រាជរដ្ឋាភិបាល បាននឹងកំពុងប្រែក្លាយក្រុងរុនតាឯក និងពាក់ស្នែង ក្នុងខេត្តសៀមរាប ឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា
(សៀមរាប)៖ ក្នុងជំនួបជាមួយមន្ត្រីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាបដើម្បីជំរុញការងារចុះបញ្ជីដីធ្លីក្នុងខេត្តនេះ នាព្រឹកថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា រាជរដ្ឋាភិបាលបាននឹងកំពុងប្រែក្លាយក្រុងរុនតាឯក និងពាក់ស្នែង ក្នុងខេត្តសៀមរាបឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានឱ្យដឹងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា រួមនិងអាជ្ញាធរខេត្តសៀមរាប បាននឹងកំពុងសហការគ្នារៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងក្រុងរុនតាឯក និងពាក់ស្នែង ដើម្បីគាំទ្រដល់សុខុមាលភាព និងជីវភាពរស់នៅល្អប្រសើររបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ទាំងពីរនេះ។ ម្យ៉ាងទៀតយើងក៏បានបំពេញកាតព្វកិច្ចក្នុងកិច្ចការពារ និងថែរក្សាមរតកដ៏មានតម្លៃពីដូនតាខ្មែរឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានប្រគល់សម្ភារបរិក្ខារជូនដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប ដើម្បីជំរុញការងារចុះបញ្ជីដីធ្លី រួមមាន ម៉ាស៊ីនវាស់វែង ១១ គ្រឿងក្នុងនោះ ៦ គ្រឿង ផ្ដល់ជូនដោយប្រើប្រាស់ថវិកាក្នុងគម្រោង LASED III និង ៥ គ្រឿង ផ្ដល់ជូនដោយប្រើប្រាស់ថវិកាក្នុងគម្រោង LASSP កុំព្យូទ័រ Desktop ១២គ្រឿង កុំព្យូទ័រ Laptop ៦ គ្រឿង UPS Prolink ១២ គ្រឿង ម៉ាស៊ីនស្គេន ៦ គ្រឿង ម៉ាស៊ីនព្រីនធ័រ ៦ គ្រឿង និង LCD Projector ៦ គ្រឿងផងដែរ។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលក្នុងនោះរួមបញ្ចូល ការធ្វើកំណែទម្រង់ដីធ្លី និងនគរូបនីយកម្មឱ្យកាន់តែស៊ីជម្រៅ ជាមួយនឹងការបង្កើតឱ្យមាននូវគោលនយោបាយដីធ្លី ៣ចំណុច រួមមាន ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ និងការផ្ដល់សេវារដ្ឋបាលដីធ្លីជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ការងារចុះបញ្ជីដីធ្លី ដើម្បីបន្តផ្តល់បណ្ណកម្មសិទ្ធិដល់ប្រជាជនឱ្យបានលឿន ដើម្បីជាមូលដ្ឋានប្រភពសេដ្ឋកិច្ច និងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ជាអាទិភាពទី៥ នៃទិសដៅអាទិភាពគោលនយោបាយ ១៥ ចំណុច ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញ ផ្អែកទៅលើអាទិភាពនៃយុទ្ធសាស្រ្តបញ្ចកោណ ក្នុងបញ្ចកោណទី៤ មុំទី៤៕