ពិព័រណ៍វិស័យសំណង់ អគារ វិស្វកម្ម និងឧស្សាហកម្មទឹកខ្នាតអន្តរជាតិធំជាងគេលំដាប់លេខ១នៅកម្ពុជា ត្រូវបានបើកសម្ពោធជាផ្លូវការនៅមជ្ឈមណ្ឌលសន្និបាតនិងពិពណ៌កោះពេជ្ររាជធានីភ្នំពេញ
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងការចំណាយធនធាននិងពេលវេលាក្នុងការរៀបចំពិព័រណ៍វិស័យសំណង់ អគារ វិស្វកម្ម និងឧស្សាហកម្មទឹកខ្នាតអន្តរជាតិធំជាងគេលំដាប់លេខ១នៅកម្ពុជា។
ថ្លែងក្នុងពេលបើកសម្ពោធជាផ្លូវការពិព័រណ៍វិស័យសំណង់ អគារ វិស្វកម្ម និងឧស្សាហកម្មទឹកខ្នាតអន្តរជាតិធំជាងគេលំដាប់លេខ១នៅកម្ពុជា ដែលបានធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចាត់ទុកថាទឹកស្អាតគឺជាអាទិភាពធំមួយរបស់រាជរដ្ឋាភិបាលដើម្បីផ្ដល់ជូនប្រជាជនកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានដាក់ចេញនូវទស្សនៈវិស័យរួមសម្រាប់ទាំងអស់គ្នាដើម្បីដើរលើផ្លូវរួមគ្នាក្នុងការផ្ដល់ឧត្តមប្រយោជន៍ដល់ប្រជាជននិងប្រទេសជាតិ ដោយសង្ឃឹមថា យើងអាចរៀបចំឧស្សាហកម្មមួយដែលមានរបៀបរៀបរយ អាចបង្កើតនូវបរិយាកាសមួយដែលមនុស្សនិងស្ថាប័នអាចបង្កើតនូវវប្បធម៌សិក្សាស្រាវជ្រាវ បង្កើតនូវផលិតផលថ្មី ហើយឯកឧត្តមសង្ឃឹមថាផ្ដើមចេញពីថ្ងៃនេះនិងទីតាំងពិព័រណ៍នេះ យើងអាចមើលឃើញនូវនវានុវត្តន៍ផ្នែកហិរញ្ញវត្ថុដើម្បីជួយទ្រទ្រង់ឧស្សាហកម្មនេះ និងនវានុវត្តន៍គំនិតថ្មីៗទាក់ទិននឹងឧស្សាហកម្មនេះផងដែរ។
ជាមួយនេះ ឯកឧត្តម បានលើកឡើងពីបញ្ហាមួយចំនួនក្នុងសង្គមជាតិក្នុងនោះមានការចុះបញ្ជីដីធ្លី ដែលមកទល់ពេលនេះយើងបានវាស់វែងចុះបញ្ជីបន្ថែមបានប្រមាណ២លាន៣សែនក្បាលដី និងនៅសល់ជាង ១លានក្បាលដីទៀតនឹងត្រូវបញ្ចប់ការចុះបញ្ជីនៅទូទាំងប្រទេស ដែលនេះប្រហែលជាលើកទី១ ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាដោយបានវាស់វែងនិងចុះបញ្ជីដីទាំងអស់នៅទូទាំងប្រទេសបានចប់សព្វគ្រប់ក្នុងអាណត្តិទី៧នេះ។ ដោយឡែក ក្បាលដីដែលនៅសេសសល់មិនទាន់បានចុះបញ្ជី រដ្ឋបាលខេត្តព្រះវិហារបានប្ដេជ្ញាចិត្តក្នុងការបញ្ចប់ការចុះបញ្ជីដីធ្លីឱ្យបានមុនឆ្នាំ២០២៩ ដែលជាគម្រប់ខួបលើកទី ៤០ នៃការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តម បានបញ្ជាក់ថានាពេលខាងមុខនឹងមានការរៀបចំពិព័រណ៍បែបនេះឱ្យបានធំជាងមុនក្រោមការគាំទ្រយ៉ាងពេញទំហឹងពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលនឹងផ្ដល់ឱកាសកាន់តែច្រើនសំរាប់វិស័យសំណង់ អគារ វិស្វកម្មនៅកម្ពុជា។ ដោយឡែកការជួបជុំគ្នានាពេលនេះគឺជាឱកាសដ៏ល្អប្រសើរដើម្បីជជែកពិភាក្សារកវិធីសាស្ត្រធ្វើយ៉ាងណាឱ្យការងារដែលយើងទាំងអស់គ្នាកំពុងធ្វើទទួលបានប្រសិទ្ធភាពខ្ពស់ ធ្វើឱ្យឧស្សាហកម្មទឹកមានរបៀបរៀបរយស៊ីសង្វាក់គ្នា ទទួលបានផលចំណេញកាន់តែច្រើន បង្កើនផលិតភាពសម្រាប់ប្រជាជន៕