October 11, 2018
ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពស់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធពិព័រណ៍ទេសចរណ៍កម្ពុជា-អន្តរជាតិលើកទី២ នៅថ្ងៃព្រហស្បតិ៍ ២កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១១ ខែតុលា ឆ្នាំ២០១៨។ ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានមានប្រសាសន៍ថា ពិធីរបស់យើងនាពេលនេះ បានរៀបចំឡើងស្របពេលដែលព្រះរាជាណាចក្រកម្ពុជា ទើបបានទទួលជោគជ័យដ៏ត្រចះត្រចង់ និងជាប្រវត្តិសាស្រ្ត ក្នុងការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ដែលបានប្រព្រឹត្តទៅយ៉ាងទៀតទាត់ និងត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយលក្ខណៈសេរី និងយុត្តិធម៌ ស្ថិតក្នុងបរិយាកាសនយោបាយ អព្យាក្រឹត្យ តម្លាភាព សន្ដិភាព និងគ្មានអំពើហិង្សា ដែលប្រជាពលរដ្ឋកម្ពុជា ៨៣,០២% នៃបញ្ជីឈ្មោះបោះឆ្នោត បានអនុវត្តយ៉ាងពេញលេញនូវសិទ្ធិរបស់ខ្លួនដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ដោយបានអញ្ជើញទៅបោះឆ្នោតច្រើនកុះករ នៅគ្រប់ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេស ប្រកបដោយភាពរីករាយ ថ្លៃថ្នូរ និងការទទួលខុសត្រូវខ្ពស់ក្នុងភាពជាម្ចាស់ប្រទេស។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានបន្តថា លទ្ធផលនៃការបោះឆ្នោត មិនត្រឹមតែបង្ហាញកាន់តែច្បាស់នូវសច្ចៈភាពមិនអាចប្រកែកបានថា ប្រព័ន្ធប្រជាធិបតេយ្យ សេរី ពហុបក្ស ត្រូវបានធានា ការពារ និងចាក់គ្រឹះកាន់តែរឹងមាំឡើងនៅក្នុងផលប្រយោជន៍ដ៏ឧដុង្គឧត្តមរបស់កម្ពុជាប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏អាចឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ប្រជាជាតិកម្ពុជាប្ដេជ្ញាចិត្តឈានឆ្ពោះទៅមុខឥតថយក្រោយលើមាគ៌ាសន្ដិភាព អធិបតេយ្យភាព និងការអភិវឌ្ឍ។ មាគ៌ានេះហើយ ដែលធ្វើឱ្យកម្ពុជាបានទទួលនូវកិត្តិយសត្រឡប់មកវិញនៅលើពិភពលោក ទាក់ទាញ និងផ្ដល់ឱកាសឱ្យភ្ញៀវទេសចរណ៍ជិតឆ្ងាយចូលមកទស្សនាព្រះរាជាណចក្រ ដែលសម្បូរណ៍ដោយសិល្បៈ វប្បធម៌ អរិយធម៌ និងធម្មជាតិ ដ៏ស្រស់ត្រកាលរបស់យើង។ ក្នុងន័យនេះ ឯកឧត្តម ឧបនាយកនាយករដ្ឋមន្រ្តី បានប្រកាសជាឱឡារិក គាំទ្រសេចក្ដីថ្លែងការណ៍របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណចក្រកម្ពុជា ធ្វើឡើងនៅប្រទេសជប៉ុនកាលពីថ្ងៃទី ៧​ ខែតុលា ឆ្នាំ២០១៨ ដែលបញ្ជាក់ជំហរដ៏ម៉ឺងម៉ាត់ក្នុងការការពារអធិបតេយ្យភាព ឯករាជ្យជាតិ និងសន្ដិភាព ដោយមិនចុះញ៉មជាមួយបរទេស ព្រោះតែជំនួយ ឬ ការគំរាមសម្លុតណាមួយឡើយ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានសង្កត់ធ្ងន់ថា ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស បាននឹងកំពុងតែសប្បាយរីករាយទទួលនូវមនុញ្ញផលនៃការអនុវត្តយុទ្ធសាស្រ្តចតុកោណ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព ដែលជារបៀបវារៈអភិវឌ្ឍសង្គម - សេដ្ឋកិច្ច របស់រាជរដ្ឋាភិបាល និងដែលបានធ្វើឱ្យកម្ពុជា មានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំក្នុងរង្វង់ ៧% ព្រមទាំងសម្រេចបាននូវបង្គោលគោចរជាប្រវត្តិសាស្រ្ត និងការឆ្លងមកជាប្រទេសមានចំណូលមធ្យមកម្រិតទាបជាផ្លូវការនៅឆ្នាំ២០១៥ និងត្រូវបានប្រសិទ្ធនាមថា "ខ្លាសេដ្ឋកិច្ចនៅអាស៊ី" នៅឆ្នាំ២០១៦។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានបន្តទៀតថា វិស័យសសរស្ដម្ភទាំង ៤ នៃកំណើន មានវិស័យកសិកម្ម ឧស្សាហកម្ម សំណង់ និងទេសចរណ៍ មានការរីកចម្រើនគួរជាទីមោទនៈ។ កម្ពុជា ដែលពីមុនល្បីថា ជាវាលពិឃាត ជាតំបន់អសន្ដិសុខ ជាចម្ការមីន ដែលគេភ័យខ្លាចគ្រប់ៗគ្នា ឥឡូវក្លាយទៅជាប្រទេសមួយ ដែលមានសន្ដិភាពពេញលេញ និងជាតំបន់ទេសចរណ៍ប្រកបដោយប្រជាប្រិយភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍បន្តទៀត វិស័យទេសចរណ៍បាននឹងកំពុងដើរតួរយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក ក៏ដូចជាជំរុញឱ្យប្រជាជននៅជុំវិញផែនដីផ្សារភ្ជាប់ទំនាក់ទំនងគ្នា តាមរយៈការធ្វើដំណើរទស្សនាចរណ៍ដែលបង្កើតភាពស្និទ្ធស្នាល សាមគ្គីភាព និងការស្វែងយល់ពីគ្នាទៅវិញទៅមក ពីវប្បធម៌ចម្រុះជាតិសាសន៍ ជុំវិញពិភពលោក។ អង្គការទេសចរណ៍ពិភពលោក បានឱ្យដឹងថា ទេសចរពិភពលោកធ្វើដំណើរចំនួន ១ ៣២៦ លាននាក់ ក្នុងឆ្នាំ២០១៧ និងកើនឡើង ដល់ ១ ៨០០ លាននាក់ នៅឆ្នាំ២០៣០។ ទន្ទឹមនេះ វិស័យទេសចរណ៍កម្ពុជា កំពុងមានការរីកចម្រើនយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ដូចជា ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ឆ្នាំ២០១៧ កម្ពុជាទទួលបានទេសចរអន្តរជាតិ ចំនួន ៥,៦លាននាក់ កើនឡើង ១១,៨% ដែលបានបង្កើតប្រាក់ចំណូលជូនជាតិ ចំនួន ៣,៦ លានដុល្លារ កើនឡើង ១៣% ស្មើនឹង ១២,៣% នៃផលិតផលក្នុងស្រុកសរុប។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពមួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ បានចូលរួមកាត់បន្ថយភាពក្រីក្រយ៉ាងមានប្រសិទ្ធភាព។ វិស័យទេសចរណ៍កម្ពុជា បានធ្វើឱ្យកម្ពុជា  មានសិទ្ធិស្មើមុខស្មើមាត់ជាមួយប្រទេសនានាក្នុងតំបន់នៅលើឆាកអន្តរជាតិ តាមរយៈការទទួលបាននូវពានរង្វាន់លំដាប់ថ្នាក់ពិភពលោកជាច្រើន ពីស្ថាប័នទេសចរណ៍អន្តរជាតិល្បីៗនានាជាបន្តបន្ទាប់។ ជាក់ស្ដែង កាលពីខែឧសភា កន្លងទៅ ប្រាសាទអង្គរវត្តរបស់កម្ពុជា បានជាប់ជាសំណង់ប្រវត្តិសាស្រ្តដ៏អស្ចារ្យបំផុតនៅលើពិភពលោកឆ្នាំ២០១៨ ពីទីភ្នាក់ងារប្រឹក្សាយោបល់ក្នុងការធ្វើដំណើរពិភពលោក TripAdvisor ដែលនេះបញ្ជាក់ឱ្យឃើញពីភាពល្បីល្បាញ និងការទទួលស្គាល់យ៉ាងច្បាស់ពីសំណាក់ទេសចររាប់លាននាក់ជុំវិញពិភពលោក មកលើគោលដៅទេសចរណ៍កម្ពុជា។ ជាមួយគ្នានេះ វិស័យទេសចរណ៍នៅកម្ពុជា ដែលជាទេសចរណ៍វប្បធម៌ និងធម្មជាតិ ជា "មាសបៃតង" បាននឹងកំពុងបោះជំហានរីកចម្រើនយ៉ាងខ្លាំងជាលំដាប់ ដោយរក្សាបាននូវកំណើនជារៀងរាល់ឆ្នាំ។ រាជរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាយ៉ាងមុតមាំក្នុងការថែរក្សាឱ្យបានូវសុខសន្ដិភាព ស្ថិរភាព ដើម្បីបន្តអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ដោយនឹងបន្តខិតខំបន្ថែមទៀត ដើដ្បីប្រែក្លាយកម្ពុជាដែលជាប្រទេសេមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ឈរលើស្មារតីនេះ រាជរដ្ឋាភិបាលកម្ពុជាប្ដេជ្ញាចិត្ត បន្តអនុវត្តវិធានការគន្លឹះសំខាន់ៗមួយចំនួន ដើម្បីផ្សារភ្ជាប់ឧស្សាហកម្មទេសចរណ៍កម្ពុជា ទៅនឹងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដែលផ្ដោតខ្លាំងទៅលើឌីជីថលរូបនីយកម្ម ដើម្បីចាប់យកការអភិវឌ្ឍជាវិជ្ជមាន និងកាត់បន្ថយកង្វក់ និងធានាឱ្យបាននូវទស្សនទាន "បច្ចេកវិទ្យាទំនើបសម្រាប់វិស័យទេសចរណ៍ វិស័យទេសចរណ៍សម្រាប់បច្ចេកវិទ្យាទំនើប" ឬ អាចហៅបានថា "ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយភាពវៃឆ្លាត" រាជរដ្ឋាភិបាលកម្ពុជា នឹងអនុវត្តនូវវិធានការមួយចំនួន ដូចជា៖ ១/.ផ្សារភ្ជាប់ចក្ខុវិស័យទេសចរណ៍ ឆ្នាំ២០៣០ ជាមួយបដិវត្តន៍ឧស្សាហកម្មជំនាន់៤ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងបរិយាប័ន្ន ដោយផ្អែកលើយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាល នីតិកាលទី៦នៃរដ្ឋសភា ព្រមទាំងរួមបញ្ចូលកម្មវិធីអភិវឌ្ឍន៍សំខាន់ៗ លើផ្នែកបច្ចេកវិទ្យា ការអភិវឌ្ឍធនធានមនុស្សក្នុងឧស្សាហកម្មទេសចរណ៍ សំដៅធានាឱ្យបានថា "ការប្រើប្រាស់នវានុវត្តន៍ និងភាពជឿជាក់នៃបច្ចេកវិទ្យា" នឹងផ្ដល់ឱ្យវិស័យទេសេចរណ៍នូវកាលានុវត្តភាព ដល់ការលើកកម្ពស់ប្រសិទ្ធភាពក្នុងវិស័យទេសចរណ៍ ការជំរុញបរិយាប័ន្នក្នុងឧស្សាហកម្មទេសចរណ៍ ការលើកកម្ពស់សិទ្ធិអំណាចសហគមន៍មូលដ្ឋាន និងការគ្រប់គ្រងធនធានប្រកបដោយចីរភាព និងការចូលរួមសម្រេចបាននូវរបៀបវារៈផ្សេងៗទៀត នៃការអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០៣០ និងត្រៀមទទួលភ្ញៀវទេសចរណ៍អន្តរជាតិ ១៥ លាននាក់ នៅឆ្នាំ២០៣០។ ២/. រៀបចំកម្មវិធីពង្រឹងសមត្ថភាពមនុស្សក្នុងវិស័យទេសចរណ៍ តាមរយៈការលើកកម្ពស់គុណភាព នៃការអប់រំកម្រឹតខ្ពស់ ការបណ្ដុះបណ្ដាលជំនាញពាក់ព័ន្ធនឹងឧស្សាហកម្មទេសចរណ៍ ឱ្យស្របតាមនិន្នាការនៃការរីកចម្រើនបច្ចេកវិទ្យា និងឌីជីថលរូបនីយកម្ម។ ៣/.លើកកម្ពស់ការស្រាវជ្រាវ និងនាវានុវត្តន៍ក្នុងឧស្សាហកម្មទេសចរណ៍ ពង្រឹងនូវសមត្ថភាព សហគ្រិនភាព ក្នុងការរៀបចំគម្រូធុរកិច្ច បង្កើតការងារថ្មី និងតម្រង់ទិសថ្មីរបស់សេដ្ឋកិច្ចឌីជីថល នាពេលអនាគត សម្រាប់ឧស្សាហកម្មទេសចរណ៍កម្ពុជា។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី  ជា សុផារ៉ា ជឿជាក់ថា អ្នកជំនាញទេសចរណ៍ និងក្រុមហ៊ុនទេសចរណ៍ជាតិ និងអន្តរជាតិទាំងអស់ ដែលចូលរួមព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍កម្ពុជា អន្តរជាតិ ឆ្នាំ២០១៨ និងជួយចែករំលែកបទពិសោធន៍ គំនិត និងទស្សនៈល្អៗ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដើម្បីឆ្ពោះទៅរកប្រព័ន្ធឌីជីថល។ ព្រឹត្តិការណ៍ឆ្នាំនេះ ពិតជាចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា កាន់តែរីកចម្រើនបន្ថែមទៀតនាពេលខាងមុខ៕    




















 
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
003510
ម្សិលមិញ :
003326
សរុប :
5512289
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា