August 01, 2019
នាព្រឹកថ្ងៃពុធ ១៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងបើកការដ្ឋានសាងសង់អគារពហុមុខងារ Morgan the Pure Bay របស់ក្រុមហ៊ុន អេវើ  អឹសេន ឌីវេឡុបម៉ិន ឯ.ក នៅខេត្តព្រះសីហនុ ។   តាមលោក ទីង យ៉ុងជុន ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Morgan the Pure Bay បានឱ្យដឹងថា អគារ Morgan the Pure Bay ជាគម្រោងរបស់ក្រុមហ៊ុនមេ Morgan Group ដែលមានទីតាំងនៅអគារ Morgan Tower កោះពេជ្រ គឺជាសមិទ្ធផលថ្មីមួយទៀត របស់  Morgan Penin Sula Garden នៅក្រុងព្រះសីហនុ ។ អគារ Morgan the Pure Bay ដែលត្រូវបើកការដ្ឋានសាងសង់នាពេលនេះមានទីតាំងស្ថិតនៅឆ្នេរអូរត្រេះដែលមានឆ្នេរខ្សាច់សស្អាត ដូច្នេះនេះជាកត្តាដែលក្រុមហ៊ុនបានសម្រេចចិត្តសាងសង់អគារនៅក្បែរសមុទ្រ ដើម្បីបំពេញតម្រូវការដល់អ្នកដែលចូលចិត្តបរិយាកាសបែបនេះ ។  Morgan the Pure Bay មានកម្ពស់៣៨ជាន់ ក្រឡាផ្ទៃដី ៣,២ហិកតា និងក្រឡាផ្ទៃសំណង់ ៤៥ម៉ឺនម៉ែត្រការ៉េ ខុនដូបែរទៅមាតសមុទ្រមានក្រឡាផ្ទៃ២៧ម៉ឺនម៉ែត្រការ៉េ បន្ទប់ប្រណិត មាន៣ម៉ឺនម៉ែត្រការ៉េ ជាអគារពាណិជ្ជកម្ម ដែលប្រមូលផ្តុំទៅដោយផ្សារទំនើបជាច្រើននៅទូទាំងពិភពលោក ។ក្រុមហ៊ុននឹងប្រើប្រាស់រយះពេល ៣៨០ថ្ងៃ ទាំងថ្ងៃទាំងយប់ ក្នុងការកសាងអគារក្បែរសមុទ្រលំដាប់លេខមួយ ដ៏ប្រណិតនេះ ក្រោមប្រធានបទអគាពាណិជ្ជកម្ម ប្រមូលផ្តុំទៅដោយផ្សារទំនើបនៅជ។វិញពិភពលោក  ក្នុងនោះមានផ្សាររួចពន្ធមកពីបណ្តាប្រទេសលើពិភពលោក ហាងយីហោអន្តរជាតិល្បីៗ ក្លឹបវីអាយភី ភោជនីយដ្ឋានលំដាប់កំពូល មជ្ឈមណ្ឌលបែបអន្តរជាតិ មជ្ឈមណ្ឌលកម្សាន្ត ដែលធ្វើឱ្យអ្នករស់នៅទទួលបានជីវភាពលំដាប់អន្តរជាតិ ជាសេវាកម្មបែបអភិជន ។    ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានចាត់ទុកការកសាងអគារពហុមុខងារ Morgan the Pure Bay នេះថាជាការចូលរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍកំណើនសេដ្ឋកិច្ចកម្ពុជា ដែលនឹងផ្តល់ការងារយ៉ាងច្រើនដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ទទួលបាននូវការកាត់បន្ថយភាពក្រីក្រស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណកំណាក់កាលទី៤របស់រាជរដ្ឋាភិបាល ។ ខេត្តព្រះសីហនុ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទទួលបានការបណ្តាក់ទុនយ៉ាងច្រើនសន្ធឹកសន្ធាប់ ពីវិនិយោគិនបរទេស ជាហេតុនាំឱ្យខេត្តមានសន្ទុះអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ។ បច្ចុប្បន្ន អ្នកវិនិយោគិនចិន ស្ថិតនៅលំដាប់លេខ១ ដែលមកបណ្តាក់ទុន វិនិយោគ ភាគច្រើនក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ដឹកជញ្ជូន សំណង់ ទេសចរណ៍ និងកាស៊ីណូ ។ ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ ឯកឧត្តម បានថ្លែងអំណរគុណដល់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីចូលរួមអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យមានការរីកចម្រើនក្នុងនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានកសាងខ្លោងទ្វារច្រកចូលឆ្នេរកម្សាន្តក្រាលថ្មក្រានីតនៅឆ្នេរអូរឈើទាល និងឆ្នេរឯករាជ្យ ពិសេសបានជំរុញការកែលំអរតូបកម្សាន្ត នៅតាមបណ្តោយឆ្នេរឱ្យមានស្តង់ដា ជាមួយក៏បានដឹកនាំយុទ្ធនាការដាំកូនឈើនាងនួនបាន ៣០៣៨ដើម នៅតាមដងវិថី និងព្រែក អូរដាំកូនកោងកាងបាន១ម៉ឺនដើម និងសាងសង់ស្ថានីយបូមទឹកកខ្វក់ចំនួន៥កន្លែងជាពិសេសបានជំរុញការសិក្សាប្លង់គោលប្រើប្រាស់ដីធ្លីចក្ខុវិស័យឆ្នាំ២០៣០ផងដែរ ។   ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា មានប្រសាសន៍ថា គម្រោងសាងសង់អគារ Morgan the Pure Bay នេះពិតជាបានរួមចំណែកបន្ថែមទៀតក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ហើយជាការចូលរួមក្នុងការអភិវឌ្ឍលើវិស័យអចលនទ្រព្យនៅកម្ពុជា និងអាចបង្ហាញឱ្យឃើញថាជាការជួយដល់ប្រជាពលរដ្ឋ ឱ្យមានការងារធ្វើ ដោយមិនចាំបាច់ធ្វើដំណើរប្រកបដោយហានិភ័យទៅរកការងារធ្វើនៅបណ្តាប្រទេសជិតខាង ដែលចាត់ទុកថាគម្រោងនេះនឹងបានជោគជ័យពិតប្រាកដ ដោយសារក្រុមហ៊ុននេះបានរកដៃគូដែលធ្លាប់មានស្នាដៃទៅលើវិស័យអចលនទ្រព្យរយះពេលជាង២៥ឆ្នាំមកហើយ ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សង្ឃឹមថា គម្រោងដែលត្រូវបើកការដ្ឋានសាងសង់នាពេលនេះនឹងសម្រេចជោគជ័យតាមការគ្រោងទុកដោយអនុវត្តតាមស្តង់ដាបច្ចេកទេសសាងសង់ និងលក្ខន្តិកៈនៃការគ្រប់គ្រងសំណង់ ហើយនឹងបានដាក់ឱ្យដំណើរការជាទូទៅនៅខេត្តព្រះសីហនុ នាពេលឆាប់ៗខាងមុខនេះ ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានលើកឡើងថាការអភិវឌ្ឍគ្រប់វិស័យនៅកម្ពុជា គឺអាស្រ័យដោយមានការដឹកនាំពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលមានកម្មវិធីនយោបាយដ៏ត្រឹមត្រូវដែលផ្តល់ឱកាសដល់វិនិយោគិនគ្រប់ទិសទី ទាំងក្នុងនិងក្រៅប្រទេសឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ប្រកបដោយភាពកក់ក្តៅក្នុងក្តីសង្ឃឹម លើស្ថេរភាពនយោបាយ សុខសន្តិភាពនៅកម្ពុជា ។ ឯកឧត្តមបានអំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ចគ្រប់ជំនាញ គ្រប់ទិសទី អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ និងប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ត្រូវមានករគាំទ្រគ្រប់រូបភាពដល់បណ្តាវិនិយោគិនដើម្បីជំរុញការវិនិយោគបន្តទៀត និងបង្កភាពកក់ក្តៅដល់អ្នកវិនិយោគ និងត្រូវរួមគ្នាថែរក្សាប​រិយាកាសនេះ ឱ្យបានល្អរឺងមាំនិងស្ថេរភាពសម្តៅផ្តល់ផលប្រយោជន៍បន្ថែមទៀត សម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងប្រជាពលរដ្ឋ ៕











សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
000664
ម្សិលមិញ :
002348
សរុប :
5576212
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា