គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បន្តប្រជុំពិនិត្យវឌ្ឍភាពគម្រោងអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ខេត្តកែប និងការរៀបចំផ្លូវជិះកង់ទេសចរណ៍តាមបណ្តោយឆ្នេរសមុទ្រកម្ពុជា
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) បន្តប្រជុំតាមដាន ត្រួតពិនិត្យ និងវាយតម្លៃគម្រោងអភិវឌ្ឍរមណីយដ្ឋានខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ប្រវែង ២ ៧០០ម៉ែត្រ ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប និងជំរុញការសិក្សាលើទស្សនទាននៃការរៀបចំផ្លូវជិះកង់ទេសចរណ៍តាមបណ្តោយឆ្នេរសមុទ្រកម្ពុជា ក្នុងគោលដៅដើម្បីពង្រីកទីកន្លែងលម្ហែកាន់តែច្រើនជូនដល់ប្រជាជនកម្ពុជា និងជាពិសេសថែរក្សានូវសក្តានុពលតំបន់ឆ្នេររបស់កម្ពុជា។
កិច្ចប្រជុំនេះធ្វើឡើងនៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ដឹកនាំដោយ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធាន គ.អ.ឆ.ក. និងចូលរួមដោយថា្នក់ដឹកនាំក្រសួងរៀបចំដែនដី ថ្នាក់នាំ គ.អ.ឆ.ក រដ្ឋបាលខេត្តតំបន់សមុទ្រទាំង៤ រួមមានកំពត កែប ព្រះសីហនុ និងខេត្តកោះកុង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន សរុបប្រមាណ ១៥០នាក់។
ឯកឧត្តម សាយ សំអាល់ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ផ្នែកឯកជន ដៃគូអភិវឌ្ឍន៍នានា និងអ្នកពាក់ព័ន្ធទាំងអស់ដែលសហការល្អ និងចូលរួមចំណែកធ្វើឱ្យមានវឌ្ឍនភាពយ៉ាងល្អប្រសើរលើការងារគ្រប់គ្រង ថែរក្សា ការពារ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាប្រកបដោយទំនួលខុសត្រូវខ្ពស់ សំដៅអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន។
កិច្ចប្រជុំសង្កត់ធ្ងន់ទៅលើការបន្តជំរុញអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្ត និងព្រែកកម្សាន្តនៅតំបន់ឆ្នេរសមុទ្រកម្ពុជា ដើម្បីទាក់ទាញការវិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ច ធុរកិច្ច និងទេសចរណ៍ និងពិភាក្សាលើទស្សនាទានផ្លូវជិះកង់ទេសចរណ៍តាមបណ្តោយឆ្នេរសមុទ្រកម្ពុជា មានប្រវែងសរុបប្រមាណ ៤៦០ គីឡូម៉ែត្រ ដែលភ្ជាប់ពីខេត្តកែប កំពត ព្រះសីហនុ និងខេត្តកោះកុង សំដៅប្រែក្លាយតំបន់ឆ្នេរសមុទ្រកម្ពុជា ជាប៉ូលអភិវឌ្ឍជាតិទំនើបប្រកបដោយចីរភាព ជវភាព សុខភាព និងសុខភមង្គល។
តំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា រួមមានខេត្តកែប កំពត ព្រះសីហនុ និងខេត្តកោះកុង ត្រូវបានដាក់បញ្ចូលជាសមាជិកពេញសិទ្ធិក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ នៅទីក្រុងទូបាតួតា ប្រទេសសេណេហ្គាល់។ តំបន់ឆ្នេរសមុទ្រកម្ពុជាមានសក្តានុពល សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រ និងកោះ ប្រកបដោយប្រជាប្រិយភាព ដែលមានភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់លាននាក់មកទស្សនាលម្ហែកម្សាន្តក្នុងមួយឆ្នាំៗ និងត្រូវបានប្រសិទ្ធនាមថាជា “តារារះនាទិសនិរតីនៃប្រទេសកម្ពុជា”។
ក្នុងគោលបំណងកសាងកម្ពុជា ជាអរិយប្រទេសចក្ខុវិស័យឆ្នាំ២០៥០ តំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា មានចក្ខុវិស័យជា ប៉ូលអភិវឌ្ឍជាតិទំនើបប្រកបដោយចីរភាព ជវភាព សុខភាព និងសុខភមង្គល ដើម្បីចូលរួមអភិវឌ្ឍកម្ពុជា ជាប្រទេសដែលមានភាពរស់រវើក, មានចំណូលខ្ពស់ និងសេដ្ឋកិច្ចធន់ ប្រជាជនមានចំណេះដឹងខ្ពស់ និងមានជំនាញមួយប្រចាំជីវិត, ប្រជាជនរស់នៅក្នុងសេចក្តីថ្លៃថ្នូរ សុភមង្គល និងសមធម៌, មានបរិស្ថានរូបវន្ត និងធម្មជាតិប្រកបដោយសុខដុមភាព, ភាពធន់, បរិយាបន្ន, និងតុល្យភាពរវាងការអភិវឌ្ឍ និងការអភិរក្សធនធានធម្មជាតិ។
រាជរដ្ឋាភិបាលមានចក្ខុវិស័យអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាទីក្រុងបៃតងអាស៊ាននៃប៉ូលអភិវឌ្ឍជាតិទំនើបប្រកបដោយចីរភាព ជវភាព សុខភាព និងសុភមង្គល; ក្រុងកំពតជាក្រុងគុជបៃតង ឆ្នេរសមុទ្រធម្មជាតិ វប្បធម៌ និងពាណិជ្ជកម្ម; ក្រុងកែបជាទីក្រុងទំនើបមានខ្យល់អាកាសធម្មជាតិបរិសុទ្ធ ឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក សម្រាប់ការស្នាក់នៅ ប្រកបការងារ និងទេសចរណ៍ ដែលមានគុណភាពបរិស្ថានរស់នៅល្អ ផាសុកភាព និងសុភមង្គលល្អ; និងក្រុងខេមរភូមិន្ទ នៃខេត្តកោះកុង ជាទីក្រុងទំនើបឆ្នេរសមុទ្រធម្មជាតិស្អាតបំផុតលើសកលលោក មជ្ឈមណ្ឌលពាណិជ្ជកម្ម សេវាកម្មគាំទ្រឧស្សាហកម្មបច្ចេកវិទ្យាទំនើប ភស្តុភារ និងអ័ក្សដឹកជញ្ជូនអន្តរជាតិ ប្រកបដោយសេវាកម្មក្រុងសម្បូរបែប គុណភាពបរិស្ថានរស់នៅល្អ ផាសុកភាព និងសុភមង្គលល្អ៕