អ៊ីមែល : mlmupc.caninet@gmail.com
February 26, 2023
នាព្រឹកថ្ងៃ​អាទិត្យ​ ៧កើត​ ខែផល្គុន​ ឆ្នាំ​ខាល​ ចត្វាស័ក​ ព.ស.២៥៦៦​ ត្រូវនឹងថ្ងៃទី​ ​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ ឯកឧត្ដម​ ជា ​ សុផារ៉ា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​​ក្រសួង​រៀប​ចំ​​ដែនដី​ នគរូបនីយកម្ម​ និងសំណង់​ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ខេត្តត្បូងឃ្មុំ​ តំណាង​ដ៏ខ្ពង់ខ្ពស់​ សម្តេច​អគ្គមហាសេនា​បតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​​កម្ពុជា​ និង​សម្តេច​កិ​ត្តិបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផល​នានា​ ក្នុងវត្ត​ខេមឃោសារាម​ ហៅវត្ត​ទួលទ្រាជើង ស្ថិត​នៅឃុំជប់ ស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ​។


  តាម ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាល​នៃគណៈអភិបាល​ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា នៅខេត្តត្បូងឃ្មុំ មានវត្ត​សរុប ២៥៥ វត្ត អាស្រម ៦ ព្រះសង្ឃ ២៨៤៥ អង្គ ក្នុងនោះ​នៅស្រុកត្បូងឃ្មុំមាន ៦៧ វត្ត អាស្រម ២ និង​មាន​ព្រះសង្ឃ​សរុប ៦៥២ អង្គ។ ដោយឡែក វត្តខេមឃោសារាម ហៅវត្ត​ទួលទ្រាជើង ជាវត្តមួយ​ក្នុង​ចំណោម​វត្ត​ទាំង៣ នៅ​ឃុំ​ជប់ ស្ថិត​នៅ​ទីប្រជុំជន ដែល​មាន​ផ្ទៃក្រឡា ២២ ៦០០ ម៉ែត្រការ៉េ និង​មាន​ចម្ងាយ​ប្រមាណ ៤៥គម ពីទីរួម​ខេត្តត្បូងឃ្មុំ។ វត្តនេះ​ត្រូវបាន​ចាប់ផ្តើម​កសាង​ឡើង​នាឆ្នាំ ១៩៤៦ រហូតមក​ដល់​បច្ចុប្បន្ន​មាន​អាយុកាល ៧៧ ឆ្នាំ និង​ត្រូវ​បានគ្រប់គ្រង ដោយ​ព្រះចៅអធិការ ១០អង្គ​ហើយ។ វត្តនេះ​ក៏មិនខុសពីវត្តដទៃទៀត នៅទូទាំង​ប្រទេស​ដែរ គឺ​បានឆ្លងកាត់​នូវ​វិនាសកម្ម​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​ធ្វើឱ្យវត្តនេះ​រងនូវការ​បំផ្លិច​បំផ្លាញ​ខ្ទេចខ្ទី​គ្មានសល់​ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត នេះ។ ក្រោយថ្ងៃ​រំដោះ ៧ មករា ១៩៧៩ វត្ត​ខេមឃោសារាម ហៅវត្ត​ទួលទ្រាជើង ត្រូវបាន​ចាប់ផ្តើម​កសាង​ឡើងវិញ​ជា​បន្ត​បន្ទាប់​រហូតមក​ដល់​បច្ចុប្បន្ន។ ដោយឡែក​សមិទ្ធផលនានា ក្នុងវត្ត​ដែល​ត្រូវ​សម្ពោធ​ឆ្លងដាក់​ឱ្យប្រើប្រាស់​ជាផ្លូវការ​នាពេលនេះ រួមមាន ឧបដ្ឋានសាលា ទំហំ ១៩,៥  x ៤២,៥ ម មហារោង ទំហំ ៣០x ៩ម ចំណាយ​ថវិកា​សរុប​អស់ ៤៣៦០០៦ ដុល្លារ​អាមេរិក ដែល​ទទួល​បាន​ការឧបត្ថម្ភ​ពី ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែតនិងលោកជំទាវ រួមនិងសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត ដោយក្នុងនោះវត្តនៅខ្វះថ្លៃជាងសាងសង់ចំនួន ១៥៧០០ ដុល្លារអាមរិក ទៀតផងដែរ។


ក្នុ​ងឱកាស​នោះ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង​ជាប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ខេត្តត្បូងឃ្មុំ បាននាំ​មកនូវ​ការផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ និងការ​នឹករលឹក​គោរព​ស្រលាញ់​ពី សម្តេចអគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេន​ដល់​ព្រះសង្ឃ​និង​ជូនចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​ស្រុក​ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ពិសេស​ប្រជាពលរដ្ឋ​ក្នុង​ឃុំជប់ និង​អាចារ្យ គណៈកម្មការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ទាំងអស់ ដែលមានវត្តមាននៅទីនេះ ដែលជានិច្ចកាល​សម្តេច​តែងតែ​បានខិតខំ​បំពេញ​តាមបំណង​ប្រាថ្នា​របស់​ប្រជាពលរដ្ឋលើគ្រប់​វិស័យ​​ទាំង​វិស័យ​អាណាចក្រ និង​ពុទ្ធចក្រ និង​ដោះស្រាយ​រាល់បញ្ហា​ប្រឈម​នានា​របស់​ប្រជាពលរដ្ឋ សំដៅ​ធ្វើយ៉ាងណា​ឱ្យពួកគាត់​មានសេចក្តីសុខ​សុភមង្គល​រីកចម្រើន​ទៅមុខទៀត​ ដល់កូនចៅ​ជំនាន់​ក្រោយ និង​បានជួយ​លើកស្ទួយ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ឱ្យប្រសើរ​ឡើង ដូច្នេះ​ទើបពួកគាត់​អាចមាន​លទ្ធភាព​ធនធាន​គ្រប់គ្រាន់​ក្នុងការ​ធ្វើ​បុណ្យទាន និង​កសាងសមិទ្ធផលផ្សេងៗសំដៅចូលរួមលើកស្ទួយវិស័យព្រះពុទ្ធសាសនាឱ្យរីកចម្រើនបាន។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានចាត់ទុកឧបដ្ឋានសាលា និងសមិទ្ធិផលក្នុងវត្តខេមឃោសារាម ហៅវត្តទួលទ្រាជើង ដែលត្រូវសម្ពោធឆ្លងនាពេលនេះថាជាសមិទ្ធផលដ៏ធំស្កឹមស្កៃមួយដែលទាំងអស់គ្នាជាពុទ្ធសាសនិកជនបានរួមគ្នាកសាងឡើង ដើម្បីឱ្យវត្តទួលទ្រាជើងនេះក្លាយជាទីវត្តអារាមមួយ ដែលមានគ្រប់រចនាសម្ព័ន្ធសំរាប់បម្រើឱ្យវិស័យព្រះពុទ្ធសាសនា និងសាកសមជាទីសក្ការៈបូជារបស់ពុទ្ធបរិស័ទគ្រប់ទិសទី។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជាសុផារ៉ា បានកោតសរសើរដល់ព្រះចៅអធិការវត្តខេមឃោសារាម ហៅវត្តទួលទ្រាជើង និងអាចារ្យគណៈកម្មការវត្ត ដែលបានចូលរួមកៀរគរសប្បុរសជន និងពុទ្ធបរិស័ទឱ្យចូលរួមបរិច្ចាគដោយសទ្ធាជ្រះថ្លាក្នុងការកសាងសមិទ្ធផលដ៏ធំស្កឹមស្កៃជាច្រើនក្នុងវត្តនេះ និងបានថ្លែងអំណរគុណដល់សប្បុរសជនជិតឆ្ងាយទាំងអស់ ក្នុងនោះមានឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត​និង​លោកជំទាវ ឯកឧត្តម ទេព ធន និង​លោកជំទាវ ដែល​បាន​ចូលរួម​បំពេញ​បំណង​ប្រាថ្នារបស់​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ក្នុង​ការកសាង​សមិទ្ធផល​ក្នុងវត្តនេះ ​ជាមួយ​សប្បុរសជន​ជាច្រើន​ផ្សេងទៀត និង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ក្នុង​ឃុំជប់​នេះ​ផងដែរ។ ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បាន​បញ្ជាក់ថា​សមិទ្ធ​ផល ដែល​ត្រូវសម្ពោធ​ឆ្លងនាពេលនេះ គឺ​សម្រាប់ឧទ្ទិស​ដល់​វិញ្ញាណក្ខ័ន្ធយុទ្ធជន យុទ្ធនារី ដែល​បាន​ពលី​ជីវិត​ក្នុងបុព្វហេតុ​រំដោះជាតិ និងប្រជាជន ឱ្យ​បានទៅកាន់​សុគតិភព​កុំបី​ឃ្លាងឃ្លាត និង​សម្រាប់​ឧទ្ទិស​ដល់​វិស័យ​ព្រះពុទ្ធសាសនា ដូច្នេះ ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី បានអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ត្រូវរួមគ្នា​ថែរក្សា​សមិទ្ធផល ដែល​យើង​បានរួមគ្នា​កសាង​ឡើង​កន្លងមក​ រហូតមក​ដល់បច្ចុប្បន្ននេះ ឱ្យបាន​គង់វង្ស​បន្ត​ដល់​កូនចៅ​ជំនាន់​ក្រោយ​នាពេល អនាគត និង​រួមគ្នា​ថែរក្សាសុខ​សន្តិភាពឱ្យ​បានស្ថិត​ស្ថេរ​តាមរយៈ​ការចូលរួម​បោះឆ្នោត​ផ្តល់​ការគាំទ្រ​យ៉ាងពេញ​ទំហឹង​ដល់​សម្តេចតេជោ​នាយករដ្ឋមន្រ្តី នៅ​ក្នុងការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្រ្ត​នាថ្ងៃទី ២៣ ខែកក្កដាឆ្នាំ ២០២៣ ខាងមុខនេះ ដើម្បី​សេចក្ដីសុខ សុខមាលភាព ការអភិវឌ្ឍ និង​សុភមង្គល ជូនប្រជា​ពលរដ្ឋគ្រប់​ទី​កន្លែង​ទូទាំង​ប្រទេស។


បន្ទាប់មក ឯកឧត្តមឧបនាយក​រដ្ឋមន្រ្តី ជា សុផារ៉ា ក៏​បាននាំយក​ថវិកា​របស់​ សម្តេចតេជោ នាយករដ្ឋមន្ត្រី ប្រគេន​ដល់ព្រះចៅ​អធិការវត្ត​ខេមឃោសារាម ហៅ​វត្តទួលទ្រាជើង ដើម្បីបង្រ្គប់​ថ្លៃ​ជាងសាង​សង់​ចំនួន ១៥៧០០ ដុល្លារអាមេរិក ផងដែរ៕






សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
002292
ម្សិលមិញ :
010110
សរុប :
18212430
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលនទ្រព្យនៅកម្ពុជា
sms onay film indir film indirme full program indir