ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការសេវាសាធារណៈចំនួន១២ តាមប្រព័ន្ធឌីជីថល
(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការសេវាសាធារណៈតាមប្រព័ន្ធឌីជីថលរបស់ក្រសួង នារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងវិស័យឯកជន រួមមាន លោក ប៉េះ គីមស្រ៊ាន នាយកក្រុមហ៊ុន Kess Innovation Plc លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា និងជាប្រធាននាយកប្រតិបត្តិនៃធនាគារមេយ៍ប៊ែង ខេមបូឌា ភីអិលស៊ី និងលោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលគ្រឹះស្ថានខេម៉ាមីក្រូហិរញ្ញវត្ថុ ព្រមទាំងភាគីពាក់ព័ន្ធដទៃទៀត។
ឯកឧត្តម សាយ សំអាល់ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធនាគារ និងសមាគមហិរញ្ញវត្ថុទាំងអស់ ដែលបានផ្ដល់កិច្ចសហការសម្របសម្រួលគាំទ្រយ៉ាងពេញទំហឹង ទាំងបច្ចេកទេស ឧបករណ៍ និងថវិកា រហូតសម្រេចបានសមិទ្ធផលដែលជាគោលដៅរបស់ក្រសួងនាពេលនេះ។
ឯកឧត្តមបានលើកឡើងថាសមិទ្ធផលសេវាគាប់ចិត្តដែលកើតឡើងនាពេលនេះ គឺបានមកពីការជ្រោងទង់សាមគ្គីឯកភាពផ្ទៃក្នុងរបស់ក្រសួង ព្រមទាំងការចូលរួមយ៉ាងសកម្មដោយភាតរភាព និងភាពស្និទ្ធស្នាល ក្នុងស្មារតីទទួលខុសត្រូវខ្ពស់រួមគ្នាជាមួយអង្គការ សមាគម និងអ្នកពាក់ព័ន្ធទាំងអស់។ នេះគឺជាការបើកទំព័រថ្មីមួយសម្រាប់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ស្នើសុំសេវាសាធារណៈតាមប្រព័ន្ធឌីជីថល ដែលឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ពិសេសគឺការកសាងរដ្ឋាភិបាលឆ្លាតវៃ ដោយឈរលើមូលដ្ឋាននៃការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាឌីជីថលជាប្រព័ន្ធអេកូឡូស៊ី សំដៅបង្កើតបរិយាកាសអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថលប្រកបដោយបរិយាបន្ន។
លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា បច្ចុប្បន្នក្រសួងមានសេវាសាធារណៈសរុប ៤៩៦ មុខ ក្នុងនោះសេវាដែលស្ថិតក្នុងសមត្ថកិច្ចកម្រិតរដ្ឋបាលកណ្ដាលក្រសួងមាន ១៩៨ មុខ សេវាសាធារណៈដែលបានធ្វើប្រតិភូកម្មទៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីខេត្តមាន ២២០ មុខ និងសេវាដែលផ្ដល់ដោយការិយាល័យច្រកចេញចូលតែមួយរបស់ក្រុងស្រុកខណ្ឌមាន ៧៨ មុខ។
សេវាសាធារណៈក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រកចំណូលបានជាង ១០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ ។ ដោយឡែក នៅឆ្នាំ២០២៣ រកបានជាង ១៤៦ លានដុល្លារអាមេរិក ក្នុងនោះចំណូលពន្ធលើការផ្ទេរអចលនទ្រព្យ គឺប្រមាណ ១០០ លានដុល្លារអាមេរិក។
ការលើកកម្ពស់គុណភាពសេវាសាធារណៈក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាការរួមចំណែកសម្រេចបានគោលដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលផង និងបង្កើនចំណូលពន្ធជូនរដ្ឋផង។ ឈរលើក្របខណ្ឌរួមនេះ ក្រសួងបានធ្វើបរិវត្តកម្មសេវាឌីជីថលជាបណ្ដើរៗ ដោយបានធ្វើទំនើបកម្មសេវាពិនិត្យព័ត៌មានសុរិយោដីតាម QR Code (ដោយពិនិត្យបានទាំងលេខកូដក្បាលដី) និងដាក់ឱ្យដំណើរការសាកល្បងកាលពីខែតុលា ឆ្នាំ២០២៣ នៅលើគេហទំព័ររបស់ក្រសួង។
នៅខែធ្នូ ឆ្នាំ២០២៣ ក្រសួងបានដាក់ឱ្យដំណើរការសាកល្បងសេវាផ្តល់អាជ្ញាបណ្ណប្រកបអាជីវកម្មសាងសង់ online ៣ មុខបន្ថែមទៀត។ គិតត្រឹមខែមីនា ឆ្នាំ២០២៤ អ្នកប្រើប្រាស់អាចស្នើសុំសេវាសាធារណៈសរុបមាន ១២ មុខ ដែលមាននៅលើគេហទំព័ររបស់ក្រសួង នៅលើ App Camdigikey និងថ្នាលផ្លាស់ប្ដូរទិន្នន័យ CamDX។
កន្លងមក ក្រសួងបានកសាងនូវប្រព័ន្ធឌីជីថលសំខាន់ៗរួមមាន៖ ការស្នើសុំសេវាសាធារណៈ Online ចរន្តការរដ្ឋបាលក្រសួងតាមប្រព័ន្ធអេឡិចត្រូនិក កសាងបណ្ណាល័យឯកសារគតិយុត្តអេឡិចត្រូនិក ការចុះបញ្ជីដីធ្លីតាមប្រព័ន្ធអេឡិចត្រូនិក និងរៀបចំថ្នាល “មជ្ឈមណ្ឌលប្រជាជន” (people center) ដែលជាថ្នាលប្រមូលផ្ដុំទិន្នន័យគ្រប់ប្រភេទសម្រាប់ផ្ដល់សេវាដល់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស និងជាថ្នាលដែលអនុញ្ញាតឱ្យក្រសួងស្ថាប័នបញ្ចូលព័ត៌មានគោលក្នុងវិស័យរបស់ខ្លួន ដើម្បីក្លាយជាផែនទីជាតិរួមមួយសម្រាប់ប្រើប្រាស់ក្នុងការសិក្សាវិភាគ និងរៀបចំផែនការអភិវឌ្ឍន៍ឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ៕