ប្រជាពលរដ្ឋជាម្ចាស់ក្បាលដីចំនួន៣០ភូមិ នៅឃុំអង្គពពេល និងឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុពីរាជរដ្ឋាភិបាលកម្ពុជា
(កំពង់ស្ពឺ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុសរុប ១៩ ៨៤០បណ្ណ ស្មើនឹង១០ ៧៥៨ គ្រួសារ ដល់ប្រជាពលរដ្ឋជាម្ចាស់ក្បាលដីចំនួន ៣០ភូមិ នៅឃុំអង្គពពេល និងឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤។
នាឱកាសនោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលត្រូវប្រគល់ជូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដីនាពេលនេះមាន ១៩ ៨៤០បណ្ណ ស្មើនឹង១០ ៧៥៨គ្រួសារ ក្នុងនោះ ឃុំវាល មាន ២២ភូមិ ត្រូវចែកបណ្ណកម្មសិទ្ធិគឺភូមិចាម ភូមិក្រាំងទាវ ភូមិត្បូងបឹងលិចបឹង ភូមិព្រៃខ្ញែ ភូមិព្រៃទទឹងខាងលិច ភូមិព្រៃទទឹងខាងកើត ភូមិត្បូងភ្នំ ភូមិក្រសាំងជីមែ ភូមិព្រៃស្ដេច ភូមិត្រាវ ភូមិថ្មបាំង ភូមិត្រពាំងពោធិ៍ ភូមិព្រៃខ្លុង ភូមិព្រៃស្បាត ភូមិត្រពាំងវែង ភូមិទួលល្វា ភូមិតាយ៉ង ភូមិទួលខ្ពស់ ភូមិព្រៃជ្រៃ ភូមិព្រៃស្បូវ និងភូមិឈើទាលជ្រុំ មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុសរុប ១៤ ៤៧៦បណ្ណ ស្មើនឹង ៧ ៤១៧គ្រួសារ។ ដោយឡែកនៅឃុំអង្គពពេល មាន ៨ភូមិ ដែលត្រូវចែកបណ្ណកម្មសិទ្ធិនាពេលនេះគឺ ភូមិល្វា ភូមិកំណប់ ភូមិត្រាំរនាប ភូមិក្រសាំងផ្អែម ភូមិសំរោងរស្មី ភូមិធ្លកយល់ ភូមិសំរោងចាស់និងភូមិសោកម៉ោក មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុសរុប ៥ ៣៦៤ បណ្ណ ស្មើនឹង ៣ ៣៤១ គ្រួសារ។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងនាមថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណចំពោះមន្ត្រីក្រុមការងារទាំងអស់ ដែលបានស្ម័គ្រចិត្តមកបំពេញបេសកកម្មវាស់វែងដីធ្លីជូនប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ ដោយលទ្ធផលទទួលបាននាពេលនេះគឺបានមកពីកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រី ក្រុមការងារជំនាញពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ព្រមទាំងប្រជាពលរដ្ឋដែលបានចូលរួមសហការអនុវត្តកិច្ចការងារដ៏មានសារៈសំខាន់នេះឱ្យសម្រេចបានលទ្ធផលយ៉ាងឆាប់រហ័ស។ ការលះបង់កម្លាំងកាយកម្លាំងចិត្តរបស់មន្ត្រីក្រុមការងារនិងអាជ្ញាធរទាំងអស់គឺបានបន្សល់ទុកនូវអនុស្សាវរីយ៍មួយដ៏ធំសម្រាប់អ្នកខេត្តកំពង់ស្ពឺ និងសម្រាប់ខ្លួនឯងផ្ទាល់ក្នុងជីវិតការងារដែលបានចូលរួមចំណែកសម្រេចបាននូវសមិទ្ធផលជាច្រើនជូនជាតិមាតុភូមិនិងប្រជាជនកម្ពុជា។
ឯកឧត្តម បានបញ្ជាក់ថា ការជំរុញការងារចុះបញ្ជីដីធ្លីបង្ហើយ និងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋគឺជាយុទ្ធសាស្ត្រមួយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងគោលដៅគ្រប់គ្រងនិងអភិវឌ្ឍន៍វិស័យដីធ្លីឱ្យបានត្រឹមត្រូវ និងកាត់បន្ថយវិវាទអោយកាន់តែមានប្រសិទ្ធភាព។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលក្នុងនោះរួមបញ្ចូល ការធ្វើកំណែទម្រង់ដីធ្លី និងនគរូបនីយកម្មឱ្យកាន់តែស៊ីជម្រៅ ជាមួយនឹងការបង្កើតឱ្យមាននូវគោលនយោបាយដីធ្លី ៣ ចំណុចរួមមាន ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ និងការផ្ដល់សេវារដ្ឋបាលដីធ្លីជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ការងារចុះបញ្ជីដីធ្លី ដើម្បីបន្តផ្តល់បណ្ណកម្មសិទ្ធិដល់ប្រជាជនឱ្យបានលឿន ដើម្បីជាមូលដ្ឋានប្រភពសេដ្ឋកិច្ច និងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ជាអាទិភាពទី៥ នៃទិសដៅអាទិភាពគោលនយោបាយ ១៥ ចំណុច ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញ ផ្អែកទៅលើអាទិភាពនៃយុទ្ធសាស្រ្តបញ្ចកោណ ក្នុងបញ្ចកោណទី៤ មុំទី៤៕