September 27, 2018
មន្រ្តីរាជការចូលនិវត្តន៍ប្រមាណជិត ៦០០នាក់ បានទទួលការយកចិត្តទុកដាក់ សំណេះសំណាលសាកសួរសុខទុក្ខពី ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅទីស្ដីការក្រសួង នាថ្ងៃព្រហស្បតិ៍ ៣រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៨។ ក្នុងឱកាសជួបសំណេះសំណាលនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា​ សុផារ៉ា បានឱ្យដឹងថា នេះជាលើកទី២ហើយដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំពិធីជួបជាមួយមន្រ្តីចូលនិវត្តន៍របស់ក្រសួង ដែលលើកទី១ គឺបានធ្វើឡើងកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ ដែលកាលនោះបានឯកភាពគ្នា ថាក្នុងមួយឆ្នាំត្រូវមានការជួបជុំគ្នាចំនួន ២ដង គឺនៅពេលបុណ្យចូលឆ្នាំប្រពៃណីជាតិ និងម្ដងទៀតនៅថ្ងៃបុណ្យកាន់បិណ្ឌ ដើម្បីបានដឹងពីសុខទុក្ខ ឬ ក្ដីកង្វល់ បញ្ហាប្រឈមណាមួយរបស់មន្រ្តីចូលនិវត្តន៍ទាំងអស់។ ចាប់ពីឆ្នាំ១៩៩៩ រហូតដល់ឆ្នាំ២០១៨ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មាននិវត្តជនសុរប ៧៩៨នាក់ ដែលក្នុងនោះ ៧៨នាក់បានចូលរួមជាមួយក្រុមការងារដោះស្រាយវិវាទដីធ្លីចល័ត ដែលពួកគាត់សុទ្ធតែជាអ្នកជំនាញ ធ្លាប់មានបទពិសោធន៍អាចរ៉ាប់រងកិច្ចការនេះបាន។ ក្នុងនាមថ្នាក់ដឹកនាំរបស់ក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានអំពាវនាវដល់និវត្តជនរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានលទ្ធភាពគួរតែបានរួមចំណែកក្នុងការងារដោះស្រាយវិវាទដីធ្លីនេះ ដោយអាចចុះឈ្មោះនៅក្នុងក្រុមការងារដោះស្រាយវិវាទដីធ្លីរបស់ក្រសួង ឬ អាចចុះឈ្មោះនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី តាមបណ្ដារាជធានី ខេត្ត ដែលជាមូលដ្ឋានរបស់ខ្លួនរស់នៅបានផងដែរ ដើម្បីអាចបន្សល់ទុកនូវស្នាដៃ រួមចំណែកក្នុងការងារដោះស្រាយវិវាទដីធ្លីនេះ។ ម្យ៉ាងទៀត ឆ្លៀតឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  ជូនចំពោះមន្រ្តីចូលនិវត្តន៍ទាំងអស់របស់ក្រសួង ព្រមទាំងក្រុមគ្រួសាររបស់ពួកគាត់ ដែលជានិច្ចកាល សម្ដេចទាំងពីរតែងតែគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខ ក្ដីកង្វល់ បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានចាត់ទុកថា​ មន្រ្តីចូលនិវត្តទាំងអស់ គឺជាធនធានមន្រ្តី ដែលសុទ្ធតែមានជំនាញបទពិសោធន៍ច្បាស់លាស់ដោយបានរួមចំណែកក្នុងការកសាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាប់តាំងពីផ្ដើមដំបូង រហូតមកដល់បច្ចុប្បន្ននេះ ស្របតាមលទ្ធភាពដែលខ្លួនបានរួមចំណែក ពង្រឹងស្ថាប័ន ដែលជាស្ថាប័នមួយបានផ្ដល់សេវាជាច្រើនជូនប្រជាពលរដ្ឋ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា ការជួបជុំគ្នានាពេលនេះ ក៏ដើម្បីបង្ហាញពីការវិវត្តន៍ជារួមនូវគោលនយោបាយរបស់ប្រទេសជាតិ និងការវិវត្តន៍របស់ក្រសួងក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល​ថាតើបានដំណើរការដល់កម្រឹតណា ជារួមយើងសង្កេតឃើញថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងបានបំពេញតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋលើគ្រប់វិស័យ និងដឹកនាំប្រទេសឱ្យមានសុខសន្ដិភាព ស្ថិរភាពនយោបាយពេញផ្ទៃប្រទេស។ ដោយសារស្ថេរភាពនេះហើយ បានធ្វើឱ្យរាជរដ្ឋាភិបាលមានការជំរុញអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច ដែលចាត់ទុកថាកំណើនសេដ្ឋកិច្ចនេះមាន ៧%ក្នុងមួយឆ្នាំ ដែលមានលទ្ធភាពអាចបង្កើនប្រាក់ចូលនិវត្តន៍ដល់និវត្តជនទាំងអស់ និងអាចបែងចែកទៅលើការងារអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធ និងបណ្ដាវិស័យផ្សេងៗទៀត ដែលជាគោលដៅចំបងក្នុងអណត្តិទី៦នេះ។ គោលដៅជាអាទិភាពទី១ ក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺកត្តាធនធានមនុស្ស និងជាបន្តបន្ទាប់ គឺកត្តាផ្លូវ ទឹក ភ្លើង​។ រឺឯភាពក្រីក្ររបស់ប្រជាពលរដ្ឋ ត្រូវបានកាត់បន្ថយ ១% ជារៀងរាល់ឆ្នាំ ហើយកម្ពុជាក៏បានក្លាយជាគោលដៅទេសចរណ៍របស់អ្នកទេសចរលើពិភពលោក ដែលនេះចាត់ទុកថាជាមោទនភាពមួយរបស់កម្ពុជា ដែលបានរក្សាសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ មកម្ល៉េះ។ ប្រជាពលរដ្ឋបានមើលឃើញពីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលទើបធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្ត បន្តផ្ដល់ការគាំទ្រតាមរយៈការបោះឆ្នោត ដើម្បីឱ្យរាជរដ្ឋាភិបាល ដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បានបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅមុខ ក្នុងនីតិកាលទី៦ ជាបន្តទៀត។ តាមរយៈការជួបជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានស្នើដល់មន្រ្តីចូលនិវត្តន៍ទាំងអស់ ទោះបីផ្លាស់ទីលំនៅ   ទៅរស់នៅទីណាក្ដី សូមឱ្យបញ្ជូនលិខិតស្នាម ឬ លេខទូរស័ព្ទផ្ទាល់ខ្លួន និងក្រុមគ្រួសារ តាមរយៈទំនាក់ទំនងណាមួយក្ដី មកកាន់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី តាមបណ្ដា រាជធានី ខេត្ត ដើម្បីនៅពេលមានកិច្ចការណាមួយត្រូវបំពេញ ឬ មានបញ្ហាប្រឈម ឬ សំណួមពរផ្សេងៗ គឺមានភាពងាយស្រួលក្នុងការទំនាក់ទំនងគ្នាដោះស្រាយ៕















 
ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
003038
ម្សិលមិញ :
005511
សរុប :
4705840
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា