ពិព័រណ៍វិថីសិក្សា និងការងារតំបន់ឆ្នេរសមុទ្រ គ្រោងនឹងធ្វើឡើងដើម្បីណែនាំប្រជាជននៅតំបន់ឆ្នេរឱ្យស្គាល់ពីខ្លួនឯង និងប្រើប្រាស់សក្តានុពលដែលខ្លួនមានដើម្បីទាញយកប្រយោជន៍បង្កើនជីវភាពរស់នៅឱ្យប្រសើរឡើង
(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ពិព័រណ៍វិថីសិក្សានិងការងារតំបន់ឆ្នេរសមុទ្រ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចាត់ទុកការងារនេះថាជាការងារសំខាន់ដែលនឹងប្រែក្លាយកម្ពុជាឱ្យកាន់តែប្រសើរឡើងជាងមុនថែមទៀត។ តំបន់ឆ្នេរសមុទ្រគឺជារបៀងសេដ្ឋកិច្ចនៃប្រទេសកម្ពុជា ដោយក្នុងនោះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញទាំងផែនការ និងទស្សនៈវិស័យសំរាប់តំបន់ឆ្នេរសមុទ្រដើម្បីជំរុញកំណើនសេដ្ឋកិច្ចនិងទាក់ទាញភ្ញៀវទេសចរណ៍។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានបំណងចង់ឱ្យប្រជាជនដែលរស់នៅតាមតំបន់ឆ្នេរក្លាយជាប្រជាជនដែលមានជីវភាពល្អប្រសើរ មានការងារធ្វើ មានប្រាក់ចំណូល ជាប្រជាជនដែលមានអរិយធម៌ មានភាពស៊ីវីល័យ វប្បធម៌ប្រពៃណីទំនៀមទម្លាប់ ទំនាក់ទំនងបដិសណ្ឋារកិច្ចល្អ និងទទួលបានការសិក្សាអប់រំគ្រប់ៗគ្នា ហើយកិច្ចប្រជុំនាពេលនេះធ្វើឡើងដើម្បីស្នើសុំមតិយោបល់និងការឯកភាពរួមគ្នាក្នុងការជំរុញឱ្យពិព័រណ៍វិថីសិក្សានិងការងារតំបន់ឆ្នេរសមុទ្រប្រព្រឹត្តទៅបានល្អប្រសើរនិងធ្វើយ៉ាងណាណែនាំឱ្យប្រជាជននៅតំបន់ឆ្នេរស្គាល់ពីខ្លួនឯង ស្គាល់ពីសក្តានុពលដែលខ្លួនមាន និងធ្វើយ៉ាងណាប្រើប្រាស់សក្តានុពលទាំងនោះអោយបានល្អដើម្បីទាញយកផលប្រយោជន៍សម្រាប់ខ្លួនឯងនិងបង្កើនជីវភាពគ្រួសារឱ្យប្រសើរឡើង។
ឯកឧត្តម បានបញ្ជាក់ថា ពិព័រណ៍វិថីសិក្សានិងការងារតំបន់ឆ្នេរសមុទ្រ នឹងត្រូវធ្វើឡើងក្នុងគោលដៅដើម្បីណែនាំពីជម្រើសមុខវិជ្ជាក្នុងការសិក្សាដល់សិស្សនិស្សិតដែលមានបំណងចង់បន្តការសិក្សាលើផ្នែកណាមួយដែលខ្លួនមានឧបនិស្ស័យនិងសមស្របតាមទីផ្សារការងារនៅតំបន់ឆ្នេរសមុទ្រ ដូចជាផ្នែកកសិកម្ម ទេសចរណ៍បដិសណ្ឋារកិច្ច ជាដើម និងជួយតម្រង់ទិសលើមុខវិជ្ជាទាំងនោះដល់សិស្សនិស្សិតបន្ថែមទៀត ដែលកិច្ចការនេះគឺតម្រូវឲ្យសហភាពសហព័ន្ធយុវជនកម្ពុជាចូលរួមជួយដោយផ្ទាល់និងមានការជួយគាំទ្រពីអាជ្ញាធរមូលដ្ឋាននិងក្រុមការងារផងដែរ៕