ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងឆ្លើយតបទៅនឹងគោលនយោបាយអាទិភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត តាមរយៈការពង្រឹងសមត្ថភាពមន្ត្រី និងការពង្រឹងសមត្ថភាពស្ថាប័ន
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា អ្វីដែលក្រសួង បាននិងកំពុងតែអនុវត្តនាពេលបច្ចុប្បន្ននេះ គឺជាការឆ្លើយតបទៅនឹងសារដ៏មានសារៈសំខាន់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងគោលនយោបាយអាទិភាពរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈការពង្រឹងសមត្ថភាពមន្ត្រី និងការពង្រឹងសមត្ថភាពស្ថាប័នដើម្បីនាំមកនូវឧត្តមប្រយោជន៍ជូនជាតិនិងប្រជាជន។
ថ្លែងក្នុងសិក្ខាសាលាស្តីពីភាពជាអ្នកដឹកនាំភពផែនដី “ Earth Leadership “ ដែលរៀបចំឡើងនាទីស្តីការក្រសួង នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤។ សិក្ខានេះមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងទេសចរណ៍ និងសហភាពសហព័ន្ធយុវជនកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងអំពីគម្រោងព្រែកជីកហ្វូណនតេជោ ដោយចាត់ទុកថានេះជានិមិត្តរូបនៃការកំណត់ជោគវាសនាប្រទេសជាតិដោយខ្លួនឯងប្រកបដោយភាពឯករាជ្យម្ចាស់ការ មានន័យថាខ្លួនត្រូវទីពឹងខ្លួនដោយមិនចាំបាច់ពឹងផ្អែកលើអ្នកណាម្នាក់ឡើយ។ នេះគឺជាការផ្ញើសារជាតិនិយមដែលសម្ដេចតេជោ ហ៊ុន សែន ផ្ញើជូនជនរួមជាតិកម្ពុជា ដែលបង្ហាញពីទំព័រថ្មីនៃសហសម័យកម្ពុជា ដោយត្រូវរួមគ្នារៀបចំស្រុកទេសរបស់ខ្លួនឱ្យបានល្អដើម្បីយើងរស់រានមានជីវិតក្នុងរយៈពេលយូរអង្វែង។
នាឱកាសនោះ ឯកឧត្តម បានបញ្ជាក់ថា អ្វីៗដែលយើងមានពីមុនមកគឺយើងត្រូវរួមគ្នាថែរក្សា ហើយពូនជ្រុំរួមគ្នាដើរទៅមុខទាំងអស់គ្នា ដូច្នេះក្រសួង បានដាក់ចេញនូវគោលការណ៍បន្តនិរន្តរភាពស្ថាប័នរបស់ខ្លួន ជ្រោងទង់សាមគ្គីឯកភាពផ្ទៃក្នុង ពូនជ្រុំរដ្ឋបាលសាធារណៈទំនើបនិងវាងវៃ ហើយអ្វីដែលក្រសួង បាននិងកំពុងតែអនុវត្តនាពេលបច្ចុប្បន្ននេះគឺជាការឆ្លើយតបទៅនឹងសារដ៏មានសារៈសំខាន់របស់សម្ដេចតេជោ ហ៊ុន សែន និងគោលនយោបាយអាទិភាពរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត តាមរយៈការពង្រឹងសមត្ថភាពមន្ត្រី និងការពង្រឹងសមត្ថភាពស្ថាប័នដើម្បីនាំមកនូវឧត្តមប្រយោជន៍ជូនជាតិ និងប្រជាជន៕