វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ៣ មករា ២០២៥



ក្នុងក្របខ័ណ្ឌក្រុមការងារផ្នែកសំណង់ និងអចលនទ្រព្យ “ឌ” វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំកិច្ចពិភាក្សាក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានវត្តមានអញ្ជើញចូលរួម លោកជំទាវ ជា សេរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា អ្នកឧកញ៉ាសមាជិក គណៈកម្មការប្រតិបត្តិនៃសមាគមអ្នកសាងសង់កម្ពុជា លោកជំទាវប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោកប្រធានសមាគមធនាគារកម្ពុជា លោកប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា តំណាងវិស័យឯកជន តំណាងបណ្តាស្ថាប័នធនាគារ និងស្ថាប័នពាក់ព័ន្ធ ក្នុងគោលបំណងពិភាក្សា ដើម្បី ៖
១. ស្វែងរកការសម្របសម្រួល និងរៀបចំនីតិវិធីឯកភាពក្នុងការផ្តល់លទ្ធភាពឱ្យក្រុមហ៊ុនអភិវឌ្ឍលំនៅឋាន និងទិញលំនៅឋាន ទទួលបានកម្ចីមានការប្រាក់សមរម្យទទួលយកបាន ដែលអត្រាការប្រាក់ថ្មីនេះ នឹងផ្តល់ឱ្យអតិថិជនក៏ដូចជាស្ថាប័នហិរញ្ញវត្ថុ បន្តដំណើរការទូទាត់កាន់តែមានសុវត្ថិភាព និងងាយស្រួល។
២. ស្តាប់ និងពិភាក្សាស៊ីជម្រៅជាមួយស្ថាប័នធនាគារ ហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធ ដើម្បីអនុវត្តបានជោគជ័យនូវគោលនយោបាយនេះ សំដៅផ្តល់លទ្ធភាពឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ទទួលបានផ្ទះសម្បែងសមរម្យសម្រាប់រស់នៅ។





