ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ក្រោមមូលបទ “ស្ត្រីនិងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល”
(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំពិធីអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ ២០២៤ ក្រោមមូលបទ “ស្ត្រីនិងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល” នារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាស្ត្រីក្រោមឱវាទក្រសួងជាច្រើនរូប។
ឯកឧត្តម តឹករ៉េត សំរេច រដ្ឋលេខាធិការប្រចាំការ តំណាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចាត់ទុកថ្ងៃនេះជាពេលវេលាជួបជុំដ៏រីករាយសម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាស្ត្រីក្រោមឱវាទក្រសួង ដែលកន្លងមកបានខិតខំប្រឹងប្រែងលះបង់ពេលវេលា កម្លាំងកាយចិត្តក្នុងការបំពេញតួនាទីភារកិច្ចក្នុងគ្រួសារ និងជូនស្ថាប័ន និងសង្គមជាតិ។
ឯកឧត្តមបានបញ្ជាក់ថា ប្រធានបទ “ស្ត្រីនិងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល” នាឆ្នាំនេះ ជាប្រធានបទដ៏សំខាន់ និងត្រឹមត្រូវស្របទៅនឹងការវិវត្តនៃសង្គមជាតិ និងស្របតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
ឯកឧត្តម តឹករ៉េត សំរេច ថ្លែងអំណរគុណដល់ស្ត្រីមកពីវិស័យឯកជន និងអង្គភាពនានាដែលបានចូលរួមនាឱកាសនេះ និងជូនពរដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាស្ត្រីទាំងអស់មានសុខភាពល្អ ដើម្បីបន្តបំពេញតួនាទីភារកិច្ចក្នុងវិស័យជំនាញនីមួយៗ និងលើកទឹកចិត្តឱ្យបន្ត ពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀតឱ្យស្របតាមបរិវត្តកម្មឌីជីថល ដើម្បីរួមចំណែកអភិវឌ្ឍសង្គមជាតិឱ្យកាន់តែប្រសើរ។
ជាទីបញ្ចប់ ឯកឧត្តមបានប្រគល់បាច់ផ្កា និងវត្ថុអនុស្សាវរីយ៍ជាការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំជាស្ត្រី ស្ត្រីឆ្នើម និងស្ត្រីសកម្ម៕