អ៊ីមែល : mlmupc.caninet@gmail.com
January 04, 2023
នាព្រឹកថ្ងៃ​ពុធ ១៣កើត ខែ​បុស្ស ឆ្នាំ​ខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង​ថ្ងៃទី ០៤ ខែ មករា ឆ្នាំ២០២៣  ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រ​សួង​រៀប​ចំដែនដី នគរូបនីយកម្ម និង សំណង់ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា និង​សម្តេចកិតិ្តព្រឹទ្ធ​បណ្ឌិត បាន​អញ្ជើញ​ជាអធិបតី​ក្នុង​ពិធី​បញ្ចុះ​បឋម​សិលា​បើក​ការដ្ឋានសាងសង់​ព្រះពុទ្ធ​ប្បដិមា​កម្ពស់ ១០៨ ម៉ែត្រ នៅលើខ្នង​ភ្នំ​បូកគោ ក្នុង​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស “បូកគោ” ស្ថិតនៅ​ក្រុងបូកគោ ខេត្តកំពត។ ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈអភិបាលខេត្ត​កំពត មាន​ប្រសាសន៍ថា ក្រោមការ​ដឹកនាំ​របស់ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានធ្វើឱ្យ​ប្រទេស​ជាតិ​មានសុខ​សន្តិភាព​ ស្ថិរភាព​នយោបាយ និង​មាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​ទូទាំង​ប្រទេស​ក៏​ដូច​ជា​ក្នុង​ខេត្ត​កំពត មាន​ការអភិវឌ្ឍ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំខាន់ៗជាច្រើន សម្រាប់​បម្រើ​ឱ្យ​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​សំដៅ​លើក​កម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋឱ្យ​កាន់តែ​ប្រសើរ​ឡើង។ ដោយឡែក​ចំពោះ​ការ​បើកការ​ដ្ឋានសាងសង់​ព្រះពុទ្ធ​ប្បដិមា កម្ពស់១០៨ ម៉ែត្រ នៅលើ​ខ្នងភ្នំ​បូកគោ នាពេលនេះ គឺ​ជា​​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​ក្នុង​ខេត្តកំពត ក្នុងការ​រួមចំណែក​លើក​កម្ពស់ការ​ប្រតិបត្តិ​ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋនិងបង្កើតបាននូវសក្តានុពលទេសចរណ៍ថ្មីមួយទៀតផងដែរ។ លោកជំទាវ​ឧកញ៉ា សុខ ចន្ថា តំណាង​ក្រុមហ៊ុន​សុខាអូតែល បានឱ្យដឹងថា ដោយ​ពិនិត្យឃើញ​ថាមាន​បណ្ដា​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក​ជាពិសេស​ប្រទេស​កាន់​ព្រះពុទ្ធសាសនា​បានសាងសង់ ព្រះពុទ្ធ រូបធំៗ ដើម្បី​រំលឹក​ដល់​គុណ​ព្រះសម្មា​សម្ពុទ្ធ​និង​ជាទីសក្ការៈ​ប្រកប​ដោយ​ភាព​ទាក់ទាញ​តាម​រចនាប័ទ្មប្រទេស​​នីមួយៗ​​នោះ ដូច្នេះ​​ហើយ ទើបក្រុមហ៊ុន​សុខាអូតែល មាន​គំនិត​ផ្ដួចផ្ដើម​សាងសង់​ព្រះពុទ្ធ​ប្បដិមាដ៏ធំមួយអង្គ​នៅលើ​ខ្នងភ្នំ​បូកគោ​ ស្ថិតក្នុង​ភូមិសាស្ត្រ​វាលស្រែ ៥០០ នៃ​ឧទ្យាន​ជាតិ​ព្រះមុនី​វង្ស​បូកគោ ដើម្បីជា​ទីសក្ការៈ​សម្រាប់​ពុទ្ធសាសនិក​ជន​ប្រតិបត្តិ​ធម៌ និង​ឧទ្ទិស​សុំសេចក្តីសុខ សេចក្តី​ចម្រើន​រុងរឿង​ជានិច្ចនិរន្ត​តរៀងទៅ សម្រាប់​ប្រជាពលរដ្ឋ និង​ព្រះរាជា​ណាចក្រកម្ពុជា​ទាំងមូល។ គម្រោង​សាងសង់​ព្រះពុទ្ធប្បដិមា​នេះ​ត្រូវ​បាន​ធ្វើការ​សិក្សា និង​សាងសង់​ស្ថាបត្យកម្ម ដោយ​យុវ​ស្ថាបត្យករ​ជា​កុលបុត្រ​កុលធីតា​ខ្មែរមួយ​ក្រុម​ដោយ​មាន​ការផ្ដល់​យោបល់​បន្ថែម​ពី​ក្រុមការងារ​អន្តរ​ក្រសួង ដឹកនាំ​ដោយ​ក្រសួង​បរិស្ថាន និងចូលរួម​ដោយ​ក្រសួង​ធម្មការ និងសាសនា ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្មនិង​សំណង់ ក្រសួង​ទេសចរណ៍ និង​រដ្ឋបាលខេត្តកំពត។ ក្នុង​ឱកាស​នោះ ឯកឧត្តម ជា សុផារ៉ា ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្រ្តី​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន​នាំមកនូវ​ការផ្ដាំផ្ញើ​សាក​សួរ​សុខទុក្ខ ក្តី​នឹក​រលឹក និង​ពរជ័យ​ពី​សំណាក់​​សម្ដេចអគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា និង​សម្ដេច​កិតិ្តព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រគេន​និង​ជូន​ចំពោះ​ព្រះ​មន្រ្តី​សង្ឃ មន្ត្រី​រាជការ​និង​ប្រជាពលរដ្ឋ​ទាំងអស់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មាន​ប្រសាសន៍​ថា ទន្ទឹម​នឹង​​ការអភិវឌ្ឍន៍​នៅលើ​ភ្នំបូកគោ ក្រុមហ៊ុន​សុខា​បាន​យកចិត្តទុកដាក់​លើ​វិស័យ​​ជំនឿ​​សាសនា ដែល​​ជាវប្បធម៌​និង​ប្រពៃណី​ទំនៀម​ទម្លាប់​ដ៏​ផូរផង់​របស់​ប្រជាពលរដ្ឋ​ខ្មែរជាយូរ​លង់ណាស់​មក​ហើយ ដោយ​បាន​បើកការដ្ឋានសាងសង់​ព្រះ​ពុទ្ធប្បដិមា​ កម្ពស់ ១០៨ ម៉ែត្រ មាន​លក្ខណៈ​ ស្របតាម​ក្បួនខ្នាត​ទំនៀម​ទម្លាប់​ព្រះពុទ្ធ​សាសនា ដែលព្រះពុទ្ធបដិមានេះមានទំហំធំ និងកម្ពស់ខ្ពស់ជាង​គេនៅ​​ព្រះរាជា​ណា​ចក្រ​​កម្ពុជា និង​ស្ថិត​នៅក្នុង​ចំណោម​ព្រះពុទ្ធ​ប្បដិមា ដែល​មាន​កម្ពស់ខ្ពស់ៗនៅ​បណ្ដា​ប្រទេស​ក្នុង​ពិភព​លោក​ផងដែរ។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន​លើក​ឡើងថា​ក្រោម​ម្លប់សន្តិភាព រាជ​រដ្ឋាភិបាល​បាន​សម្រេច​នូវ​សមិទ្ធផលថ្មីៗ ជាច្រើន​ដូចជា ១.​ធានា​បាន​ស្ថិរភាព​នយោបាយ និងសណ្ដាប់​ធ្នាប់​សង្គម​នាំមកនូវ​ការអភិវឌ្ឍន៍ ពិសេស​នៅក្នុង​ដំណាក់​កាលកូវីដ១៩ ២.ជោគ​ជ័យ​នៃ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ ៣.ជោគជ័យ​នៃ​ការរៀបចំ​កិច្ច​ប្រជុំ​កំពូល​លើកទី៤០ និង៤១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នានា​ក្នុងឋានៈ​កម្ពុជា ជា​ប្រធានអាស៊ាន ៤.ជោគជ័យ​នៃ​ការ​រៀបចំ​មហាសន្និបាត​លើកទី១៦ នៃ​ក្លឹបឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​នៅ​លើ​ពិភព​លោក ៥.គម្រោង​សាងសង់​ស្ពានឆ្លង​កាត់​ទន្លេមេគង្គ​ខេត្ត​ក្រចេះ គម្រោង​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​សាធារណរដ្ឋកូរ៉េ ជ្រោយ​ចង្វារ​អរិយក្សត្រ គម្រោង​ពង្រឹង​សមត្ថភាពប្រព័ន្ធ​បណ្ដាញ​បញ្ជូន​អគ្គិសនី​នៅខេ​ត្តព្រះសីហនុ និង​បណ្ដា​ការដ្ឋាន​សាងសង់​ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវ​ជនបទ ស្ពានធំៗ រួមទាំង​សំណង់​ប្រព័ន្ធ​ស្រោចស្រព​ខ្សែ​បណ្ដាញ​អគ្គិសនី​នៅ​ទូទាំង​ប្រទេស ៦.​​កំណើន​សេដ្ឋកិច្ច​ប៉ាន់ស្មាន​ប្រមាណ ៥,៥% នៅ​ឆ្នាំ២០២២។ ជាមួយនេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន​ថ្លែង​អំណរគុណ​ដល់​ក្រុមហ៊ុន​សុខា​អូតែល ដែល​បាន​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍន៍​តំបន់​រមណីយ​ដ្ឋានបូកគោ និង​បានផ្ដួចផ្ដើម​គំនិត​សាងសង់​ព្រះពុទ្ធ​ប្បដិមា​នេះ​ឡើង​ ដែល​នឹង​ក្លាយ​ទៅ​ជា​មជ្ឈមណ្ឌលទេសចរណ៍​ព្រះពុទ្ធសាសនា​ដ៏​ធំ​មួយ​នៅ​ព្រះរាជា​ណាចក្រ​កម្ពុជា​ និង​ពិភពលោក​៕















សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
000271
ម្សិលមិញ :
009156
សរុប :
18191081
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលនទ្រព្យនៅកម្ពុជា
sms onay film indir film indirme full program indir