ការផ្តល់សិទ្ធិកម្មសិទ្ធិលើចំណែកឯកជននៃអគារសហកម្មសិទ្ធិដល់ជនបរទេស
តើច្បាប់ស្តីពីការផ្តល់សិទ្ធិកម្មសិទ្ធិលើចំណែកឯកជននៃអគារសហកម្មសិទ្ធិដល់ជនបរទេសមានគោលដៅ និងគោលបំណងយ៉ាងណា ហើយវិសាលភាពយ៉ាងដូចម្តេច?
ច្បាប់ស្តីពីការផ្តល់សិទ្ធិលើចំណែកឯកជននៃអគារសហកម្មសិទ្ធិដល់ជនបរទេសដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១០ នាសម័យប្រជុំរដ្ឋសភាលើកទី៤ និងដែលព្រឹទ្ធសភាបានយល់ស្របតាមទម្រង់ និងគតិនៃច្បាប់ទាំងស្រុង ដោយគ្មានការកែប្រែអ្វីឡើយកាលពីថ្ងទី២៧ ខែមេសា ឆ្នាំ២០១០ នាសម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី៧ នីតិកាល ទី២ ហើយមានសេចក្តីទាំងស្រុងដូចតទៅ៖
ច្បាប់នេះ មានគោលដៅផ្តល់សិទ្ធិកម្មសិទ្ធិលើចំណែកឯកជន នៃអគារសហកម្មសិទ្ធិ និងសិទ្ធិប្រើប្រាស់និងអាស្រ័យផលលើចំណែករួមនៃអគារសហកម្មសិទ្ធិដល់ជនបរទេស។
ច្បាប់នេះ មានគោលបំណងរួមមាន៖
oកំណត់អំពីគោលការណ៍ទូទៅ សិទ្ធិ និងកាតព្វកិច្ចទាំងឡាយសម្រាប់ជនបរទេសដែលមានសិទ្ធិកម្មសិទ្ធិលើចំណែកឯកជននៃអគារសហកម្មសិទ្ធិ និងសិទ្ធិផ្សេងៗទៀតដែលមានទំនាក់ទំនងនឹងចំណែករួម និងកំណត់អំពីនីតិវិធីនៃការចុះបញ្ជីអំពីសិទ្ធិទាំងនោះ
oបង្កលក្ខណៈងាយស្រួលដល់ជនបរទេសក្នុងការយកទុនមកវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា
oជួយសម្រួលដល់ធុរកិច្ចរបស់វិនិយោគិនលើវិស័យសំណង់ ព្រមទាំងឆ្លើយតបទៅនឹងការកើនឡើង នៃទីផ្សារអចលនវត្ថុនៅព្រះរាជាណាចក្រកម្ពុជា ច្បាប់នេះ មានវិសាលភាពអនុវត្តចំពោះជនបរទេស និងពលរដ្ឋខ្មែរដែលមានកម្មសិទ្ធិលើចំណែកឯកជននៃអគារសហកម្មសិទ្ធិនៅព្រះរាជាណាចក្រកម្ពុជា។
(ប្រភព៖ច្បាប់ស្ដីពីការផ្តល់សិទ្ធិលើចំណែកឯកជននៃអគារសហកម្មសិទ្ធិដល់ជនបរទេស ដកស្រង់ចេញពី៖ មាត្រា១,២ និង៣)