋកិច្ច​ដំណាំ​អំពៅ​ផលិត​ស្ករស​នាំចេញ​ដែល​ទទួល​បាន​លទ្ធផល​យ៉ាងច្រើន​ក្នុង​រយៈពេលត្រឹម ៤ ខែ​កន្លង​ទៅនេះ ។ ឯកឧត្តមនឹង​ធ្វើ​របាយការណ៍​ជូន​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ដើម្បី​បាន​ជ្រាប​អំពី​វឌ្ឍនភាព​នេះ ។

ឆ្លៀតក្នុង​ឱកាស​នេះ​ផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បាន​ថ្លែង​អំណរ​គុណ​ចំពោះ​គណៈប្រតិភូ​ដែល​តែងតែ​ផ្តល់​កិច្ច​សហប្រតិបត្តិការ​ល្អ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​ផ្តល់​នូវយុត្តិធម៌ និង​សច្ចៈធម៌​ជូន​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រហូត​កម្ពុជា​ក្លាយ​ជា​ប្រទេស​មួយ​ដែល​មាន​សន្តិភាព និង​សន្តិសុខ និង​មានស្ថិរភាព​នយោបាយ​ពេញលេញរ​យៈកាល​កន្លងមក​នេះ និង​សូម​ជូនពរ​ឲ្យ​ដំណើរ​បេសកកម្ម​ការ​ទូត​របស់​គណៈប្រតិភូ​ប្រកប​ដោយ​ជោគជ័យ៕








ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
002973
ម្សិលមិញ :
005511
សរុប :
4705775
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា