ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង បានឯកភាពគ្នាពន្លឿនការចុះបញ្ជីដីធ្លី ដើម្បីធានាសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ
(ស្វាយរៀង)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តស្វាយរៀង បានឯកភាពគ្នាប្រើប្រាស់កម្លាំងសរុប ពន្លឿនការងារចុះបញ្ជីដីធ្លីឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យតាមការគ្រោងទុក សំដៅផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ ធានាបាននូវសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់។
ថ្លែងនាកិច្ចប្រជុំជំរុញ និងផ្តល់ការគាំទ្រដល់ការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្រ្តខេត្តស្វាយរៀង នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា សម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានដាក់ចេញគោលនយោបាយចុះបញ្ជីដីធ្លីជាអាទិភាពមួយ ដើម្បីផ្តល់សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ និងបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។
ការងារចុះបញ្ជីដីធ្លីជាការងារស្នូល ទាមទារឱ្យមានក្រសួងរៀបចំដែនដី ជាអ្នកដឹកនាំការងារនយោបាយ ហិរញ្ញវត្ថុ បច្ចេកទេស រីឯប្រតិបត្តិករ គឺរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋក្នុងខេត្ត ដែលត្រូវសហការចូលរួមពិនិត្យព្រំដី ក្នុងពេលដែលក្រុមការងារកំពុងចុះវាស់វែងដីធ្លី ដើម្បីឱ្យដំណើរការចុះបញ្ជីដីធ្លីប្រព្រឹត្តទៅដោយរលូន។
ដើម្បីជំរុញការងារចុះបញ្ជីដីធ្លី ឯកឧត្តម សាយ សំអាល់ បានប្រគល់ជូន កុំព្យូទ័រលើតុ ២ គ្រឿង កុំព្យូទ័រយួរដៃ ១៤ គ្រឿង ម៉ាស៊ីនព្រីនចំនួន ១៧ គ្រឿង និងម៉ាស៊ីនស្កេនចំនួន ២០ គ្រឿង ដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង ។
ការងារចុះបញ្ជីដីធ្លី ដើម្បីបន្តផ្តល់បណ្ណកម្មសិទ្ធិដល់ប្រជាជនឱ្យបានលឿន ដើម្បីជាមូលដ្ឋានប្រភពសេដ្ឋកិច្ច និងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ជាអាទិភាពទី៥ នៃទិសដៅអាទិភាពគោលនយោបាយ ១៥ ចំណុច ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដាក់ចេញ ផ្អែកទៅលើអាទិភាពនៃយុទ្ធសាស្រ្តបញ្ចកោណ ក្នុងបញ្ចកោណទី៤ មុំទី៤៕