ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី កោតសរសើរជ័យលាភីបរិញ្ញាបត្ររងសុរិយោដីទាំងអស់ ដែលបានពូនជ្រំសមត្ថភាពរបស់ខ្លួន ដើម្បីរួមចំណែកអភិវឌ្ឍជាតិ
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បង្ហាញពីមោទនភាព ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកម្មសិក្សាការីជ័យលាភីបរិញ្ញាបត្ររងសុរិយោដីទាំងអស់ ដែលបានគិតគូរបន្តកសាង និងពូនជ្រុំសមត្ថភាពខ្លួន ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ។
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ថ្លែងនាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នាពិធីចែកសញ្ញាបត្រដល់កម្មសិក្សាការីជ័យលាភីបរិញ្ញាបត្ររងសុរិយោដីជំនាន់ទី១១ ១២ និង ១៣ ដែលបានទទួលការបណ្ដុះបណ្ដាលពីមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់ក្រសួង។
សមិទ្ធផលនាថ្ងៃនេះ គឺបានឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ពិសេសការអភិវឌ្ឍមូលធនមនុស្ស ដែលសម្តេចធិបតីនាយករដ្ឋមន្រ្តី ប្រសិទ្ធនាមថា ជាទ្រព្យសកម្មដ៏មានតម្លៃ និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសង្គមជាតិ។
ឯកឧត្តម ថ្លែងអំណរគុណ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអគ្គនាយកដ្ឋានរដ្ឋបាល ដែលមាននាយកដ្ឋានបុគ្គលិកជាសេនាធិការ ចំពោះការបំពេញតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់។
លោក ជាម សុផលមករា ប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ដោយពិនិត្យឃើញពីភាពចាំបាច់ក្នុងការការរៀបចំមន្ត្រីបន្តវេនលើកិច្ចការសុរិយោដី ក្រសួងសម្រេចបង្កើតសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈលើមុខជំនាញរៀបចំដែនដី នគរូបនីយកម្ម សំណង់ សុរិយោដី និងភូមិសាស្ត្រ។ តាំងពីឆ្នាំ២០១១ មកទល់ពេលនេះ វគ្គបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្ររងសុរិយោដី មានសរុប ១៤ ជំនាន់ មានកម្មសិក្សាការីចូលរួមចំនួន ៤៣៦នាក់ នារី ៤៩នាក់ និងជំនាន់ទី ១៤ ដែលកំពុងដំណើរការ មានកម្មសិក្សាការីចូលរួមចំនួន ១៩នាក់ នារី ៦នាក់។
កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្ររងសុរិយោដីនេះ ត្រូវបានឆ្លងកាត់ការវាយតម្លៃរបស់គណៈកម្មាធិការវាយតម្លៃគុណភាពជាតិអប់រំកម្ពុជា នៃក្រសួងអប់រំ យុវជន និងកីឡា លើ ២២មុខវិជ្ជា ស្មើនឹង ៦៦ក្រេឌីត ហើយមានរយៈពេលនៃការសិក្សា ៨ ខែ។ នៅចុងបញ្ចប់វគ្គសិក្សា កម្មសិក្សាការីមានកាតព្វកិច្ចសរសេររបាយការណ៍បញ្ចប់វគ្គសិក្សាជាក្រុម ផ្ដោតលើប្រធានបទចំនួន ៥ រួមមាន ក្រមរដ្ឋប្បវេណី, ច្បាប់ភូមិបាល, បច្ចេកទេសវាស់វែង, អភិរក្សសុរិយោដី និងប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS )៕