ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី ប្តេជ្ញាដោះស្រាយវិវាទដីធ្លីក្នុងខេត្តកំពង់ឆ្នាំងឱ្យបានចប់សព្វគ្រប់ ដើម្បីឈានទៅបញ្ចប់ការចុះបញ្ជីដីធ្លីជាប្រព័ន្ធឱ្យបានរួចរាល់ក្នុងអាណត្តិទី៧នេះ
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្តេជ្ញាដោះស្រាយបញ្ហាវិវាទដីធ្លីនៅក្នុងខេត្តកំពង់ឆ្នាំងឱ្យបានចប់សព្វគ្រប់ សម្រាប់ធ្វើជាគំរូក្នុងការដោះស្រាយវិវាទដីធ្លីនៅខេត្តផ្សេងៗទៀត ដើម្បីឈានឆ្ពោះទៅបញ្ចប់ការចុះបញ្ជីដីធ្លីជាប្រព័ន្ធឱ្យបានរួចរាល់ក្នុងអាណត្តិទី៧ នេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាការចុះបញ្ជីដីធ្លីក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ដោយមានការចូលរួមពីអន្តរក្រសួងរួមមាន ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ព្រមទាំងអាជ្ញាធរទន្លេសាប។
ឯកឧត្តម សាយ សំអាល់ បានជំរុញឱ្យមានការរួមគ្នាអនុវត្តគោលនយោបាយបញ្ចប់ការចុះបញ្ជីដីធ្លី ដែលនៅសេសសល់ប្រមាណ ៥លានក្បាលដីទៀតនៅទូទាំងប្រទេស និងណែនាំឱ្យពន្លឿនការចុះបញ្ជីគ្រប់ដីរដ្ឋទាំងអស់រួមមាន សាលារៀន វត្តអារាម តំបន់អភិរក្ស និងដីសម្បទាន ជាដើម។
ការចុះបញ្ជីដីធ្លីបង្ហើយតាមផែនការដែលបានកំណត់ក្នុងនីតិកាលទី៧ នឹងរួមចំណែកបង្កើតបរិយាកាសមិនមានវិវាទដីធ្លីនៅកម្ពុជា និងពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លីស្របច្បាប់ ព្រមទាំងជំរុញការប្រើប្រាស់ដីឱ្យអស់សក្តានុពល ដើម្បីបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងអភិវឌ្ឍសេដ្ឋកិច្ចឱ្យកាន់តែប្រសើរឡើង៕






