ទិសដៅអាទិភាពគោលនិយោបាយ ១៥ ចំណុចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧
ការបំពេញការងារក្នុងអាណត្តិទី៧នេះ គឺជាការបន្តមរតកសមិទ្ធផល នៃរដ្ឋបុរសរបស់កម្ពុជា ពិសេស ព្រះករុណាព្រះបាទសម្តេចព្រះបរមរតនកោដ្ឋដែលបានទាមទារឯករាជ្យជាតិ បន្តមកដំណាក់កាលដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានតស៊ូលះបង់គ្រប់បែបយ៉ាងដើម្បីរំដោះជាតិ និងអភិវឌ្ឍប្រទេសរហូតដល់ទទួលបានឯកភាពជាតិ និងសុខសន្តិភាពពេញលេញ ហើយបានបន្តដំណើរមកដល់សហសម័យកម្ពុជា ដែលជាយុគសម័យទំនើប នៃការបន្តដំណើររីកចម្រើនទៅមុខ ក្រោមការដឹកនាំរបស់ សម្តេចធិបតីនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ផ្អែកលើអាទិភាព នៃយុទ្ធសាស្រ្តបញ្ចកោណ ក្នុងបញ្ចកោណទី៤ មុំទី៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផ្តោតលើទិសដៅអាទិភាពគោលនយោបាយ ១៥ចំណុច សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧។
អាទិភាពទី១ ៖ ការងាររៀបចំគោលនយោបាយ ឱ្យកាន់តែមានភាពជាក់ស្តែង និងអនុវត្តឆ្ពោះទៅរកលទ្ធផល
អាទិភាពទី២ ៖ ការងាររៀបចំក្របខ័ណ្ឌគតិយុត្ត ដោយពិនិត្យកែលម្អ បំពេញបន្ថែម និងធ្វើបច្ចុប្បន្នភាពលិខិតបទដ្ឋានគតិយុត្តឱ្យបានកាន់តែពេញលេញស្របតាមបរិបទថ្មី និងមានភាពជាក់ស្ដែងនិយម មានសង្គតិភាព ពិសេសការរៀបចំសេចក្តីព្រាងច្បាប់សំខាន់ៗមួយចំនួន រួមមាន៖ (១). ច្បាប់ភូមិបាល ដោយត្រូវរៀបចំឡើងវិញទាំងស្រុង (២). ច្បាប់ស្តីពីការរៀបចំដែនដី និងនគរូបនីយកម្ម ជាច្បាប់ថ្មីមិនធ្លាប់មាន (៣). ច្បាប់ស្តីពីលំនៅឋាន ជាច្បាប់ថ្មីមិនធ្លាប់មាន
អាទិភាពទី៣ ៖ ការកសាងស្ថាប័ន និងរដ្ឋបាលសាធារណៈទំនើប ដែលអនុញ្ញាតឱ្យប្រព័ន្ធការងារប្រចាំថ្ងៃមានដំណើរការប្រកបដោយប្រសិទ្ធភាព
អាទិភាពទី៤ ៖ ការលើកកម្ពស់សេវាសាធារណៈទំនើប និងការគ្រប់គ្រងទិន្នន័យ ដើម្បីផ្តល់សេវាលឿនរហ័ស តម្លាភាព ប្រសិទ្ធភាព ងាយស្រួល និងជឿទុកចិត្ត
អាទិភាពទី៥ ៖ ការងារចុះបញ្ជីដីធ្លី ដើម្បីបន្តផ្តល់ប័ណ្ណកម្មសិទ្ធិដល់ប្រជាជនឱ្យបានលឿន ដើម្បីជាមូលដ្ឋានប្រភពសេដ្ឋកិច្ច និងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី
អាទិភាពទី៦ ៖ ការរៀបចំដែនដី ស្របតាមទិសការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឱ្យមានប្រសិទ្ធភាព និងចីរភាព ពិសេសស្របតាមរបៀងសេដ្ឋកិច្ច ដោយផ្អែកលើតំបន់អភិរក្ស តំបន់បេតិកភណ្ឌ តំបន់កសិកម្ម តំបន់ឧស្សាហកម្ម លំនៅឋាន តំបន់ដីសាធារណៈសម្រាប់បម្រុងទុក ដីសម្រាប់សួន សាធារណៈ តំបន់បៃតង។ល។
អាទិភាពទី៧ ៖ ការអភិវឌ្ឍនគរូបនីយកម្ម តាមរយៈការរៀបចំផែនការអភិវឌ្ឍទីក្រុង ទីប្រជុំជន នៅថ្នាក់ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នៅទូទាំងរាជធានី-ខេត្ត ឱ្យបានចប់សព្វគ្រប់ស្របទៅតាមទស្សនាទានទីក្រុងស្អាត ទីក្រុងឆ្លាត និងទីក្រុងគួរឱ្យចង់រស់នៅ
អាទិភាពទី៨ ៖ ស្ថាបត្យកម្មខ្មែរសហសម័យ ដោយជំរុញការសាងសង់ដោយយករចនាបថខ្មែរមកប្រើប្រាស់ឱ្យបានច្រើន រចនាបថខ្មែរទំនើប “សហសម័យ” និងចលនាឱ្យកាន់តែផុសផុលក្នុងការលើកតម្កើងរចនាបថស្ថាបត្យកម្មខ្មែរ ព្រមទាំងង្រឹងគុណភាព និងសុវត្ថិភាពសំណង់
អាទិភាពទី៩ ៖ ការងារលំនៅឋាន ដោយរៀបចំលំនៅឋានសមរម្យគួរឱ្យរស់នៅ និងមានបរិស្ថានល្អប្រកបដោយសុខដុម តាមរយៈការរៀបចំគម្រូផ្ទះ សម្រាប់យកជាមូលដ្ឋាន ព្រមទាំងរៀបចំគម្រូបុរីជនបទ ការកែលម្អលំនៅឋាន ភូមិចាស់ និងគម្រូលំនៅឋានសម្រាប់ទីតាំងថ្មីៗ
អាទិភាពទី១០ ៖ ការងារអធិការកិច្ច និងសវនកម្មផ្ទៃក្នុង ដើម្បីសម្រេចគោលបំណងនៃការកសាងរដ្ឋបាលសាធារណៈទំនើប ការតម្រង់ទិសការងារឱ្យកាន់តែសមស្របតាមមុខងារសាធារណៈ ការបង្កើនប្រសិទ្ធការងារ ពិសេសការពង្រឹងគុណភាពសេវា និងការបង្កើនប្រសិទ្ធភាព ក្នុងការដោះស្រាយវិវាទដីធ្លីឱ្យបានលឿនហើយដាច់ស្រេច ដើម្បីឈានដល់ចុះបញ្ជីបានលឿន
អាទិភាពទី១១ ៖ ការងារលំនៅឋានសម្បទានដីសង្គមកិច្ច តាមរយៈការអភិវឌ្ឍលំនៅឋានដីសង្គមកិច្ចប្រកបដោយចីរភាព ពិសេសផលិតកម្មកសិកម្ម ប្រព័ន្ធគាំពារសង្គមកិច្ច សេវាអប់រំនិងសុខាភិបាល ព្រមទាំងសេវាសង្គមកិច្ចនានា ដែលអាចទ្រទ្រង់ការអភិវឌ្ឍសហគមន៍ ពិសេសនិរន្តរភាពជីវភាព និងសេដ្ឋកិច្ចគ្រួសារ
អាទិភាពទី១២ ៖ ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងស្មារតីដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាជន
អាទិភាពទី១៣ ៖ កាអភិវឌ្ឍធនធានមនុស្ស តាមរយៈការពង្រឹងសមត្ថភាពបន្ថែមទៀតលើជំនាញបច្ចេកទេស ក៏ដូចជាការងារដឹកនាំគ្រប់គ្រង សម្រាប់ចូលរួមកាន់តែសកម្មលើការងាររដ្ឋបាលទំនើប និងពង្រឹងសមត្ថភាពស្ថាប័ន
អាទិភាពទី១៤ ៖ ការលើកម្ពស់ការយល់ដឹងក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីលើកកិត្យានុភាពកម្ពុជាបន្ថែមទៀតលើឆាកអន្តរជាតិ ដែលអនុញ្ញាតឱ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិកាន់តែមានជំនឿទុកចិត្តលើកម្ពុជា ព្រមទាំងផ្តល់ព័ត៌មានចំណេះដឹងកាន់តែទូលំទូលាយបន្ថែមទៀតដល់សាធារណៈជន
អទិភាពទី១៥ ៖ កិច្ចការសន្តិសុខនយោបាយនិងកិច្ចការសន្តិសុខសេដ្ឋកិច្ច តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ដៃគូអភិវឌ្ឍន៍ និងប្រទេសដៃគូក្នុងអាស៊ាន ដើម្បីរក្សាជំហរពហុភាគីនិយម និងតុល្យភាពនយោបាយផ្ទៃក្នុង និងនយោបាយការបរទេស ព្រមទាំងខិតខំដោះស្រាយបញ្ហានានាដែលអាចជះឥទ្ធិពលដល់ស្ថេរភាពនយោបាយ។