កម្ពុជាមិនអាចនៅតែត្រឹមនេះបានទេ គឺត្រូវតែលូតលាស់ទៅមុខដើម្បីរស់បានដោយខ្លួនឯងនិងអាចប្រកួតប្រជែងជាមួយបណ្ដាប្រទេសនានាលើពិភពលោក
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថាកម្មវិធីប្រកួតជែងស្នាដៃស្ថាបត្យកម្មសហគមន៍បៃតងឧទ្យានមេគង្គលែននេះមិនគ្រាន់តែជាកម្មវិធីប្រកួតប្រជែងប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញនូវសិល្បៈនៃគំនិតរបស់និស្សិតនិងស្ថាបត្យករពាក់ព័ន្ធទៅនឹងវិស័យស្ថាបត្យកម្ម។ កម្ពុជាមិនអាចនៅតែត្រឹមនេះបានទេ គឺត្រូវតែលូតលាស់ទៅមុខដើម្បីរស់បានដោយខ្លួនឯងនិងអាចប្រកួតប្រជែងជាមួយបណ្ដាប្រទេសនានាលើពិភពលោក ហើយកម្ពុជានឹងអាចធ្វើបាន។
ថ្លែងក្នុងវគ្គផ្ដាច់ព្រ័ត្រការធ្វើបទបង្ហាញរបស់បេក្ខភាពទាំង ៦ ក្រុមក្នុងកម្មវិធីប្រកួតប្រជែងស្នាដៃស្ថាបត្យកម្មសហគមន៍បៃតងឧទ្យានមេគង្គលែន ដែលបានធ្វើឡើងនាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។
នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងអំណរគុណដល់គណៈស្ថាបត្យករកម្ពុជាដែលបានផ្ដួចផ្ដើមរៀបចំកម្មវិធីប្រកួតប្រជែងនេះឡើងនិងអរគុណដល់សិស្សនិស្សិតដែលបានចូលរួម ដែលនេះជាសក្ខីភាពមួយបង្ហាញឱ្យឃើញពីការចូលរួមកសាងនូវកម្លាំងរបស់ស្ថាបត្យករកម្ពុជា ហើយលទ្ធផលនៃការប្រកួតប្រជែងនេះជាលទ្ធផលមួយដ៏សំខាន់ ជាគំរូដល់ក្រុមហ៊ុនឯកជនផ្សេងៗទៀតដែលធ្វើអាជីវកម្មផ្នែកស្ថាបត្យកម្ម ជាគំរូដល់បុរីផ្សេងៗឱ្យយល់ឃើញថានេះហើយគឺជារឿងដែលត្រូវធ្វើ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យល់ឃើញថា កិច្ចការនេះគឺជាការឆ្លើយតបដ៏មានប្រសិទ្ធភាពទៅនឹងគោលគំនិតរបស់រាជរដ្ឋាភិបាលជាពិសេសគឺសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការប្រែក្លាយសង្គមជាតិកម្ពុជា តាមរយៈស្ថាបត្យកម្ម។ ឯកឧត្តមបានលើកឡើងថា យុទ្ធសាស្ត្របញ្ចកោណប្រហែលជាត្រូវអនុវត្តក្នុងរយៈពេល ២៥ឆ្នាំឬ ៥ អាណត្តិ ដូច្នេះនាឆ្នាំ ២០៥០ យើងសង្ឃឹមថាប្រទេសកម្ពុជានឹងក្លាយជាប្រទេស ដែលមានចំណូលខ្ពស់ហើយវិស័យស្ថាបត្យកម្មគឺជាចំណែកមួយដ៏សំខាន់ក្នុងការជំរុញសម្រេចបាននូវចក្ខុវិស័យនេះ។ ឯកឧត្តមបញ្ជាក់ថានេះមិនគ្រាន់តែជាកម្មវិធីប្រកួតប្រជែងប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញនូវសិល្បៈនៃគំនិតរបស់និស្សិតនិងស្ថាបត្យករពាក់ព័ន្ធទៅនឹងវិស័យស្ថាបត្យកម្ម។ កម្ពុជាមិនអាចនៅតែត្រឹមនេះបានទេគឺត្រូវតែលូតលាស់ទៅមុខដើម្បីរស់បានដោយខ្លួនឯងនិងអាចប្រកួតប្រជែងជាមួយបណ្ដាប្រទេសនានាលើពិភពលោក ហើយកម្ពុជានឹងអាចធ្វើបាន។ ការរៀបចំកម្មវិធីប្រកួតប្រជែងនេះ មិនត្រឹមតែឆ្លើយតបនូវគោលបំណងដ៏ពិសិដ្ឋរបស់កម្ពុជានោះទេប៉ុន្តែថែមទាំងបានចូលរួមជំរុញឱ្យកម្ពុជាឈានឆ្ពោះទៅមុខលើផ្នែកស្ថាបត្យកម្មផងដែរ។ យើងត្រូវការស្ថាបត្យករដែលមានសិល្បៈប្រពៃណីទំនៀមទម្លាប់ អរិយធម៌ មានមនោសញ្ជេតនា ដើម្បីឱ្យស្ថាបត្យកម្មមានភាពរស់រវើក មានគុណភាព និងសោភណភាពស្របទៅនឹងបរិបទដែលសង្គមកម្ពុជានាពេលបច្ចុប្បន្នបានរស់ឡើងវិញពោរពេញដោយមនោសញ្ចេតនា។
ឯកឧត្តម បានចាត់ទុកការចូលរួមប្រកួតប្រជែងក្នុងកម្មវិធីនេះរបស់សិស្សនិស្សិតក៏ដូចជាស្ថាបត្យករ ថាជាការចូលរួមដ៏ធំធេង ជាចំណុចចាប់ផ្ដើមនូវការផ្លាស់ប្ដូរនៃផ្នត់គំនិតនិងជីវិតរបស់ប្រជាជនកម្ពុជា ហើយជនរួមជាតិកម្ពុជានឹងស្រឡាញ់គ្នាច្រើនជាងមុន ស្រឡាញ់ជីវិតខ្លួនឯង គ្រួសារ និងជីវិតអ្នកដទៃច្រើនជាងមុន។ យើងត្រូវរួមគ្នាកសាងកម្ពុជាឱ្យក្លាយជាភូមិឋានក្សេមក្សាន្ត ជាទ្រនំសុភមង្គលសម្រាប់ប្រជាពលរដ្ឋងាយស្រួលរស់នៅប្រកបដោយភាពសុខដុមរមនា មានលំនៅឋាន មានការងារនិងប្រាក់ចំណូលសមរម្យ មានម្ហូបអាហារហូបចុកគ្រប់គ្រាន់ និងទទួលបានការសិក្សាអប់រំគ្រប់ៗគ្នា៕