អ៊ីមែល : mlmupc.caninet@gmail.com
January 10, 2023
នាព្រឹក​ថ្ងៃអង្គារ ៤រោច ខែ​បុស្ស ឆ្នាំ​ខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង​ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២៣ នៅទីស្តីការ​ក្រសួង ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានអនុញ្ញាតឱ្យ  ឯកឧត្ដម Pablo Kang ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញសមត្ថភាព​នៃប្រទេស​អូស្ត្រាលី ចូល​ជួប​សម្ដែង​ការ​គួរសម និងជម្រាបលា​បន្ទាប់​ពី​ឯកឧត្តម​បាន​បញ្ចប់​បេសកកម្ម​ការទូតនៅ​ព្រះរាជាណាចក្រ​កម្ពុជា។


ក្នុង​ជំនួបនេះ ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តី ជា សុផារ៉ា បាន​បង្ហាញ​ពី​ក្តី​រីករាយ​ដែលបាន​ជួប​ជាមួយឯកឧត្ត Pablo Kang ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញសមត្ថភាព​នៃ​ប្រទេស​អូស្ត្រាលី​ប្រចាំ​កម្ពុជា ដែលបានបញ្ចប់​បេសកកម្ម​ការទូត​ប្រកប​ដោយ​ជោគជ័យ​នៅកម្ពុជា ដែល​ចាត់ទុក​ថា​នេះ​ជា​បេសកកម្ម​មួយ​នៅ​ក្នុងដំណាក់​កាល​ដែល ឯកឧត្តម Pablo Kang ជា​ឯកអគ្គរដ្ឋទូត​បាន​ឆ្លងកាត់​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត​មួយ​គឺការរៀបចំ​កិច្ចប្រជុំ​កំពូល​លើកទី ៤០ និងទី ៤១ និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ​នានា​ក្នុងឋានៈ​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន ហើយ​ក៏​ចាត់ទុកថា​ជាការខិតខំ​ពុះពារ ដើម្បី​ឱ្យ​រួចផុត​ពី​វិបត្តិកូវីដ ១៩ ក្នុង​នោះអូស្រ្តាលី​ក៏​បាន​ជួយជ្រោមជ្រែង ដើម្បីឱ្យ​វិបត្តិ​នេះ​បាន​ធូរស្រាល ក្នុង​ពិភពលោក និង​ព្រះរាជា​ណាចក្រ​កម្ពុជា។ ចំពោះ​ការងារធនធាន​មនុស្ស យើងឃើញថា​រដ្ឋាភិបាល​អូស្រ្តាលី បាន​ជួយផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា បានទៅបន្តការ​សិក្សា​នៅ​ប្រទេស​អូស្រ្តាលី ​ជា​បន្តបន្ទាប់​ក្នុង​ចំនួន​ច្រើន​ជាង​ប្រទេស​ដទៃ​ទៀត​នៅ​លើ​ពិភពលោកដោយ​ក្នុង​នោះ ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី តែងតែ​បាន​ផ្តល់​ការលើក​ទឹកចិត្ត​ដល់​និស្សិត​កម្ពុជា ដែលបានទទួល​អាហារូបករណ៍​ទៅ​បន្តការ​សិក្សា​នៅ​ប្រទេស​អូស្រ្តាលី ផងដែរ។ ដោយឡែក​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានថ្លែង​អំណរគុណ​ដល់ ឯកឧត្តម Pablo Kang ដែល​បាន​សហការ និង​ឆ្លើយ​តបតាម​សំណើ​របស់​ក្រសួងដោយ​បាន​បញ្ជូន​អ្នកជំនាញ​មក​ជួយគាំទ្រ​លើ​សុវត្ថិភាព​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា និង​បាន​បញ្ជូន​អ្នកសិក្សា​ស្រាវជ្រាវ ដើម្បី​មក​សិក្សា​ស្រាវជ្រាវ​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា​ក្នុង​ដំណាក់កាល​ជួបវិបត្តិកូវីត១៩។ ឯកឧត្តម​មានប្រសាសន៍ថា បច្ចុប្បន្ននេះ កម្ពុជា​អាច​និយាយ​បាន​ថា​មាន​សុវត្ថិភាព ផាសុកភាព​ក៏​ដូចជាកំណើន​សេដ្ឋកិច្ច​ប៉ាន់ស្មាន​ក្នុងឆ្នាំ​២០២២ កន្លង មកនេះ គឺ​មាន​ប្រមាណ ៥,៥%។ កិច្ចការ​ដែល​ក្រសួងកំពុង​តែ​សកម្មនោះ​​គឺការ​ចុះ​បញ្ជី​ដីធ្លី​ដែល​បច្ចុប្បន្ន​នេះ​បាន ៩៦,២% ហើយ។ រី​ឯ​វិស័យ​សំណង់​វិញ​គឺក្រសួង​បាន​បញ្ចប់​ការ​សាងសង់​មន្ទីរ​ពិសោធន៍ជាតិ​សំណង់​ផងដែរ។ ក្នុង​នាម​ជា​ប្រជា​ពលរដ្ឋ​កម្ពុជា និង​ជាស្ថាប័ន​ថ្នាក់​ជាតិ ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តី ជា សុផារ៉ា សង្ឃឹម​ថា​បេសកកម្ម របស់​ ឯកឧត្តម Pablo Kang ពិតជា​បាន​ទទួល​នូវផ្លែផ្កា​សម្រាប់​ជា​ផល​ប្រយោជន៍​ក្នុង​កិច្ច​សហប្រតិបត្តិការ​ពង្រឹង​សាមគ្គីភាព ចំណងមិត្តភាព​យូរ​អង្វែង​រវាង​ប្រជាជន​កម្ពុជា និង​អូស្រ្តាលី និង​រវាងរដ្ឋាភិបាល​ប្រទេស​ទាំងពីរ ដើម្បី​ជាផលប្រយោជន៍ឱ្យ​គ្នា​ទៅវិញ​ទៅ​មក​ និង​បន្តគាំទ្រគ្នា​ទៅវិញ​ទៅមក​ ដើម្បី​សន្តិសុខ សុវត្ថិភាព​និង​ការអភិវឌ្ឍ។ ឯកឧត្តម​ក៏​បាន​ជូនពរ​ដល់ ឯកឧត្តម Pablo Kang ឱ្យ​ទទួល​បាន​ជោគជ័យ​ថ្មីៗ​ថែមទៀត ក្នុង​បេសកកម្មការងារ​នាពេល​ខាងមុខ ផងដែរ។
 
  ជាការ​ឆ្លើយតប ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​អូស្ត្រាលី​ប្រចាំ​កម្ពុជា បាន​បង្ហាញ​ពី​ក្តី​រីករាយ ដែល​បាន​បំពេញ​ការងារ​ជាមួយ​សហការី​ក្នុង​ការ​ជួយ​ដល់ប្រទេស​កម្ពុជា​ជាពិសេស​ក្នុង​ដំណាក់​កាល​ជួប​វិបត្តិ​កូវីដ ១៩។ ឯកឧត្តម​បន្ត​ថា​ប្រទេស​អូស្រ្តាលី បានផ្តល់ជំនួយ​ជា​វ៉ាក់សាំង​ប្រឆាំង​កូវីដ ១៩ ប្រភេទ Pfizer និង​ទូត្រជាក់​សម្រាប់​ស្តុក​ទុក​វ៉ាក់សាំង​ចំនួន ១៣៣ ទូ ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាតត្បាត​ពី​វីរុស​កូវីដ ១៩។ អូស្រ្តាលី​បាន​ផ្តល់​ការគាំទ្រ​ដល់​វិស័យ​សុខាភិបាល នៅ​កម្ពុជា​អស់រយៈពេល​ជាង ២ទស្សវត្ស មកហើយ និង​បាន​ធ្វើការជាមួយ​មន្ទីរពេទ្យ​ខេត្ត និង​មណ្ឌល​សុខភាព នានា ដើម្បី​ផ្តល់​សេវា​សុខាភិបាល​ដល់​ប្រជាពលរដ្ឋ​នៅ​ទីជនបទ​។ ឯកឧត្តម​បាន​ទទួល​យក​ និង​ពិនិត្យ​មើល​លើ​សំណើ​របស់​ ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី ពាក់ព័ន្ធ​នឹងមណ្ឌល​សុខភាព​ស្រុក​ក្រូចឆ្មារ ដោយ​ពិភាក្សា​ជាមួយ​ក្រុម​ការងារ ដែល​ធ្វើការ​នៅ​ក្នុង​កម្មវិធី​ស្ម័គ្រ​ចិត្ត ដើម្បីបញ្ជូន​ពួកគាត់​មក​ជួយ​លើ​ផ្នែក​សុខាភិបាល នៅ​មណ្ឌល​សុខភាព​ស្រុក​ក្រូចឆ្មារ ដែល​យើង​ក៏​ធ្លាប់​មាន​អ្នកស្ម័គ្រចិត្ត​ជា​ជនជាតិ​អូស្រ្តាលី ដែល​បាន​មក​កម្ពុជា កាលពី​ចុងឆ្នាំ​មុន និង​មាន​អ្នកស្ម័គ្រចិត្ត​ ដែល​ពាក់ព័ន្ធ​នឹងវិស័យ​សុខាភិបាលផងដែរ ​ដើម្បី​មក​ជួយ​លើ​វិស័យ​សុខាភិបាល​នៅកម្ពុជា។ ឯកឧត្តម​បាន​បង្ហាញ​ពី​ក្តីរីករាយ ដែល​ក្នុង​អាណត្តិ​ការទូត​របស់ឯកឧត្តម គឺ​ឯកឧត្តម​បាន​ជួប​ជាមួយ​រដ្ឋមន្រ្តី​គ្រប់​ក្រសួង​ទាំងអស់ នៅកម្ពុជា​ក្នុងនោះ​មាន​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ ផងដែរ ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជួយ​ដល់​កម្ពុជា​លើ​គ្រប់​ផ្នែក​គ្រប់​វិស័យ សំដៅ​ពង្រឹង​ចំណង​ទាក់ទង​មិត្តភាព​សាមគ្គី​ភាព​គ្នា​ទៅ​វិញ​ទៅមក​​វាង​កម្ពុជា​និង​អូស្រ្តាលី​ឱ្យ​កាន់​តែ​ប្រសើរ​ឡើងថែមទៀត​៕






សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
000277
ម្សិលមិញ :
009156
សរុប :
18191087
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលនទ្រព្យនៅកម្ពុជា
sms onay film indir film indirme full program indir