ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ទទួលជួបពិភាក្សាការងារ ជាមួយឯកឧត្តម Martin Vavra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆេកប្រចាំព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តម Martin Vavra សម្តែងការអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ឯកឧត្តម Martin Vavra លើកឡើងនូវបំណងក្នុងការពិនិត្យនិងសិក្សាអំពីលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងទិសដៅអាទិភាពរបស់ក្រសួង ដើម្បីស្នើសុំគោលការណ៍ពីរដ្ឋធានី Prague។
ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម Martin Vavra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆេកប្រចាំព្រះរាជាណាចក្រកម្ពុជា និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឆេក។
ឯកឧត្តម សាយ សំអាល់ ស្នើឱ្យពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរបន្ថែមលើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិសេសការរៀបចំក្រុងឱ្យក្លាយជាទីកន្លែងគួរឱ្យចង់រស់នៅប្រកបដោយសុភមង្គល តាមយៈការបន្តការកែលម្អបន្ថែមទៀត និងស្វែងរកដំណោះស្រាយសមស្របថ្មីៗ ដូចជាការសម្រួលចរាចរនៅរាជធានីភ្នំពេញ ប្រព័ន្ធរំដោះទឹកភ្លៀង និងការរៀបចំលំនៅឋាន។
លើសពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានបំណងក្នុងការបន្តរៀបចំរាជធានីភ្នំពេញ និងតំបន់ក្នុងក្រុងនានាឱ្យក្លាយជាតំបន់ដែលមានភាពល្អឯក ស្អាត និងបៃតង សំដៅជំរុញការទាក់ទាញភ្ញៀវទេសចរណ៍ និងពង្រីកសកម្មភាពសង្គមបន្ថែមទៀត ពិសេសបង្កើតឱកាសការងារដល់យុវជន។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
២៣ តុលា ២០២៣