ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តបន្ទាយមានជ័យ បានឯកភាពគ្នាពន្លឿនការចុះបញ្ជីដីធ្លីដែលនៅសេសសល់ក្នុងភូមិសាស្ត្រខេត្តនេះ
(បន្ទាយមានជ័យ)៖ ក្នុងកិច្ចប្រជុំពិភាក្សាជំរុញការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្ទីរក្រោមឱវាទ រួមនិងរដ្ឋបាលខេត្តបន្ទាយមានជ័យ បានឯកភាពគ្នាពន្លឿនការងារចុះបញ្ជីដីធ្លីដែលនៅសេសសល់ក្នុងភូមិសាស្ត្រខេត្តនេះឱ្យបានរួចរាល់ឆាប់រហ័សតាមការគ្រោងទុក។
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ការចុះបញ្ជីដីធ្លីនេះ គឺបានទទួលនូវការស្វាគមន៍និងការសាទរជាច្រើន ដែលនេះគឺជាកំណប់ទ្រព្យរបស់ប្រជាពលរដ្ឋ និងជាជោគជ័យមួយសម្រាប់រាជរដ្ឋាភិបាលកម្ពុជា។ ការចុះបញ្ជីដីធ្លីនេះក៏បានបញ្ចប់នូវវិវាទដីធ្លីជាច្រើនរវាងបុគ្គលនិងបុគ្គល និងបានបង្កើតនូវបរិយាកាសដែលមិនមានវិវាទនៅកម្ពុជា ហើយទិន្នន័យដែលក្រសួងអាចរៀបចំបាននេះ នាពេលខាងមុខក្រសួងនឹងបម្រើសេវាសាធារណៈតាមរយៈសេវាគាប់ចិត្តតាមបច្ចេកវិទ្យាឌីជីថល ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋអាចប្រើប្រាស់បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ចាត់ទុកកិច្ចការចុះបញ្ជីដីធ្លីបញ្ចប់វិវាទនេះ គឺជាកិច្ចការប្រវត្តិសាស្ត្រមួយក្នុងការធ្វើកំណែទម្រង់ដីធ្លីរបស់កម្ពុជា ហើយអ្វីដែលយើងបានអនុវត្តនេះ គឺសំដៅទៅបញ្ចប់ឱ្យបានមុនឆ្នាំ ២០២៩ ដើម្បីប្រារព្ធខួបលើកទី៤០ នៃការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។ ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជំរុញដល់អគ្គនាយកដ្ឋានរៀបចំដែនដីនិងនគរូបនីយកម្ម និងអគ្គនាយកដ្ឋានលំនៅឋាន ត្រូវចូលរួមសហការគ្នាជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យក្នុងការអនុវត្តការងាររៀបចំប្លង់គោល ការរៀបចំក្រុង លំនៅឋាន ដីធ្លីសម្រាប់កសិកម្ម ផ្លូវថ្មើរជើង និងលម្ហសាធារណៈស្របតាមសក្តានុពលរបស់ខេត្តដើ ម្បីកែលម្អខេត្តនេះឱ្យក្លាយជាទីដែលមានបរិយាកាសប្រកបដោយផាសុកភាពនិងផ្ដល់សុខុមាលភាពក្នុងការរស់នៅសម្រាប់ប្រជាពលរដ្ឋ។
បច្ចុប្បន្ន នៅខេត្តបន្ទាយមានជ័យ នៅសល់ប្រមាណ ៣២៥ ០០០ ក្បាលដីទៀតដែលកំពុងអនុវត្ត និងជំរុញនីតិវិធីនៃការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ ដើម្បីសម្រេចបញ្ចប់ការចុះបញ្ជីឱ្យបានរួចរាល់ទាំងស្រុងនាឆ្នាំ ២០២៥ ខាងមុខ។
ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានប្រគល់សម្ភារបរិក្ខារជូនដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ ដើម្បីជំរុញការងារចុះបញ្ជីដីធ្លីរួមមាន ៖ ម៉ាស៊ីនវាស់វែង ២០ គ្រឿងផ្ដល់ជូនដោយប្រើប្រាស់ថវិកាក្នុងគម្រោងLASED III កុំព្យូទ័រDesktop ៤គ្រឿង កុំព្យូទ័រ Laptop ៤គ្រឿង ម៉ាស៊ីនព្រីនធ័រ A4ចំនួន ៣ គ្រឿង ម៉ាស៊ីនស្គែន ៤ គ្រឿង និងម៉ាស៊ីនព្រីនធ័រ Epson ៩គ្រឿងផងដែរ។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលក្នុងនោះរួមបញ្ចូល ការធ្វើកំណែទម្រង់ដីធ្លី និងនគរូបនីយកម្មឱ្យកាន់តែស៊ីជម្រៅ ជាមួយនឹងការបង្កើតឱ្យមាននូវគោលនយោបាយដីធ្លី ៣ចំណុចរួមមាន ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ និងការផ្ដល់សេវារដ្ឋបាលដីធ្លីជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ការងារចុះបញ្ជីដីធ្លី ដើម្បីបន្តផ្តល់បណ្ណកម្មសិទ្ធិដល់ប្រជាជនឱ្យបានលឿន ដើម្បីជាមូលដ្ឋានប្រភពសេដ្ឋកិច្ច និងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ជាអាទិភាពទី៥ នៃទិសដៅអាទិភាពគោលនយោបាយ ១៥ ចំណុច ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញ ផ្អែកទៅលើអាទិភាពនៃយុទ្ធសាស្រ្តបញ្ចកោណ ក្នុងបញ្ចកោណទី៤ មុំទី៤៕