March 06, 2018
នៅព្រឹកថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០១៨  ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជាអធិបតីក្នុងពិធីខួបអនុស្សាវរីយ៍លើកទី១០៧ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ (១៩១០-២០១៨) ក្រោមប្រធានបទ “ស្ដី្ររួមគ្នាថែរក្សា  សន្ដិភាព ដើម្បីអភិវឌ្ឍន៍ជាតិ” និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យាជានារី នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់,មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី ខេត្ត និងការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ក្រុង ស្រុក ខណ្ឌ ចំនួន៥៣៧នាក់។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី ជា សុផារ៉ា បានមានប្រសាសន៍ថា ការជួបជុំគ្នាប្រារព្ធខួបអនុស្សាវរីយ៍លើកទី១០៧ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០១៨ នៅពេលនេះ ស្របពេលប្រទេសជាតិកំពុងមានភាពសុខដុមរមនា មានសុខសន្ដិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា បើប្រទេសជាតិមិនមានសន្តិភាពនោះនឹងមិនមានឡើងការអភិវឌ្ឍ ដូចប្រវត្តិសាស្រ្តបានកត់ត្រាទុកថា កាលពីជំនាន់ លន់ ណុល បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តមសីហនុ ធ្វើឱ្យប្រទេសជាតិត្រូវបែងចែកការគ្រប់គ្រងជាពីរ គឺម្ខាងរដ្ឋការ លន់ ណុល និងម្ខាងទៀង រដ្ឋការរំដោះ។ សង្គ្រាមស៊ីវិលបានកើតឡើងជាបន្តបន្ទាប់ រាល់ហេដ្ឋារចនាសម្ព័ន្ធនានា រួមទាំងអាយុជីវិតរបស់ប្រជាជាតិយើងទាំងមូលត្រូវបានបាត់បង់។ ទំនាក់ទំនងអន្តរជាតិជាមួយមាតុភូមិយើង ក៏ត្រូវបានកាត់ផ្ដាច់ដោយសារការគាំទ្រប៉ូលនយោបាយផ្ទុយគ្នា។ សុភមង្គលរបស់ប្រជាជាតិយើងធ្លាប់តែរុងរឿងថ្កើងថ្កានក្នុងរបបសង្គមរាស្រ្តនិយម ត្រូវបានធ្លាក់ចុះ ហើយអ្វីៗដែលបានឃើញមានតែផ្សែង គ្រាប់បែក ការឈឺចាប់ ការនឹករលឹកគ្នាតែមិនអាចទៅដល់។  កម្លាំងពលកម្មត្រូវបានបាត់បង់ក្រោមរូបភាពធ្វើទាហាន ដើម្បីរំដោះជាតិ។ ស្លាកស្នាមដ៏ជូនចត់នេះទើបតែបានចប់ ក៏បានបន្តមករបបដ៏ខ្មៅងងិតមួយទៀត គឺរបប ប៉ុល ពត ដែលធ្វើឱ្យប្រទេសជាតិកាន់តែដុនដាបៗទៅ ការអត់ឃ្លាន ការភ័យខ្លាច និងការកាប់សម្លាប់បានកើតឡើងនៅទូទាំងផ្ទៃប្រទេសទាំងមូល កុំថាឡើយការអភិវឌ្ឍន៍ សូម្បីតែហូបចុក និងការស្លៀកពាក់ក៏មិនគ្រប់គ្រាន់ឡើយ។ បច្ចុប្បន្នេះ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ជាប្រមុខ បានស្ដារសន្ដិភាពនេះឡើងវិញ ដែលជាគ្រឹះដ៏រឹងមាំសម្រាប់ធ្វើការអភិវឌ្ឍប្រទេសបន្តទៅមុខទៀត។ បច្ចុបន្ននេះ កំណើនសេដ្ឋកិច្ចជាតិ ៧%ក្នុងមួយឆ្នាំ បានធ្វើឱ្យប្រជាជនយើងមានអាហារហូបចុកគ្រប់គ្រាន់ ការស្នាក់នៅ និងមានសម្លៀកបំពាក់សមរម្យ។  ទន្ទឹមនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានណែនាំឱ្យមន្រ្តីរាជការ រួមនឹងប្រជាពលរដ្ឋទាំងអស់ ត្រូវជឿជាក់លើខ្លួនឯង ហើយត្រូវមូលមតិគ្នាជាធ្លុងមួយ និងរួមសាមគ្គីថែរក្សាសន្ដិភាពនេះឱ្យគង់វង្សបន្តទៅកូនចៅយើងជំនាន់ក្រោយៗទៀត និងកុំព្យាយាមសាកល្បងជាមួយការឈឺចាប់។ សមត្ថភាព លទ្ធភាព និងទិសដៅរបស់យើងចង់បានសន្ដិភាពជូនជាតិ មាតុភូមិ គឺអាស្រ័យលើយើងនាំគ្នាថែរក្សា ពូនជ្រុំសន្ដិភាពនេះឱ្យបានគង់វង្ស ដើម្បីគោលដៅសម្រាប់ធ្វើការអភិវឌ្ឍឱ្យស្របនឹងប្រធានបទ “ស្ដី្ររួមគ្នាថែរក្សាសន្ដិភាព ដើម្បីអភិវឌ្ឍន៍ជាតិ” ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានណែនាំមន្រ្តីរាជការទាំងអស់ ខិតខំផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ប្រកបដោយភាពងាយស្រួល រាក់ទាក់ និងមានភាពជឿជាក់ដល់ពួកគាត់។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានឧបត្ថម្ភថវិកា ដល់មន្រ្តីរាជការជានារីទាំង៥៣៧នាក់ ក្នុងម្នាក់ៗថវិកា២០ម៉ឺនរៀល រួមនឹងសារុង ១ ផងដែរ៕










ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
000543
ម្សិលមិញ :
002408
សរុប :
4510659
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា