រាជរដ្ឋាភិបាលនីតិកាលទី៧ គឺជាអាណត្តិដឹកនាំបន្តរក្សាមរតកសន្តិភាពពីរាជរដ្ឋាភិបាលមុន
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានលើកឡើងថា រាជរដ្ឋាភិបាល នីតិកាលទី៧ គឺជាអាណត្តិដឹកនាំបន្តរក្សាមរតកសន្តិភាពពីរាជរដ្ឋាភិបាលមុនៗ ដែលជាឬសកែវ នៃដួងព្រលឹងជាតិខ្មែរ។ ឯកឧត្តម បន្ថែមថា អ្វីដែលយើងត្រូវធ្វើសម្រាប់ថ្ងៃអនាគតគឺ ធ្វើយ៉ាងណាឱ្យឬសកែវ នៃដួងព្រលឹងជាតិកាន់តែរឹងមាំបន្ថែមទៀត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានលើកឡើងបែបនេះ នៅក្នុងពិធីប្រគល់សម្ភារៈបរិក្ខារសម្រាប់គាំទ្រ និងជំរុញការងារចុះបញ្ជីដីធ្លី ជូនមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា ប្រទេសកម្ពុជា ជាទ្រនំសុភមង្គល ដូច្នេះយើងត្រូវរៀបចំទ្រនំជូនប្រជាពលរដ្ឋឱ្យបានរស់នៅដោយសុភមង្គល និងភាពរីកចម្រើនតាមរយៈការចុះបញ្ជីដីធ្លី និងផ្ដល់បណ្ណកម្មសិទ្ធិស្របច្បាប់ប្រកបដោយទំនុកចិត្ត និងប្រសិទ្ធភាព។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានជំរុញ និងពន្លឿនការចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ព្រោះការចុះបញ្ជីដីធ្លី គឺជាការផ្ដល់នូវសិទ្ធិសុវត្ថិភាពតាមផ្លូវច្បាប់ និងការផ្តល់តម្លៃដីធ្លីជូនប្រជាពលរដ្ឋ។
តាមរបាយការណ៍ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ចាម បានឱ្យដឹងថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣នេះ លទ្ធផលនៃការអនុវត្តការងារចុះបញ្ជីដីធ្លីសម្រេចបាន ប្រមូលទិន្នន័យ ៧៥៨ ៣២៨ ក្បាលដី បិទផ្សាយ ៧៣៨ ៧៩៨ ក្បាលដី នៅបិទផ្សាយ ១៩ ៥៣០ ក្បាលដី ចេញបណ្ណ ៧៣៤ ០៦៤ ក្បាលដី ចែកដល់ដៃប្រជាពលរដ្ឋ ៧៣២ ៤៩៤ក្បាលដី។
គួរបញ្ជាក់ថា សម្ភារៈបរិក្ខារសម្រាប់គាំទ្រនិងពន្លឿនការងារចុះបញ្ជីដីធ្លី មានដូចជា ម៉ាស៊ីន DGPS ២៨ឈុត ម៉ូតូ ៣០គ្រឿង ម៉ាស៊ីនព្រីនធឺរ ១៤គ្រឿង Laptop ១៤ គ្រឿង កុំព្យូទ័រនិងសម្ភារបំពាក់ ១៤គ្រឿង និង CANON Plotter ១គ្រឿង ត្រូវបានប្រគល់ជូនមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ចាម ៕