ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបន្តជួបពិគ្រោះពិភាក្សាការងារជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរពាក់ព័ន្ធ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបន្តជួបពិគ្រោះពិភាក្សាការងារជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរពាក់ព័ន្ធ ក្នុងគោលបំណងឈានទៅរៀបចំគោលការណ៍ និងផែនការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ដើម្បីពង្រឹងការធ្វើការអភិរក្សប្រាសាទ ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអ្នកស្រុកអង្គរដែលជាបេតិកភណ្ឌរស់ ហើយនិងរៀបចំថែទាំឱ្យបានដាច់ខាតនូវទស្សនីយភាពពាក់ព័ន្ធនឹងទឹក ព្រៃឈើ និងសត្វ ក្នុងតំបន់អង្គរ។




ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា ដើម្បីកសាងផែនការអនាគតក្នុងការរៀបចំតំបន់បេតិកភណ្ឌអង្គរឱ្យកាន់តែល្អប្រសើរនោះ គឺត្រូវរៀបចំផែនការប្រើប្រាស់ដីភូមិទាំង ១១៤ ភូមិ កែសម្រួលលក្ខខណ្ឌនៃការប្រើប្រាស់ដី ចុះបញ្ជីតំបន់បេតិកភណ្ឌ រៀបចំគោលនយោបាយលើកទឹកចិត្តជំរុញការអភិវឌ្ឍន៍លំនៅដ្ឋានរុនតាឯកនិងពាក់ស្នែងឱ្យបានរួចរាល់ រៀបចំគម្រោងអភិវឌ្ឍន៍សហគមន៍និងខ្សែទស្សនាទេសចរណ៍ ហើយត្រូវមានការឯកភាពគ្នាលើការគ្រប់គ្រងអភិរក្ស ការគ្រប់គ្រងប្រជាសាស្ត្រនិងការអភិវឌ្ឍន៍ផងដែរ ដែលទាំងនេះគឺជាការចាប់ផ្ដើមសារជាថ្មីម្ដងទៀតទាក់ទិនទៅនឹងការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ។



កិច្ចប្រជុំពិគ្រោះយោបល់ជាមួយអាជ្ញាធរជាតិអប្សរា និងអាជ្ញាធរដែនដីពាក់ព័ន្ធ
១៦ មករា ២០២៥

