ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាត់ទុកកិច្ចការចុះបញ្ជីដីធ្លីបង្ហើយ និងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ គឺត្រូវមានការចូលរួម លះបង់ និងការគាំទ្រពីគ្រប់មជ្ឈដ្ឋាន និងគ្រប់ក្រសួងស្ថាប័នទាំងអស់
(កណ្ដាល)៖ កិច្ចការចុះបញ្ជីដីធ្លីបង្ហើយ និងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ដែលយើងអាចសម្រេចបានជូនរាជរដ្ឋាភិបាលនិងប្រជាជន គឺត្រូវមានការចូលរួមទាំងអស់គ្នា លះបង់ទាំងអស់គ្នា និងការគាំទ្រពីគ្រប់មជ្ឈដ្ឋាន និងគ្រប់ក្រសួងស្ថាប័នទាំងអស់។
នេះបើតាមប្រសាសន៍ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤៩៥១ បណ្ណ ជូនប្រជាពលរដ្ឋ ៩ភូមិ គឺភូមិបែកថ្លាង ភូមិដំបូកមានលក្ខណ៍ ភូមិកំណប់ ឃុំទំនប់ធំ និងភូមិកាកាប ភូមិតាអោក ភូមិស្លែងមានជ័យ ភូមិស្តុកតាចាន់ ភូមិទន្សាស្វិត ភូមិពង្រ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណនិងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារទាំងអស់និងអាជ្ញាធរដែនដី អាជ្ញាធរមូលដ្ឋានភូមិឃុំ មន្ត្រីរាជការក្រោមឱវាទស្រុកពញ្ញាឮ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ជុំវិញខេត្តកណ្ដាល និងគណៈអភិបាលខេត្ត ដែលបានសហការគ្នាដើម្បីសម្រេចបាននូវការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋក្នុងឃុំទំនប់ធំ និងឃុំឈ្វាំង ស្រុកពញ្ញាឮ ខេត្តកណ្ដាលនាពេលនេះ និងបានថ្លែងអំណរគុណដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី (ដ.ន.ស.ស.) ខេត្តកណ្ដាល ដែលបានយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងល្អប្រសើរដោយមន្ត្រីជំនាញទាំងអស់បានសស្រាក់សស្រាំក្នុងការវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ ក៏ដូចជាមន្ទីរ ដ.ន.ស.ស គ្រប់បណ្ដារាជធានីខេត្តដែលបានយកចិត្តទុកដាក់យ៉ាងសកម្មក្នុងការងារចុះវាស់វែងដីធ្លីនេះជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសក្រោមកិច្ចសហការឧបត្ថម្ភគាំទ្រពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទាំងសម្ភារៈ និងស្មារតីឆ្លើយតបតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយនេះ ឯកឧត្តម បានចាត់ទុកកិច្ចការចុះបញ្ជីដីធ្លីបញ្ចប់វិវាទនេះគឺជាកិច្ចការប្រវត្តិសាស្ត្រមួយក្នុងការធ្វើកំណែទម្រង់ដីធ្លីរបស់កម្ពុជាចាប់ពីឆ្នាំ១៩៨៩មក ហើយអ្វីដែលយើងបានអនុវត្តនេះគឺសំដៅទៅបញ្ចប់ឱ្យបានមុនឆ្នាំ ២០២៩ ដើម្បីគម្រប់ខួបលើកទី ៤០ នៃការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលក្នុងនោះរួមបញ្ចូល ការធ្វើកំណែទម្រង់ដីធ្លី និងនគរូបនីយកម្មឱ្យកាន់តែស៊ីជម្រៅ ជាមួយនឹងការបង្កើតឱ្យមាននូវគោលនយោបាយដីធ្លី ៣ ចំណុចរួមមាន ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ និងការផ្ដល់សេវារដ្ឋបាលដីធ្លីជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ការងារចុះបញ្ជីដីធ្លី ដើម្បីបន្តផ្តល់បណ្ណកម្មសិទ្ធិដល់ប្រជាជនឱ្យបានលឿន ដើម្បីជាមូលដ្ឋានប្រភពសេដ្ឋកិច្ច និងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ជាអាទិភាពទី៥ នៃទិសដៅអាទិភាពគោលនយោបាយ ១៥ ចំណុច ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញ ផ្អែកទៅលើអាទិភាពនៃយុទ្ធសាស្រ្តបញ្ចកោណ ក្នុងបញ្ចកោណទី៤ មុំទី៤៕