ប្រជាពលរដ្ឋ ដែលមានដីដកចេញពីបញ្ជីបុរាណដ្ឋានក្នុងក្រុងសៀមរាប និងស្រុកប្រាសាទបាគង ខេត្តសៀមរាបទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុពីរាជរដ្ឋាភិបាលកម្ពុជា
(សៀមរាប)៖ ប្រជាពលរដ្ឋចំនួន ៥៣ ភូមិដែលមានដីដកចេញពីបញ្ជីបុរាណដ្ឋានក្នុងក្រុងសៀមរាបនិងស្រុកប្រាសាទបាគងខេត្តសៀមរាបទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤។
ឯកឧត្តម ប្រាក់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានឱ្យដឹងថា នៅក្នុងក្រុងស្រុកចំនួន១៣ នៃខេត្តសៀមរាបមានទីតាំងបុរាណដ្ឋានចំនួន ១១ ៥៥៩ ទីតាំង ស្មើនឹង ៥៦ ៦៩៤ ក្បាលដី ដែលក្រុមការងារបច្ចេកទេសរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប បានវាស់វែងរួចនិងបានបិទផ្សាយជាសាធារណៈ។ លទ្ធផលសម្រេចបាននាពេលនេះគឺកើតចេញពីការខិតខំប្រឹងប្រែងរបស់ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការចូលរួមពីរដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរមូលដ្ឋានបានប្រជុំជាបន្តបន្ទាប់ដោយកំណត់ទីតាំងបុរាណដ្ឋានបានចំនួន ៩ ក្រុង ស្រុក រួមមាន ក្រុងសៀមរាប ស្រុកប្រាសាទបាគង ស្រុកសូត្រនិគម ស្រុកបន្ទាយស្រី ក្រុងរុនតាឯកតេជោសែន ស្រុកក្រឡាញ់ ស្រុកស្រីស្នំ ស្រុកពួក និងស្រុកជីក្រែង ស្មើនឹង ៧១ ឃុំ សង្កាត់ដោយសម្រេចបានចំនួន ៧ ២១៣ ទីតាំង ស្មើនឹង ៦៣ ភាគរយ ដែលមានទំហំ ២៣៥ ៤៥៦ ៨៤៩ ម៉ែត្រក្រឡា និងប៉ះពាល់ដីប្រជាពលរដ្ឋចំនួន ៧០ ៤០២ ក្បាលដី ក្នុងនោះរួមមាន ទីតាំងបុរាណដ្ឋានដែលអាជ្ញាធរជាតិអប្សរាសម្រេចដកចេញពីបញ្ជីមានចំនួន ១ ១០៦ ទីតាំងស្មើនឹង ១២ ០១៩ ៨៦៤ ម៉ែត្រក្រឡា ទីតាំងបុរាណដ្ឋានដែលស្នើសុំថ្នាក់ដឹកនាំសម្រេចចំនួន ១ ០២៧ ក្បាលដី ដែលមានទំហំ ១១៩ ៩៧៤ ០៧២ ម៉ែត្រក្រឡា ក្បាលដីដែលអាចចុះបញ្ជីជូនប្រជាពលរដ្ឋមានចំនួន ១៨ ៧៧៧ ក្បាលដីស្មើនឹង ២៩ ៦៥៦ ៤៧៧ ម៉ែត្រក្រឡា ចំនួនក្បាលដីត្រូវចេញប័ណ្ណសរុប ៤ ៤៤៧ បណ្ណ ក្នុងនោះជូនជាកម្មសិទ្ធិដល់ប្រជាពលរដ្ឋចំនួន ៤ ៤២៣ បណ្ណនិងជូនជាកម្មសិទ្ធិរបស់រដ្ឋដែលស្ថិតនៅក្រោមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចំនួន ២៤ បណ្ណ។
នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថានៅក្នុងនីតិកាលទី៧ នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់គោលការណ៍ណែនាំធ្វើយ៉ាងណាឱ្យបញ្ចប់នូវភាពចម្រូងចម្រាស់ក្នុងសង្គមជាតិទាក់ទិននឹងវិស័យដីធ្លី ដូច្នេះយើងក៏បានរៀបចំគោលនយោបាយចុះបញ្ជីដីធ្លីបង្ហើយដើម្បីបង្កើតបរិយាកាសគ្មានវិវាទនៅក្នុងសង្គមជាតិទាំងមូលនិងរៀបចំប្រទេសឱ្យកាន់តែល្អប្រសើរជាងមុន។
ឯកឧត្តមបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានចូលរួមជាមួយក្រុមការងារមន្ត្រីជំនាញក៏ដូចជាអាជ្ញាធរក្នុងការដោះស្រាយបញ្ហាដីធ្លីដែលមានភាពចម្រូងចម្រាស់រហូតទទួលបានប័ណ្ណកម្មសិទ្ធិនាពេលនេះនិងជម្រះនូវភាពសៅហ្មងទាក់ទិននឹងបញ្ហាដីធ្លីនេះកុំឱ្យអូសបន្លាយពេលវេលាតទៅមុខទៀត។ដោយសារតំបន់នេះមានទីតាំងខ្លះជាទីតាំងបុរាណដ្ឋានដូច្នេះមានលក្ខណៈស្មុគស្មាញខ្លះពីព្រោះយើងត្រូវគិតគូរអំពីការរក្សាមរតកដូនតាផងនិងធានាបាននូវសុវត្ថិភាពក្នុងការកាន់កាប់អចលនទ្រព្យរបស់ប្រជាពលរដ្ឋផង។
ឯកឧត្តម បានបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវយុទ្ធសាស្ត្រ ៦ ចំនុច ដើម្បីបង្កើតបរិយាកាសគ្មានវិវាទសំរាប់ប្រជាពលរដ្ឋគឺ ទី១៖ ត្រូវចុះបញ្ជីដីធ្លីបង្ហើយនៅទូទាំងប្រទេសអោយបានចប់សព្វគ្រប់ បញ្ចប់វិវាទ ផ្ដល់នូវសុវត្ថិភាពផ្លូវច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យ ទី២៖ បញ្ហាវិវាទដីធ្លីគឺជារឿងដែលបន្សល់ទុកឱ្យតជំនាន់ ប៉ុន្តែយើងត្រូវរួមគ្នាដោះស្រាយបញ្ចប់អោយអស់ស្របតាមបច្ចេកទេសសុរិយោដីនិងគោលការណ៍ច្បាប់ ទី៣៖ ផ្ដល់សេវាគាប់ចិត្តដល់ប្រជាពលរដ្ឋមានភាពងាយស្រួលដែលអាចប្រើប្រាស់រាល់សេវានានារបស់ក្រសួងតាមរយៈប្រព័ន្ធអនឡាញ ទី៤៖ ត្រូវថែរក្សាបឹងទន្លេសាបសម្រាប់មនុស្សតជំនាន់ ទី៥៖ ដោះស្រាយបញ្ហាទិញដីនិងផ្ទះក្នុងបុរីសម្រាប់ប្រជាពលរដ្ឋ និង ទី៦៖ ត្រូវអនុវត្តគោលការណ៍រស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់បេតិកភណ្ឌ ដែលយុទ្ធសាស្ត្រទាំងនេះ ជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលចង់ឲ្យប្រជាពលរដ្ឋគ្រប់រូបមានទ្រនំសុភមង្គល មានលំនៅឋានរស់នៅសមរម្យ មានម្ហូបអាហារហូបចុកគ្រប់គ្រាន់ មានការងារធ្វើមានប្រាក់ចំណូលសមរម្យ ទទួលបានការសិក្សាអប់រំគ្រប់ៗគ្នា និងរស់នៅប្រកបដោយភាពសុខដុមរមនា៕