ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញអាជ្ញាធរខេត្តកណ្តាលប្រើប្រាស់កម្លាំងសរុប ពន្លឿនការងារចុះបញ្ជីដីធ្លី ដើម្បីធានាសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ
កណ្តាល៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ស្នើគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត និងអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក និងអ្នកស្ម័គ្រចិត្ត ចូលរួមប្រើប្រាស់កម្លាំងសរុប ពន្លឿនការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តកណ្តាល ឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យតាមការគ្រោងទុក សំដៅផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ ធានាបាននូវសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ថ្លែងនាកិច្ចប្រជុំជំរុញ និងផ្តល់ការគាំទ្រដល់ការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្រ្តខេត្តកណ្តាល នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការចូលរួមពីគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត អភិបាលក្រុង ស្រុក និងអាជ្ញាធរមូលដ្ឋានទូទាំងខេត្តកណ្តាល។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា ខេត្តកណ្តាល គឺជាខេត្តទី៣ បន្ទាប់ពីខេត្តកំពង់ស្ពឺ និងខេត្តកំពង់ចាម ដែលត្រូវត្រៀមលក្ខណៈអនុវត្តការងារចុះបញ្ជីដីធ្លីក្នុងអាណត្តិទី៧។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថាការងារចុះបញ្ជីដីធ្លីជាការងារស្នូល ទាមទារឱ្យមានក្រសួងរៀបចំដែនដី ជាអ្នកដឹកនាំការងារនយោបាយ ហិរញ្ញវត្ថុ បច្ចេកទេស រីឯប្រតិបត្តិករ គឺរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋក្នុងខេត្ត ដែលត្រូវសហការចូលរួមពិនិត្យព្រំដី ក្នុងពេលដែលក្រុមការងារកំពុងចុះវាស់វែងដីធ្លី ដើម្បីឱ្យដំណើរការចុះបញ្ជីដីធ្លីប្រព្រឹត្តទៅដោយរលូន។ ការជួបជុំគ្នានៅពេលនេះ គឺដើម្បីត្រៀមលក្ខណៈក្នុងការបើកយុទ្ធនាការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ក៏ដូចជាស្ថាប័នរដ្ឋ និងស្ថាប័នឯកជនមួយចំនួននៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានប្រគល់ជូននូវឧបករណ៍បច្ចេកទេស និងសម្ភារៈបរិក្ខារ សម្រាប់ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងខេត្តកណ្តាល រួមមាន ម៉ាស៊ីន DGPS ចំនួន ៨០គ្រឿង សំម្ភារៈបំពាក់ និងកុំព្យូទ័រយួរដៃចំនួន ១០គ្រឿង សម្ភារៈបំពាក់ និងកុំព្យូទ័រលើតុចំនួន ៧គ្រឿង និងម៉ាស៊ីនព្រីនចំនួន ៨គ្រឿង។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលក្នុងនោះរួមបញ្ចូល ការធ្វើកំណែទម្រង់ដីធ្លី និងនគរូបនីយកម្មឱ្យកាន់តែស៊ីជម្រៅ ជាមួយនឹងការបង្កើតឱ្យមាននូវគោលនយោបាយដីធ្លី ៣ចំណុចរួមមាន ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ និងការផ្ដល់សេវារដ្ឋបាលដីធ្លីជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ការងារចុះបញ្ជីដីធ្លី ដើម្បីបន្តផ្តល់បណ្ណកម្មសិទ្ធិដល់ប្រជាជនឱ្យបានលឿន ដើម្បីជាមូលដ្ឋានប្រភពសេដ្ឋកិច្ច និងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ជាអាទិភាពទី៥ នៃទិសដៅអាទិភាពគោលនយោបាយ ១៥ ចំណុច ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដាក់ចេញ ផ្អែកទៅលើអាទិភាពនៃយុទ្ធសាស្រ្តបញ្ចកោណ ក្នុងបញ្ចកោណទី៤ មុំទី៤៕