ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានស្នើឱ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ប្តេជ្ញាដោះស្រាយបញ្ចប់វិវាទដីធ្លីទាំងអស់ឱ្យបានឆាប់រហ័ស
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានស្នើឱ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីទូទាំងរាជធានី-ខេត្ត ប្តេជ្ញាដោះស្រាយបញ្ចប់វិវាទដីធ្លីទាំងអស់ឱ្យបានឆាប់រហ័ស។ ចំពោះនីតិវិធីនៃការស្នើសុំលិខិតអនុញ្ញាតិសាងសង់ទាំងអស់ បណ្តាមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីទូទាំងរាជធានី-ខេត្ត ត្រូវរៀបចំសម្រួលឱ្យលឿន និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋផងដែរ។ ជាមួយគ្នានេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យបណ្តាមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីទូទាំងរាជធានី-ខេត្ត ទាំងអស់ដាក់សំណើអំពីតម្រូវការម៉ាស៊ីនវាស់វែង ឬឧបករណ៍សម្ភារៈប្រើប្រាស់ផ្សេងៗសម្រាប់ពន្លឿនដំណើរការរបស់មន្ទីរ ដើម្បីក្រសួងនឹងពិនិត្យលទ្ធភាពដោះស្រាយជូន។
ប្រសាសន៍ដឹកនាំរបស់ឯឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងកិច្ចប្រជុំជីវភាពក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារ និងទិសដៅអនុវត្តការងារបន្តរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣។