ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តកំពង់ឆ្នាំង បាននិងកំពុងប្រែក្លាយភូមិឋាននៅទីជនបទឱ្យទៅជាបុរីជនបទ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា
(កំពង់ឆ្នាំង)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តកំពង់ឆ្នាំង បាននិងកំពុងប្រែក្លាយ ភូមិឋាននៅទីជនបទ ឱ្យទៅជាបុរីជនបទ ប្រកបដោយការអភិវឌ្ឍរីកចម្រើន ចូលរួមចំណែកបង្ខិតគម្លាតរវាងជនបទ និងទីក្រុងឱ្យកាន់តែខិតជិតគ្នា និងបានលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងរដ្ឋបាលខេត្តកំពង់ឆ្នាំង បានផ្ដល់ដីសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងឃុំប្រស្នឹប ស្រុករលាប្អៀរ ដើម្បីសាងសង់លំនៅឋានសមរម្យ និងធ្វើកសិកម្ម សំដៅលើកស្ទួយជីវភាពរបស់ពួកគេ តាមរយៈកម្មវិធីសម្បទានដីសង្គមកិច្ច គម្រោង LASED III។
ជាមួយគ្នានេះ ក្រសួងនិងរដ្ឋបាលខេត្តបានយកចិត្តទុកដាក់កសាងបណ្ដាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ តបណ្ដាញទឹក និងអគ្គិសនី ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។
ដើម្បីផ្ដល់ឱកាសឱ្យមានភាពស្មើគ្នា និងតម្លាភាពសម្រាប់អ្នកស្នើសុំសម្បទានដីសង្គមកិច្ចនៃគម្រោង LASED III គណៈកម្មាធិការប្រើប្រាស់ និងបែងចែកដីថ្នាក់ខេត្ត បានរៀបចំកំណត់ជាគោលការណ៍ និងនីតិវិធីនៃការចាប់ឆ្នោតជ្រើសរើសដី ដូចតទៅ៖
១.មុខសញ្ញាអ្នកទទួលដីអាទិភាពដែលស្នើសុំដីឡូត៍លំនៅឋាន និងដីឡូត៍កសិកម្ម ចំនួន ២០៧ គ្រួសារ បានចាប់ឆ្នោតជ្រើសរើសយកដីឡូត៍ ពីលេខរៀងទី ០០១ ដល់លេខរៀងទី ២០៧ (២០៧ គ្រួសារ ទទួលបានដីលំនៅឋាន ១ឡូត៍ និងដីកសិកម្ម ១ឡូត៍ក្នុង ១គ្រួសារ)។
២. មុខសញ្ញាអ្នកទទួលដីអាទិភាពដែលស្នើសុំតែដីឡូត៍លំនៅឋាន ចំនួន ២៤ គ្រួសារស្មើនឹង ២៤ ឡូត៍ ចាប់ឆ្នោតជ្រើសរើសយកដីឡូត៍ពីលេខរៀងទី ២០៨ ដល់លេខរៀងទី ២៣១
៣. មុខសញ្ញាអ្នកទទួលដីអាទិភាពដែលស្នើសុំតែដីឡូត៍កសិកម្ម (១ឡូត៍) ចំនួន ១៨ គ្រួសារ ចាប់ឆ្នោតជ្រើសរើសយកដីឡូត៍កសិកម្មពីលេខរៀងទី ២០៨ ដល់លេខរៀងទី ២២៥។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានយកចិត្តទុកដាក់ខ្ពស់លើការងារលំនៅឋានសម្បទានដីសង្គមកិច្ច តាមរយៈការអភិវឌ្ឍលំនៅឋានដីសង្គមកិច្ចប្រកបដោយចីរភាព ពិសេសផលិតកម្មកសិកម្ម ប្រព័ន្ធគាំពារសង្គមកិច្ច សេវាអប់រំនិងសុខាភិបាល ព្រមទាំងសេវាសង្គមកិច្ចនានា ដែលអាចទ្រទ្រង់ការអភិវឌ្ឍសហគមន៍ ពិសេសនិរន្តរភាពជីវភាព និងសេដ្ឋកិច្ចគ្រួសារ៕