ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញប្រកាសនិងប្រគល់ជ័យលាភីចំណាត់ថ្នាក់ដល់ឆ្នេរខ្សាច់ និងព្រែក នៃការប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៤ និងព្រែកកម្សាន្តស្អាតលើកទី១ ឆ្នាំ២០២៣
(កែប)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋមន្ត្រីស្ដីទីក្រសួងបរិស្ថាន រួមនិងអភិបាលនៃគណៈអភិបាលខេត្តកែប អញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាស និងប្រគល់ជ័យលាភីចំណាត់ថ្នាក់ដល់ឆ្នេរខ្សាច់ និងព្រែកដែលឈ្នះក្នុងការប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៤ និងព្រែកកម្សាន្តស្អាតលើកទី១ ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ នៅខេត្តកែប។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ផ្នែកឯកជន អង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍន៍នានា និងអ្នកពាក់ព័ន្ធទាំងអស់ដែលសហការល្អ និងចូលរួមចំណែកធ្វើឱ្យមានវឌ្ឍនភាពយ៉ាងល្អប្រសើរលើការងារគ្រប់គ្រង ថែរក្សាការពារ និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាប្រកបដោយចីរភាព និងទំនួលខុសត្រូវខ្ពស់ ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៤ និងព្រែកកម្រាន្តស្អាតលើកទី១ ឆ្នាំ២០២៣។
នៅក្នុងការប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៤ និងព្រែកកម្រាន្តស្អាតលើកទី១ ឆ្នាំ២០២៣នេះ មានឆ្នេរខ្សាច់មកពីខេត្តតំបន់ឆ្នេរសមុទ្រទាំង ៤ សរុប ៣០ ឆ្នេរ និងនិងព្រែកសរុប ៣២ ព្រែក។ ជាលទ្ធផល ឆ្នេរខ្សាច់ចំនួន ១៤ និងព្រែកចំនួន ២២ ទទួលបានជ័យលាភីដែលមានចំណាត់ថ្នាក់តាមសក្តានុពលរបស់ខ្លួន។
ដើម្បីប្រែក្លាយ និងតម្រង់ទិសការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចតំបន់ឆ្នេរសមុទ្រកម្ពុជាស្របតាមសក្តានុពលសេដ្ឋកិច្ចសង្គម និងបរិស្ថាន និងឱ្យស័ក្ដិសមជាកិត្តិនាមតារារះនាទិសនិរតី និងជាសមាជិកពេញសិទ្ធិនៃក្លឹបឆ្នេរសមុទ្រស្អាតបំផុតនៅលើសកលលោក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានដាក់ចេញនូវគោលការណ៍ ៦ រួមមាន៖
១. អគ្គលេខាធិការដ្ឋានត្រូវសហការកសាងផែនការរៀបចំដែនដីដោយសមាហរណកម្មអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា និងដែនដីខេត្តទាំង ៤ នៃតំបន់ឆ្នេរសមុទ្រកម្ពុជា ដើម្បីរួមចំណែកសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
២. អគ្គលេខាធិការដ្ឋានសហការជាមួយខេត្តទាំង ៤ នៃតំបន់ឆ្នេរសមុទ្រកម្ពុជា ត្រូវជំរុញរៀបចំការអនុវត្តកញ្ចប់គម្រោងអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ប្រវែង ២,៧គីឡូម៉ែត្រ សម្រាប់សាធារណជន និងទេសចរណ៍ស្របតាមផែនការគម្រោងដើមដូចជារៀបចំផ្លូវ ប្រព័ន្ធលូទឹកភ្លៀង ចំណតរថយន្តសាធារណៈ បង្គន់អនាម័យ សួនច្បារ ហេដ្ឋារចនាសម្ព័ន្ធនានា និងសេវាគាំទ្រជាដើម ព្រមទាំងជំរុញការរៀបចំផ្លូវជិះកង់ ផ្លូវថ្មើរជើងស្របតាមបណ្ដោយឆ្នេរសមុទ្រកម្ពុជា ចាប់ពីខេត្តកែបភ្ជាប់ទៅខេត្តព្រះសីហនុ ក៏ដូចជាត្រូវបន្តសិក្សារៀបចំគម្រោងកែលម្អតំបន់ឆ្នេរសមុទ្រផ្សារក្តាមក្រុងកែប ឱ្យមានសោភ័ណភាព និងគុណភាពល្អ។
៣. បន្តពង្រឹងការគ្រប់គ្រង និងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ប្រកបដោយចីរភាព និងទំនួលខុសត្រូវដោយយកច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាមូលដ្ឋាន ជាពិសេសសារាចរណែនាំស្ដីពីការអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា និងចូលរួមគាំទ្រអនុវត្តពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
៤. ស្នើដល់គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តទាំង ៤ បន្តជំរុញការគ្រប់គ្រងនិងរៀបចំអភិវឌ្ឍន៍ឆ្នេរខ្សាច់ និងព្រែកឱ្យបានកាន់តែល្អបន្ថែមទៀត។
៥. ស្នើដល់អគ្គលេខាធិការដ្ឋានបន្តនូវការគាំទ្រផ្នែកបច្ចេកទេស ត្រួតពិនិត្យតាមដាន និងវាយតម្លៃ ជាពិសេសរៀបចំផែនការគ្រប់គ្រងអភិវឌ្ឍន៍ឆ្នេរខ្សាច់ និងព្រែកនីមួយៗឱ្យបានច្បាស់លាស់។
៦. អគ្គលេខាធិការដ្ឋានត្រូវសហការជាមួយភាគីពាក់ព័ន្ធជំរុញការរៀបចំនូវវេទិកាអចិន្ត្រៃយ៍ ដើម្បីគ្រប់គ្រងតំបន់ឆ្នេរសមុទ្រកម្ពុជាប្រកបដោយចីរភាព។
ចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាត និងព្រែកកម្សាន្តស្អាត លើកទឹកចិត្ត និងជំរុញការអភិវឌ្ឍឆ្នេរខ្សាច់ និងព្រែកដោយរក្សាបាននូវតុល្យភាពរវាងតម្រូវការប្រើប្រាស់ធនធានធម្មជាតិតំបន់ឆ្នេរសមុទ្រកម្ពុជា និងតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដោយឈរលើទស្សនទាន “អភិរក្សដើម្បីអភិវឌ្ឍន៍ និងអភិវឌ្ឍន៍គាំពារដល់កិច្ចការអភិរក្ស”។
ការប្រឡងប្រណាំងនេះ ក៏នឹងជំរុញការរៀបចំឆ្នេរខ្សាច់ និងព្រែកជាគោលដៅទេសចរណ៍ធម្មជាតិប្រណីត និងបៃតងព្រមទាំងជាដែកឆក់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកសម្រាកកម្សាន្ត៕