ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ណែនាំឱ្យបណ្ឌិត្យសភានគរបាលកម្ពុជា យកចិត្តទុកដាក់បណ្តុះបណ្តាលមន្រ្តីដែលត្រូវបម្រើការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានណែនាំឱ្យបណ្ឌិត្យសភានគរបាលកម្ពុជា យកចិត្តទុកដាក់បណ្តុះបណ្តាលមន្រ្តីដែលត្រូវទៅបម្រើការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីលើកឡើងបែបនេះនាឱកាសអនុញ្ញាតឱ្យប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា នាយឧត្តមសេនីយ៍សាស្រ្តាចារ្យ ឯក មនោសែន និងប្រតិភូ ជួបសម្តែងការគួរសម។
ក្នុងនាមបណ្ឌិត្យសភានគរបាលកម្ពុជា នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន សូមអបអរសាទរចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដែលទទួលបានការផ្តល់សេចក្តីទុកចិត្តពីរាជរដ្ឋាភិបាលក្នុងការទទួលភារកិច្ចថ្មី ជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់នីតិកាលថ្មីនេះ។
នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ បានឱ្យដឹងថា កន្លងមកបណ្ឌិត្យសភានគរបាលកម្ពុជាទទួលបានការឧបត្ថម្ភគាំទ្រយ៉ាងច្រើនពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី កាលពីពេលឯកឧត្តមនៅជារដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងបានចូលរួមធ្វើបាឋកថាចែករំលែកចំណេះដឹង និងបទពិសោធន៍ជាមួយនិស្សិតនគរបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជា។
នាយឧត្តមសេនីយ៍សាស្រ្តាចារ្យ ឯក មនោសែន បានបញ្ជាក់ថា ជំនួបសម្ដែងការគួរសមនាពេលនេះធ្វើឡើងក្នុងគោលបំណងដើម្បីថ្លែងអំណរគុណចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលមានទឹកចិត្តដ៏ប្រពៃទូលំទូលាយជួយឧបត្ថម្ភគាំទ្រដល់បណ្ឌិត្យសភានគរបាលកម្ពុជា ក៏ដូចជាអង្គភាពផ្សេងទៀត និងស្នើសុំឱ្យមានការបន្តគាំទ្រពីឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្ថែមទៀត។
ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តនូវទំនៀមទម្លាប់ និងវប្បធម៌នៃការចែករំលែកជួយគ្នាទៅវិញទៅមក រវាងបណ្ឌិត្យសភានគរបាលកម្ពុជា និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហើយឯកឧត្តមក៏នឹងពិនិត្យថាត្រូវជួយដល់ផ្នែករចនាសម្ព័ន្ធនគរបាលជាតិ កងទ័ពជើងគោក កងរាជអាវុធហត្ថ និងសាលាភូមិន្ទរដ្ឋបាលក្នុងកម្រិតណា។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ លើកទឹកចិត្ត បណ្ឌិត្យសភានគរបាលកម្ពុជា ឱ្យយកចិត្តទុកដាក់បណ្តុះបណ្តាលមន្រ្តីដែលត្រូវទៅបម្រើការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឱ្យមន្ត្រីបានយល់ដឹងអំពីបទប្បញ្ញត្តិនានាក្នុងវិស័យជំនាញពាក់ព័ន្ធ សំដៅពង្រឹងប្រសិទ្ធភាពការងារ និងឆ្លើយតបទៅនឹងគោលនយោបាយកំណែទម្រង់មុខងារសាធារណៈ ដាក់ចេញដោយ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
១៣ វិច្ឆិកា ២០២៣



