ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងតែជំរុញឱ្យយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលសម្រេចបានជោគជ័យ និងប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលកម្រិតខ្ពស់នាឆ្នាំ២០៥០ ខាងមុខ
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសង្កត់ធ្ងន់ថា កិច្ចការរៀបចំដែនដីគឺដល់ពេលវេលាហើយដែលយើងត្រូវកំណត់ទិសដៅឱ្យបានច្បាស់លាស់ ដើម្បីឱ្យកម្ពុជាបានធ្វើដំណើរឆ្ពោះទៅមុខ និងធ្វើយ៉ាងណាកែប្រែឱ្យកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឈានទៅប្រទេសដែលមានចំណូលខ្ពស់នាឆ្នាំ២០៥០។
ថ្លែងក្នុងវគ្គបំពាក់បំប៉នស្ដីពីការអនុវត្តការងារកសាងផែនការប្រើប្រាស់ដីឃុំ សង្កាត់ ទីប្រជុំជន ក្រុងស្រុក ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងពីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនោះមានការចុះបញ្ជីដីធ្លីបង្ហើយ និងការរៀបចំទីក្រុង ទីប្រជុំជន ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការរក្សាភាពធន់របស់ទីក្រុង ការកសាងនិងអភិវឌ្ឍន៍តំបន់ជនបទឱ្យក្លាយជាបុរីជនបទ ដែលមានគ្រប់ហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់សម្រាប់ប្រជាពលរដ្ឋងាយស្រួលរស់នៅ ក្លាយជាភូមិឋានក្សេមក្សាន្តផ្ដល់ទ្រនំសុភមង្គលសម្រាប់ប្រជាពលរដ្ឋ រក្សាបាននូវគុណតម្លៃនៃការរស់នៅរបស់ប្រជាជនគ្រប់រូបសម្រាប់ជំនាន់នេះនិងជំនាន់ក្រោយៗទៀត។
ជាមួយនេះ ឯកឧត្តម បានបញ្ជាក់ថា អ្វីដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងតែអនុវត្តនាពេលបច្ចុប្បន្ននេះគឺជាការឆ្លើយតបទៅនឹងគោលនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាដែលមានចំណុចអាទិភាពចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ហើយក្រសួងបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការដាក់ចេញនូវគោលការណ៍នានាក្នុងនោះមានការបណ្ដុះបណ្ដាលធនធានមនុស្សតាមរយៈការបើកវគ្គបំពាក់បំប៉ន ឬសិក្ខាសាលាជាដើម ដើម្បីសម្រេចបាននូវបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋទាំងនៅទីក្រុងនិងទីជនបទកុំឱ្យមានគម្លាតឆ្ងាយពីគ្នា និងជំរុញឱ្យកម្ពុជាសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនក្លាយជាប្រទេសមានចំណូលខ្ពស់នាឆ្នាំ២០៥០ ខាងមុខ៕