ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធគម្រោងតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ
ក្នុងឱកាសអញ្ជើញក្នុងពិធីសម្ពោធគម្រោងតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍លើកឡើងថា អ្វីដែលយើងឃើញចំពោះមុខនៅថ្ងៃនេះ គឺផ្តើមចេញពីការបីបាច់ថែរក្សារបស់ឪពុកម្តាយក្នុងក្រុមគ្រួសារមួយ។ ការបីបាច់ថែរក្សាកូនឱ្យទៅជាមនុស្សល្អ និងសកម្មក្នុងសង្គមនេះបានធ្វើឱ្យមានការដឹកនាំប្រែក្លាយសហគ្រាសពីលក្ខណៈគ្រួសារមកជាឧស្សាហកម្មមួយដែលបានផ្តល់ការងារ និងប្រាក់ចំណូលជាច្រើនដល់ប្រជាជនកម្ពុជា និងចូលរួមយ៉ាងសំខាន់ក្នុងការពង្រឹងខឿនសេដ្ឋកិច្ចរបស់កម្ពុជា។
ថ្ងៃនេះក្រុមហ៊ុន Golden Port SEZ Development Co., Ltd. បានឈានទៅពង្រីកការវិនិយោគបន្ថែមទៀត ហើយឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងអបអរសាទរនូវសមិទ្ធផលថ្មីនេះ។ ឯកឧត្តមបានចាត់ទុកថា វឌ្ឍនភាពរបស់ក្រុមគ្រួសារ និងមុខជំនួញរបស់ក្រុមហ៊ុននាពេលនេះ ជាការកសាងមាតុភូមិជាទីស្រឡាញ់របស់យើងដែលគាត់នឹងធ្វើឱ្យសួនឧស្សាហកម្មនេះ កំណត់បាននូវជំនាញដែលកម្ពុជាអាចធ្វើបាន និងប្រកួតប្រជែងជាមួយពិភពលោក តាមរយៈផលិតផលទាំងអស់នេះនឹងធ្វើឱ្យប្រាក់ចំណូលជាច្រើនហូរពីក្រៅប្រទេសមកកម្ពុជា ហើយដែលនឹងផ្តល់ត្រលប់មកវិញនូវការងារជាច្រើនដល់ប្រជាជនកម្ពុជាធ្វើ មានប្រាក់ចំណូល ជាពិសេសប្រជាជននៅខេត្តព្រះសីហនុ ដែលនឹងមានផលវិជ្ជមានបន្តដល់អ្នកដាំបន្លែ ផ្លែឈើ ចិញ្ចឹមសត្វយកសាច់ ដើម្បីលក់ធ្វើជាម្ហូបទទួលទាន។ល៕








