ពិធីចុះហត្ថលេខា ស្ដីពីជំនួយឥតសំណង នៃគម្រោង “Establish of Nationwide Continuously Operating Reference Station Network”
ឯកឧត្តម ឡោ ដាវុធ រដ្ឋលេខាធិការ, ឯកឧត្តម គិត ច័ន្ទគ្រឹស្នា អនុរដ្ឋលេខាធិការ និងលោក ជិន ឆរម្យ អនុប្រធាននាយកដ្ឋានភូមិសាស្រ្ត នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញចូលរួមពិធីចុះហត្ថលេខា ស្ដីពីជំនួយឥតសំណង នៃគម្រោង “Establish of Nationwide Continuously Operating Reference Station Network” ក្រោមអធិបតីភាព ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា។
ការចូលរួមរបស់រដ្ឋាភិបាលជប៉ុននេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងវិស័យដីធ្លី ដែលមិនត្រឹមតែជួយក្នុងការចុះបញ្ជីដីធ្លីប៉ុណ្ណោះទេ ថែមទាំងអាចប្រើប្រាស់ក្នុងការងាររៀបចំដែនដី នគរូបនីយកម្ម និងវិស័យសាធារណការផងដែរ។
គួរបញ្ជាក់ថា ជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុននេះ មានទំហំទឹកប្រាក់ ១ ៣៣៨ លានយ៉េន (ប្រមាណ ៩.៧ លានដុល្លារអាមេរិក) ដើម្បីអនុវត្តគម្រោងសម្រាប់ការកសាងបណ្ដាញស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណបទូទាំងប្រទេស សំដៅពន្លឿនការអង្កេតវាស់វែងសុរិយោដី ព្រមទាំងពង្រឹងសេវារដ្ឋបាលពាក់ព័ន្ធនឹងការងារចុះបញ្ជីដីធ្លី។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣