ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី ជំរុញការកសាងពូនជ្រុំរដ្ឋបាលទំនើប សម្បូរដោយមូលធនមនុស្ស ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន
(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បញ្ជាក់អំពីគោលនយោបាយដឹកនាំ ដោយសង្តត់ធ្ងន់លើការកសាងពូនជ្រុំរដ្ឋបាលទំនើប រឹងមាំ មានមូលធនមនុស្សប្រកបដោយវិជ្ជាជីវៈ បម្រើឧត្តមប្រយោជន៍ជាតិ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ថ្លែងក្នុងវគ្គផ្ដាច់ព្រ័ត្រកម្មវិធីពានរង្វាន់ស្ថាបត្យករវ័យក្មេងកម្ពុជា ឆ្នាំ២០២៣ ក្រោមប្រធានបទ”ទីក្រុងនៃក្តីស្រមៃនាពេលអនាគត” ក្រុងអរិយក្សត្រ នារសៀលថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០២៤។
ឯកឧត្តមអបអរសាទរចំពោះជោគជ័យរបស់ស្ថាបត្យករវ័យក្មេងកម្ពុជាទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីពានរង្វាន់ស្ថាបត្យករវ័យក្មេងកម្ពុជាឆ្នាំ២០២៣ និងស្នើឱ្យបន្តការរៀបចំកម្មវិធីនេះជាបន្តបន្ទាប់ ដោយពង្រីកប្រធានបទនៃកម្មវិធីនេះបន្ថែមទៀត។
ការកសាងធនធានខួរក្បាល ជាពិសេសក្នុងវិស័យស្ថាបត្យកម្ម គឺជាកិច្ចការមួយដែលមានគុណតម្លៃដ៏ធំធេង និងជាការវិនិយោគសម្រាប់អនាគតទាំងអស់គ្នា។
ឯកឧត្តម សាយ សំអាល់ ចង់ឃើញប្រជាជនខ្មែរគ្រប់ៗរូបមានទ្រនំសុភមង្គល មានម្ហូបលើតុ មានសុខភាពល្អ ហើយមានលទ្ធភាពបញ្ជូនកូនទៅសាលារៀន ដែលរួមចំណែកក្នុងការកសាងមូលធនមនុស្សនៅកម្ពុជាឱ្យកាន់តែរឹងមាំ ដែលនេះជាបុរេលក្ខខណ្ឌក្នុងការធានានិរន្តរភាពនៃសន្តិភាព និងភាពសម្បូរសប្បាយរុងរឿងនៃជាតិ និងប្រជាជនកម្ពុជា។
ឯកឧត្តមបានបន្ថែមថា បច្ចុប្បន្ន យើងសង្កេតឃើញស្ថាបត្យកម្មខ្មែរមានការរីកចម្រើន ដោយក្នុងនោះនៅតាមអគាររដ្ឋនានាដូចជា វិមានសន្តិភាព អគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អគារក្រសួងមហាផ្ទៃ អគ្គបញ្ជាការកងទ័ពជើងគោក គឺសុទ្ធសឹងតែមានរចនាបទស្ថាបត្យកម្មខ្មែរ ហើយនេះគឺជាមោទនភាពមួយរបស់យើងទាំងអស់គ្នា ដែលបានដើរលើមាគ៌ាមួយដ៏ត្រឹមត្រូវ ហើយនាពេលអនាគត កម្ពុជានឹងមានអគារល្អស្អាត ប្រកបដោយផាសុកភាព និងបម្រើដល់ឧត្តមប្រយោជន៍សេដ្ឋកិច្ច សង្គមនិងវប្បធម៌របស់កម្ពុជា៕