ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាត់ទុកកិច្ចប្រជុំផ្សព្វផ្សាយឯកសារទស្សនទានសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ ជាជំហានមួយទៀត ដែលចាំបាច់ក្នុងការកសាងធនធានមនុស្សជាយុវជន
(ភ្នំពេញ)៖ ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយឯកសារទស្សនទានសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ (UYFC 2.0) ដល់សមាជិក សមាជិកាក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ទុកកិច្ចការនេះ ថាជាកិច្ចការស្នូលមួយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា UYFC 2.0 នេះគឺជាជំហានមួយទៀតរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលជាភាពចាំបាច់ក្នុងការកសាងធនធានមនុស្សជាយុវជន។
ឯកឧត្តមបានលើកឡើងថា ចាប់ពីឆ្នាំ២០១០ រហូតមកទល់ពេលនេះ យើងបានប្រមូលផ្ដុំ និងបានប្រែក្លាយសហភាពសហព័ន្ធយុវជនកម្ពុជាឱ្យទៅជាចលនាធំមួយរបស់ជាតិ ហើយយើងទាំងអស់គ្នាត្រូវហ៊ានដើរចេញពីភាពកក់ក្តៅ និងហ៊ានចូលប្រឡូកក្នុងស្ថានភាពលំបាក បញ្ហាប្រឈមផ្សេងៗ ដើម្បីសម្រេចបានជោគជ័យសំរាប់ជីវិតនាពេលអនាគត។
ដោយឡែកទាក់ទិននឹងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបំផុសគំនិតដល់យុវជន ក៏ដូចជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួងឱ្យចេះត្រិះរិះពិចារណា ផ្ដល់មតិយោបល់ថាតើយើងមានគោលដៅចង់ធ្វើអ្វីខ្លះចំពោះការរៀបចំទីក្រុងទីប្រជុំជន ការរៀបចំប្លង់គោល និងការងារអាទិភាពផ្សេងទៀតសំរាប់ចូលរួមកសាងសង្គមជាតិឱ្យមានវឌ្ឍនភាពរីកចម្រើន ពីព្រោះគ្មានពេលវេលាណាដែលល្អ និងសមស្របដូចពេលនេះទៀតទេ គឺក្នុងពេលដែលប្រទេសជាតិកំពុងមានសុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ៕